ការិយាល័យឥណទានកម្ពុជា (CBC) បានបង្កើតកម្មវិធីទូរស័ព្ទដៃមួយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាច ពិនិត្យពិន្ទុឥណទានរបស់ខ្លួន អានរបាយការណ៍ឥណទាន និងទទួលបានសារដាស់តឿនអំពីការត្រួតពិនិត្យឥណទាន ខណៈដែលនេះជាលើកដំបូងដែល ប្រទេសកម្ពុជានឹងមានវេទិកាប្រព័ន្ធឌីជីថល បែបរួមបញ្ចូលមួយ ដែលជំរុញអោយមានពិនិត្យសុខភាពហិរញ្ញវត្ថុ ការត្រួតពិនិត្យឥណទាន និងអក្ខរកម្មហិរញ្ញវត្ថុ។
ពិន្ទុឥណទានរបស់អ្នកប្រើដែលមានចាប់ពី ១០០ ដល់ ១៧០០ គឺបានមកពីរបាយការណ៍ឥណទានបុគ្គលផ្អែកលើទិន្នន័យពីស្ថាប័នហិរញ្ញវត្ថុជាង ១៦០ ដែលជាសមាជិករបស់ CBC ដែលបានរាយការណ៍អំពីការផ្តល់ប្រាក់កម្ចីជាទៀងទាត់ទៅកាន់ការិយាល័យយោងតាមបទប្បញ្ញត្តិស្តីពីរបាយការណ៍ឥណទាន។
ពិន្ទុដែលទទួលបានគឺជាការរួមបញ្ចូលគ្នានៃរយៈពេលប្រវត្តិឥណទាន ការប្តេជ្ញាចិត្តឥណទាន ព័ត៌មាននៃការទូទាត់ និងការស្នើសុំឥណទានថ្មី ខណៈពេលដែលរបាយការណ៍ឥណទានអាចទៅដល់បុគ្គលម្នាក់ៗ។
CBC បានឲ្យដឹងថាអ្នកប្រើប្រាស់នឹងត្រូវបានផ្តល់ការត្រួតពិនិត្យឥណទានឥតគិតថ្លៃមួយដងក្នុងមួយឆ្នាំហើយបន្ទាប់មកនឹងត្រូវគិតប្រាក់ចំនួន ២ ម៉ឺនរៀល (៥ ដុល្លារ) ក្នុងមួយរបាយការណ៍ឬអាចជាវគំរូប្រចាំឆ្នាំឬប្រចាំខែ។
អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍ដោយមានជំរើសនៃកំរិតប្រេកង់ដែលពួកគេអាចត្រួតពិនិត្យឥណទានរបស់ពួកគេ ខណៈដែលប្រជាជនកម្ពុជានឹងយល់ពីសកម្មភាពនេះកាន់តែច្បាស់នាពេលខាងមុខ។ ជាមួយនឹងភាពងាយស្រួលនៃការប្រើប្រាស់ កម្មវិធីទូរស័ព្ទដៃ CBC សង្ឃឹមថាអ្នកប្រើប្រាស់នឹងអាចរក្សាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ និងទម្លាប់ល្អក្នុងការគ្រប់គ្រងឥណទាន ការរៀបចំចាប់យកឱកាសនៃហិរញ្ញវត្ថុ និងបង្ហាញពីឥណទានរបស់ខ្លួន ពង្រឹងអំណាចក្នុងការចរចារបស់ពួកគេ ខណៈពេលដែលមានការកែលម្អភាពត្រឹមត្រូវ នៃព័ត៌មានឥណទានរបស់ពួកគេ តាមរយៈសេវាកម្មដោះស្រាយ ជម្លោះតាមប្រព័ន្ធអ៊ីនធឺណិត។
កម្មវិធីនេះក៏ផ្តល់ជូននូវសម្ភារសម្រាប់សិក្សា និងធនធានស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងព័ត៌មានថ្មីៗពីទីផ្សារឥណទាន និងនិន្នាការដែលកំពុងមានភាពពេញនិយម ក្នុងវិស័យហិរញ្ញវត្ថុផងដែរ។
ប្រធាននាយកប្រិត្តិបត្តិ ក្រុមហ៊ុន CBC លោក អឿ សុធារ័ត្ន បានលើកឡើងថា «ការផ្តល់ជូនប្រជាជនកម្ពុជា នូវចំណេះដឹងនៃពត៌មានខាងឥណទាន ដែលមានភាពសុក្រឹត្យ និងទាន់ពេលវេលា គឺជាជំហានមួយដ៏សំខាន់ក្នុងការវិវឌ្ឍន៍ និងពង្រឹងវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា»។
លោកបានបន្តថា របាយការណ៍ត្រីមាសចុងក្រោយបំផុតរបស់យើង បានបង្ហាញថាកម្ចីទិញផ្ទះកើនឡើងដល់១៨ភាគរយ ចាប់តាំងពីចុងឆ្នាំ២០១៩ រហូតដល់ ៤.៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក នៅចុងខែកញ្ញានាឆ្នាំនេះ។ ដូច្នេះហើយ យើងត្រូវប្រាកដថា នៅពេលដែលប្រជាជនកម្ពុជា កាន់តែច្រើនទទួលបានភាពចល័តខាងសេដ្ឋកិច្ច និងការខ្ចីប្រាក់កាន់តែច្រើន ដើម្បីបង្កើនផលប័ត្រទ្រព្យសម្បត្តិ ពួកគេក៏ត្រូវបានផ្តល់ជូន នូវឧបករណ៍ ដើម្បីគ្រប់គ្រងឥណទានរបស់ពួកគេ ដែលប្រកបដោយទំនួលខុសត្រូវខ្ពស់ ក្នុងការសងប្រាក់កម្ចី។ កម្មវិធីទូរស័ព្ទ CBC មានតួនាទីជំរុញការរីកចម្រើន ប្រកបដោយស្ថេរភាព និងចីរភាពតាមរយៈតម្លាភាព។
ជាមួយគ្នានេះផងដែរ ធនាគារជាតិនៃកម្ពុជាក៏បានទទូចដល់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងវិស័យហិរញ្ញវត្ថុពីសារៈសំខាន់នៃជំនាញអក្ខរកម្មហិរញ្ញវត្ថុនិងលើកទឹកចិត្តឱ្យប្រជាជនកាន់តែច្រើនទទួលបានអត្ថប្រយោជន៍ពីសេវាកម្មហិរញ្ញវត្ថុ។
ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ទី ១៣៥ ក្នុងចំណោមប្រទេសជាង ១៤០ នៅក្នុងការស្ទង់មតិអក្ខរកម្មហិរញ្ញវត្ថុសកលឆ្នាំ ២០១៥ 2015 Global Financial Literacy ដែលធ្វើឡើងដោយ Standard & Poor’s Ratings Services។
ការស្ទង់មតិនេះត្រូវបានពិពណ៌នាថាជាការថ្លឹងថ្លែងនៃចំណេះដឹងហិរញ្ញវត្ថុនៅទូទាំងពិភពលោក។ នៅក្នុងការស្ទង់មតិនោះ មានតែប្រជាជនពេញវ័យនៅកម្ពុជាចំនួន ១៨ ភាគរយប៉ុណ្ណោះដែលត្រូវបានគេចាត់ទុកថាមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា