រដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ / ជំងឺអេដស៍ ហើយថ្ងៃនេះគឺជាទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីកត់សម្គាល់ព្រឹត្តិការណ៍នេះនិងដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយយុទ្ធនាការសកលប្រឆាំងនឹងជំងឺអេដស៍ក្រោមប្រធានបទ សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា។
យោងតាមសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីដែលបានចុះហត្ថលេខាកាលពីថ្ងៃពុធ រដ្ឋាភិបាលនៅតែចាត់ទុកមេរោគអេដស៍ / ជំងឺអេដស៍ជាអាទិភាពខ្ពស់ព្រោះវាជាការគំរាមកំហែងដល់សុខភាពសាធារណៈ ការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។
លោកបាននិយាយថា៖ «រាជរដ្ឋាភិបាលនឹងបន្តចាត់វិធានការទាំងអស់ដែលអាចធ្វើទៅបានដើម្បីសម្រេចគោលដៅរបស់ខ្លួន»។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានអះអាងថាគោលដៅរបស់ប្រទេសកម្ពុជាគឺមិនមានការឆ្លងមេរោគអេដស៍ថ្មីលើសពីមួយក្នុងមួយថ្ងៃនិងមិនមានមនុស្សស្លាប់ច្រើនជាងបីនាក់ក្នុងមួយថ្ងៃដោយសារជំងឺនេះ។
កម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) បានកំណត់គោលដៅ ៩០-៩០-៩០ ថានៅឆ្នាំ ២០២០ ៩០ ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍នឹងដឹងពីស្ថានភាពមេរោគអេដស៍របស់ពួកគេ ៩០ ភាគរយនៃមនុស្សទាំងអស់ដែលបានធ្វើរោគវិនិច្ឆ័យថាមានផ្ទុកមេរោគអេដស៍និងទទួលការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគដោយនិរន្តរភាពហើយ ៩០ ភាគរយនៃមនុស្សទាំងអស់ដែលទទួលការព្យាបាលដោយថ្នាំប្រឆាំងវីរុសនឹងមានការបង្ក្រាបវីរុស។
រហូតមកដល់ពេលនេះប្រទេសកម្ពុជាសម្រេចបានគោលដៅ ៩០-៩០-៩០ ហើយកំពុងឈានដល់គោលដៅ ៩៥-៩៥-៩៥ ប៉ុន្តែលោក ហ៊ុន សែន បាននិយាយថាកុំមានមោទនភាពចំពោះរឿងនេះឆាប់ពេក។
លោកបានបន្ថែមថា៖ «យើងមិនត្រូវភ្លេចនិងពេញចិត្តចំពោះសមិទ្ធិផលរបស់យើងទេ ពីព្រោះចាប់តាំងពីការរីករាលដាលនៃមេរោគអេដស៍ក្នុងទសវត្សឆ្នាំ ១៩៨០ ពិភពលោកមិនទាន់បានរកឃើញវ៉ាក់សាំងឬថ្នាំដើម្បីព្យាបាលជំងឺអេដស៍នៅឡើយទេ»។
លោកបានបន្តថា៖ «មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ១២ ០០០ នាក់ដែលមិនទាន់បានវិលត្រឡប់មកពិនិត្យឈាមដើម្បីពិនិត្យស្ថានភាពមេរោគអេដស៍របស់ពួកគេឡើងវិញទេ ហើយអ្នកជំងឺអេដស៍មួយចំនួនបានសម្រេចចិត្តបោះបង់ការព្យាបាលរៀងៗខ្លួន។ ក្រុមខ្លះរួមទាំងអ្នកបម្រើសេវាកំសាន្ត អ្នកញៀនគ្រឿងញៀន បុរសដែលរួមភេទជាមួយបុរស និងអ្នកកែរភេទនៅតែងាយនឹងឆ្លង។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានចេញផ្សាយរបាយការណ៍ឆ្នាំ ២០១៩ របស់ខ្លួនដោយបញ្ជាក់ថាមនុស្សសរុប ១ ៣០០ នាក់បានស្លាប់ដោយសារជំងឺនេះនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុន។
យោងតាមរបាយការណ៍នេះ មនុស្សសរុបចំនួន ៧៣ ០០០ នាក់កំពុងរស់នៅជាមួយមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុននិង ៦១ ១៩៣ នាក់បានទទួលការព្យាបាលដោយថ្នាំប្រឆាំងនឹងមេរោគអេដស៍។
របាយការណ៍បាននិយាយថា អត្រាប្រេវ៉ាឡង់នៃមនុស្សដែលមានអាយុចន្លោះពី ១៥ ទៅ ៤៩ ឆ្នាំគឺមាន ០,៥ ភាគរយហើយមានករណីថ្មីចំនួន ៧៨០ ករណីនៅក្នុងក្រុមអាយុនេះកាលពីឆ្នាំមុន។
របាយការណ៍បន្តថា អត្រាអ្នកផ្ទុកមេរោគអេដស៍ក្នុងចំណោមអ្នកបម្រើសេវាកំសាន្តគឺ ៣,២ ភាគរយអ្នកប្រើគ្រឿងញៀន ៥,៧ ភាគរយអ្នកចាក់គ្រឿងញៀន ១៥,២ ភាគរយបុរសរួមភេទជាមួយបុរស ៤ ភាគរយនិងអ្នកប្តូរភេទមាន ៩,៦ ភាគរយ។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានប្រាប់កាសែតខ្មែរថាមស៍ថា ប្រទេសកម្ពុជាកំពុងស្ថិតនៅលើផ្លូវវិជ្ជមានប្រឆាំងនឹងជំងឺអេដស៍ប៉ុន្តែនៅតែមានការងារត្រូវធ្វើ។
ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ត្រូវបានប្រារព្ធឡើងដំបូងក្នុងឆ្នាំ ១៩៨៨។ ជារៀងរាល់ឆ្នាំអង្គការនិងបុគ្គលទូទាំងពិភពលោកយកចិត្តទុកដាក់លើការរីករាលដាលនៃមេរោគអេដស៍ ការខិតខំបង្កើនការយល់ដឹងនិងចំណេះដឹងអំពីមេរោគអេដស៍ ការនិយាយប្រឆាំងនឹងការមាក់ងាយមេរោគអេដស៍និងអំពាវនាវឲ្យមានការឆ្លើយតបកើនឡើងដើម្បីឆ្ពោះទៅរកការបញ្ចប់ការរាតត្បាតនៃមេរោគអេដស៍៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី