cellcard cellcard cellcard

ការ​រំលូត​កូន​មាន​ការ​កើន​ឡើង​នៅ​កម្ពុជា ខណៈ​សម្ពាធ​សង្គម​មានការ​ថយចុះ​

Rhea Mae Soco / Khmer Times Share:
​កម្ម​ការី​រោងចក្រ​មាន​ផ្ទៃពោះ​ម្នាក់​ដើរទៅ​ផ្ទះ​បន្ទាប់ពី​បញ្ចប់​ការងារ​នៅ​ភ្នំពេញ​។ KT/​ប៉ាន់ រចនា​

​អង្គការ​ម៉ា​រី​ស្តូប​អន្តរជាតិ​កម្ពុជា ដែលជា​អង្គការ​លើកកម្ពស់​សុខ​ភាព​របស់​ស្ត្រី​បាន​លើកឡើងថា​ប្រជាជន​កម្ពុជា​កាន់តែច្រើន​បានទទួល​យកគំនិត​នៃ​ការ​រំលូតកូន​ដោយ​សុវត្ថិភាព ​បើទោះជា​ប្រឈម​និង​ការ​មាក់ងាយ​ពី​សង្គម​ខាងក្រៅ​ក៏ដោយ​។​

​អត្រា​ប្រេ​វ៉ាឡង់​នៃ​ការ​រំលូតកូន​បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​ស្ត្រី​ដែលមាន​អាយុ​ចន្លោះ​ពី ១៥-៤៩ ពី ៥ ភាគរយ​ក្នុង​ឆ្នាំ ២០១០ ដល់ ៧ ភាគរយ​ក្នុង​ឆ្នាំ ២០១៤ ផ្អែកលើ​ការស្ទង់មតិ​សុខភាព​ប្រជាសាស្ត្រ​នៅ​កម្ពុជា​។​

​លោកស្រី Camille Tijamo នាយិកា​ប្រតិ​ប​តិ្ត​នៃ​អង្គការ​ម៉ា​រី​ស្តូប​បាន​និយាយថា លំហូរ​នៃ​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​គឺជា​ហេតុផល​ដ៏​សំខាន់​មួយ​សម្រាប់​ការកើនឡើង​ចំនួន​នៃ​ការ​រំលូតកូន​។ ស្ត្រី​មកពី​ខេត្ត​ផ្សេងៗ​គ្នា​មក​រាជធានី​ដើម្បី​ធ្វើការ​នៅតាម​រោងចក្រ​ប៉ុន្តែ​នៅពេល​មាន​ផ្ទៃពោះ​ដោយ​មិនបាន​រំពឹងទុក​ពួកគេ​ជ្រើសរើស​រំលូតកូន​ចោល​។​

​ច្បាប់​បានចែង​ថា វា​ជាការ​ស្របច្បាប់​សម្រាប់​ស្ត្រី​ក្នុងការ​ស្វែងរក​ការ​រំលូតកូន​រហូតដល់​ស​ប្តា​ហ៍​ទី ១២ នៃ​ការ​មាន​ផ្ទៃពោះ​។ មាន​កាលៈទេសៈ​ដែល​ក្នុង​រយៈពេល​ជាង ១២ សប្តាហ៍​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ច្បាប់​ប្រសិនបើ​វា​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឬ​សុខភាព​របស់​ស្ត្រី ដែលជា​លទ្ធផល​នៃ​ការចាប់រំលោភ​ឬ​ប្រសិនបើ​កុមារ​អាច​កើតមក​មាន​ជំងឺ​ដែល​មិនអាច​ព្យាបាល​បាន​។ ចំពោះ​ស្ថានភាព​ទាំងនេះ​បុគ្គលិក​ពេទ្យ​ពីរ​នាក់​ត្រូវបាន​គេ​តម្រូវ​ឲ្យ​អនុម័ត​ការ​រំលូតកូន​។​

​លោកស្រី Tijamo បាន​ពន្យល់ថា មានការ​រំលូតកូន​ដោយ​សុវត្ថិភាព​ចំនួន​ពីរ​ប្រភេទ​ដែល​ត្រូវបាន​ផ្តល់ជូន​នៅក្នុង​ប្រទេស​កម្ពុជា​គឺ ដោយ​លេបថ្នាំ​និង​វះកាត់​។ ប្រភេទ​លេបថ្នាំ​គឺ​ប្រើ​ថ្នាំ​គ្រាប់​ហើយ​ត្រូវបាន​ប្រើ​រហូតដល់ ៩ សប្តាហ៍​នៃ​ការ​មាន​ផ្ទៃពោះ រីឯ​វិធីសាស្ត្រ​វះកាត់​ដែល​ប្រើ​ឧបករណ៍​បូម​ដោយ​ដៃ​គឺមាន​រយៈពេល​រហូតដល់ ១២ សប្តាហ៍​។​

​លោកស្រី​ថា​៖ «​យើង​ផ្តល់​ជម្រើស​សម្រាប់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រោងទុក​។ ការ​មានកូន​គឺជា​ជម្រើស មិនមែនជា​ឱកាស​ទេ​»​។​

​ទោះយ៉ាងណា សម្ពាធ​សង្គម​នៅក្នុង​ប្រទេស​កម្ពុជា​នៅតែ​ជា​បញ្ហា​ធំ​។​

​លោកស្រី មាស សា​អ៊ី​ម អនុប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​នៃ​សមាគម​អាដហុក​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ថា​ស្ត្រី​តែងតែ​ត្រូវបាន​គេ​រើសអើង​នៅពេល​ពួកគេ​ជ្រើសរើស​ការ​រំលូតកូន​ជាពិសេស​ប្រសិនបើ​ពួកគេ​នៅ​លីវ​។​

​មិន​ថា​វា​ទាក់ទង​នឹង​ព្រះពុទ្ធសាសនា​រឺ​បញ្ហា​គ្រួសារ​ទេ ស្ត្រី​ដែល​មិនទាន់​រៀបការ​កំពុង​ត្រូវគេ​មើលងាយ​ប្រសិនបើ​ពួកគេ​ជ្រើសរើស​ការ​រំលូតកូន​ព្រោះ​វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​អំពើ​បាប​។​

​ក្នុង​ករណីខ្លះ ស្ត្រី​បន្ត​ការ​មាន​ផ្ទៃពោះ​របស់​ពួកគេ​បន្ទាប់មក​បោះបង់ចោល​ទារក​ទើបនឹង​កើត ដោយ​សង្ឃឹមថា​មាន​មនុស្ស​ផ្សេងទៀត​នឹង​មើលថែរក្សា​ជំនួស​។​

​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ទារក​ទើបនឹង​កើត​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅ​ខាងក្នុង​កាបូប​ដាក់​សំរាម​នៅ​វត្ត​ស្រះចក​ក្បែរ​វត្តភ្នំ​ក្នុង​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។ ផ្អែកលើ​ការស៊ើបអង្កេត​ដែល​ធ្វើឡើង​ដោយ​ប៉ូលីស​និង​អង្គភាព​ការពារ​កុមារ (CPU) ទារក​ត្រូវបាន​ទុកចោល​នៅក្នុង​ថង់​សំរាម​។ នេះ​ជាការ​បន្ថែម​ទៅលើ​ទារក​ទើបនឹង​កើត​ដែល​បាន​ស្លាប់​ដែល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ប្រអប់​កេស​នៅ​វិទ្យាល័យ​វត្តភ្នំ​។​

​ភាពស្របច្បាប់​នៃ​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​ត្រូវបាន​ណែនាំ​ក្នុង​ឆ្នាំ ១៩៩៧ ។ បន្តិច​ម្តងៗ​ចំនួន​ស្ត្រី​ដែល​ជ្រើសរើស​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​កំពុង​កើនឡើង​ខ្ពស់​។​

​លោកស្រី Tijamo បាន​បន្ថែមទៀតថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ការយល់ឃើញ​អំពី​ការ​រំលូតកូន​បាន​ផ្លាស់ប្តូ​រហើយ​មនុស្ស​ជំនាន់​ក្រោយ​កំពុង​ទទួលយក​គំនិត​នៃ​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​។​

