cellcard cellcard cellcard

លោក កឹម សុខា៖ មានការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះទឹកជំនន់របស់ខ្លួន

បែន សុខហ៊ាន / Khmer Times Share:
លោក កឹម សុខា ចុះចែកអំណោយដល់អ្នកភូមិក្នុងខេត្តក្រចេះកាលពីថ្ងៃពុធ។ ហ្វេសប៊ុក

លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងស្ថិតក្នុងការជំនុំជម្រះពីបទក្បត់ជាតិ បាននិយាយថាដំណើររយៈពេល ៣ ថ្ងៃរបស់លោកទៅកាន់ខេត្តភាគខាងជើង ដើម្បីចែកចាយអំណោយ
គឺស្ថិតនៅក្រោមការឃ្លាំមើលនិងការរាំងស្ទះ ជាការអះអាងដែលត្រូវបានច្រានចោលដោយមន្រ្តី។

 

ទោះយ៉ាងណាលោក​ សុខា បានកោតសរសើរដល់មន្រ្តីមូលដ្ឋានមួយចំនួនដែលបានជួយសម្រួលដល់ដំណើររបស់លោកក្នុងការបរិច្ចាគអាហារនិងសម្ភារផ្គត់ផ្គង់ដល់អ្នកភូមិក្នុងខេត្តចំនួន ៤ ។

នៅព្រឹកថ្ងៃពុធលោក កឹម សុខា និងសហការីបានទៅខេត្តក្រចេះដែលលោកបានផ្តល់គ្រាប់ពូជចំនួន ៤ ០០០ គីឡូក្រាមដល់ប្រជាកសិករក៏ដូចជាសហគមន៍ចាមមូស្លីមដែលរងគ្រោះដោយសារទឹកជំនន់ថ្មីៗនេះនៅស្រុកស្ទោង។

ពេលរសៀល លោក សុខា បានធ្វើដំណើរទៅខេត្តស្ទឹងត្រែងជាកន្លែងដែលគាត់បានជួបជាមួយជនជាតិដើមភាគតិចដើម្បីបរិច្ចាគអាហារនិងសម្ភារៈផ្គត់ផ្គង់នៅក្នុងស្រុកថាឡាបរិវ៉ាត។ លោកបានទៅស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកាលពីថ្ងៃព្រហស្បតិ៍ហើយបន្ទាប់មកនៅខេត្តមណ្ឌលគិរីនៅថ្ងៃសុក្រ។

នៅក្នុងការបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃសៅរ៍លោក កឹម សុខា បាននិយាយថាដំណើររយៈពេល
៣ ថ្ងៃរបស់លោកទៅកាន់ខេត្តនានាកាលពីសប្តាហ៍មុនបានជួបជាមួយនឹងប្រតិកម្មវិជ្ជមានផង និងអវិជ្ជមានផង។

ចំពោះភាពវិជ្ជមានវិញ លោកបាននិយាយថា នៅកន្លែងខ្លះអាជ្ញាធរមូលដ្ឋានបានសហការគ្នាយ៉ាងល្អក្នុងនោះមានទាំងការសម្រួលអោយប្រជាជនជួបនិងទទួលអំណោយពីគាត់ដោយគ្មានការភ័យខ្លាច។

ទោះយ៉ាងណា លោកនិយាយថា នៅកន្លែងខ្លះអាជ្ញាធរមូលដ្ឋានបានណែនាំគាត់អោយសុំការអនុញ្ញាតពីថ្នាក់លើជាមុនសិនមុននឹងអនុញ្ញាតអោយគាត់បរិច្ចាគអាហារនិងសម្ភារផ្គត់ផ្គង់ដល់អ្នកភូមិ។

នៅកន្លែងខ្លះ ប៉ូលីសនិងកងរាជអាវុធហត្ថក្នុងឯកសណ្ឋានបានមកការពារនិងរៀបចំសណ្តាប់ធ្នាប់
សាធារណៈសម្រាប់ប្រជាជនរួមទាំងមនុស្សចាស់ជរា ស្ត្រី និងកុមារដើម្បីទទួលបានជំនួយ។

លោកបន្តថា៖ «ប៉ុន្តែមន្ត្រីអនុវត្តច្បាប់មួយចំនួនដែលមិនពាក់ឯកសណ្ឋានបានជិះម៉ូតូនិងរថយន្តដើម្បីធ្វើការឃ្លាំមើលនៅស្ទើរតែគ្រប់ខេត្ត។ ពួកគេបានថតរូបសកម្មភាពរបស់គាត់ដែលបណ្តាលអោយមានការព្រួយបារម្ភនិងភ័យខ្លាចដល់ប្រជាជន»។

ទោះយ៉ាងណា លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកកាលពីថ្ងៃសៅរ៍ថា សកម្មភាពរបស់អាជ្ញាធរមូលដ្ឋានបានអនុលោមតាមលក្ខខណ្ឌនៅក្រៅឃុំរបស់សាលាដំបូងរាជធានីដែលបានដាក់លើលោក សុខា ចំពេលរឿងក្តីកំពុងដំណើរការ។

លោក ម៉ែន គង់ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានច្រានចោលការអះអាងរបស់លោក​ កឹម សុខា ដោយនិយាយថាមន្ត្រីមូលដ្ឋានបានសហការល្អជាមួយអ្នកនយោបាយទាំងអស់ដែលចង់ផ្តល់ជំនួយមនុស្សធម៌រួមទាំងលោក សុខា ផងដែរ។

លោកបន្តថា​៖ «គាត់នៅតែអាចចែកអំណោយរបស់គាត់ដល់ប្រជាជនដូចធម្មតាយើងមិនបានរារាំងឬរំខានដល់សកម្មភាពមនុស្សធម៌របស់គាត់ទេ»៕  ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

នាយករដ្ឋមន្រ្តីអំពាវនាវឲ្យធ្វើឌីជីថលនីយកម្មកាន់តែច្រើននៅទូទាំងតំបន់

Next Article

មនុស្សជាង ១០០ នាក់ពុលស្រាស និង ទឹកអណ្តូង ស្លាប់ ៦ នាក់