​លោកស្រី​បាន​និយាយថា​៖ «​យើង​ចង់​ប្រាប់​ពួកគេ​ថា​ពួកគេ​មិន​នៅ​ម្នាក់ឯង​ក្នុង​ដំណើរ​នេះ​ទេ​»​។​

​ក្រុម​របស់​អ្នកស្រី​ក៏​ផ្តល់​ការអប់រំ​ផ្លូវភេទ​និង​អប់រំ​បន្ត​ពូជ​នៅតាម​តំបន់​ផ្សេងៗ​គ្នា​ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅតាម​សាលារៀន​ដែល​គ្រូ​មិនមាន​ភាពងាយស្រួល​ក្នុងការ​និយាយ​ពី​ប្រធានបទ​នេះ​ជាមួយ​សិស្ស នោះ​ពីព្រោះ​នៅតែមាន​អ្នក​ផ្សេងទៀត​ដែល​មិនទាន់​អាច​ទទួលយក​គំនិត​នេះ​បាន​ទាំងស្រុង​។​

​អ្នក​បម្រើសេវា​ផ្លូវភេទ​មួយចំនួន​បាន​រាយការណ៍​អំពី​ការសំរេចចិត្ត​បញ្ឈប់​ការ​មាន​ផ្ទៃពោះ​ដែល​មិនបាន​រំពឹងទុក​ដើម្បី​រក្សា​ការងារ​របស់​ពួកគេ​។ នៅពេលដែល​អ្នកគ្រប់គ្រង​រកឃើញថា​ពួកគេ​មាន​ផ្ទៃពោះ​ពួកគេ​នឹងត្រូវ​បញ្ឈប់​ពី​ការងារ​ដោយ​ស្វ័យប្រវត្តិ​ព្រោះ​វា​នឹង​ប៉ះពាល់​ដល់​ការងារ​របស់​ពួកគេ​។​

​លោកស្រី​បាន​និយាយថា​៖ «​ពួកគេ​មាន​ជម្រើស​។ វា​ជា​រាងកាយ​របស់​ពួកគេ​។ ពួកគេ​ត្រូវ​ដឹងថា​ពួកគេ​មាន​ជម្រើស​សុវត្ថិភាព​»​។​

​ទន្ទឹមនឹងនេះ​មជ្ឈមណ្ឌល​ធនធាន​ស្ត្រី​បាន​រាយការណ៍​ថា​ពួកគេ​ផ្តល់​សិក្ខាសាលា​ដល់​ក្មេងស្រី​អំពី​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​។ នេះ​គឺ​ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​នូវ​ចំណេះដឹង​ទូលំទូលាយ​អំពី​ការ​រំលូតកូន​នៅពេល​ពួកគេ​នៅ​ក្មេង​និង​ដើម្បី​បង្ហាញ​ពី​ហានិភ័យ​នៃ​ការ​រំលូតកូន​ដែល​មិនមាន​សុវត្ថិភាព​ដែល​អ្នកស្រុក​ហៅថា ការ​រំលូត ។​

​ស្ត្រី​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារតែ​ការ​មាន​ផ្ទៃពោះ​មិនបាន​គ្រោងទុក​ត្រូវបាន​លើកទឹកចិត្ត​ឲ្យ​ទាក់ទង​ទៅ​អង្គការ​ពាក់ព័ន្ធ​ដើម្បី​សុំ​ជំនួយ​តាមរយៈ​ការជជែក​តាមរយៈ​កម្ម​វិធី​ផ្ញើ​សារ​នានា និង​ហ្វេ​ស​ប៊ុ​ក​៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

ការិយាល័យ​ឥណទាន​កម្ពុជា បើក​ដំណើរការ​កម្មវិធី​តាម​ទូរស័ព្ទដៃ​ដើម្បី​លើក​កម្ពស់​តម្លាភាព​ឥណទាន​

Next Article

ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​នៅតែ​ជា​រឿង​អាទិភាព​សម្រាប់​រដ្ឋាភិបាល​