cellcard cellcard cellcard

រដ្ឋាភិបាលណែនាំឲ្យកសិករដាំបន្លែបន្ថែមទៀតដើម្បីបំពេញដល់តម្រូវការក្នុងស្រុក

ស សុជាតិ / Khmer Times Share:
បន្លែត្រូវបានដាំដុះក្នុងចំនួនច្រើននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុកនោះទេ។ KT/ជរ សុគន្ធា

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងទិវា​ជាតិ​អាហារូបត្ថម្ភ លើកទី៧ ដែលធ្វើឡើងក្នុងខេត្តកំពង់ចាមបានឲ្យដឹងថា ការដាំបន្លែនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសមួយនេះមិនអាចបញ្ចប់ការនាំចូលបានទេពីព្រោះការប្រើប្រាស់ក្នុងស្រុកមានទំហំធំជាងផលិតកម្ម។

លោកថ្លែងថាក្រសួងនិងអ្នកពាក់ព័ន្ធទាំងអស់នានាកំពុងធ្វើការរួមគ្នាដើម្បីលើកទឹកចិត្តដល់កសិករក្នុងតំបន់ឱ្យដាំបន្លែបន្ថែមទៀត។

លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះសន្ទុះនៃការដាំដុះបន្លែនៅទូទាំងប្រទេស
កម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ប្រមាណជា ៦០ ០០០ ហិកតា។

លោកថា៖ «ទិន្នផលបន្លែរបស់យើងបានឈានដល់ចំនួន ៦៤០ ០០០ តោនក្នុងមួយឆ្នាំ ខណៈ
ដែលតម្រូវការបន្លែរបស់យើងមានប្រមាណជា ៨៥០ ០០០ តោនក្នុងមួយឆ្នាំ»។

ស៊ុម សុភា ជាអាជីវករលក់បន្លែនៅផ្សារដើមគរមួយរូបបានថ្លែងថា៖ «កសិករកម្ពុជាភាគច្រើនដាំបន្លែតាមបែបប្រពៃណីដែលអាស្រ័យលើអាកាសធាតុនិងតាមរដូវកាល ដូច្នេះពួកគេមិនអាចផ្គត់ផ្គង់ដល់តម្រូវការទីផ្សារបានគ្រប់គ្រាន់នោះទេ»។

អ្នកស្រីបន្ថែមថា៖ «កសិករក្នុងស្រុករបស់យើងភាគច្រើនទើបតែចាប់ផ្តើមដាំម្ទេស ប៉ុន្តែអតិថិជនរបស់យើងត្រូវការម្ទេសរាល់ថ្ងៃ ដូច្នេះខ្ញុំត្រូវតែទិញម្ទេសដែលនាំចូលពីប្រទេសវៀតណាម»។

យោងតាមអ្នកស្រី ស៊ុម សុភា បន្លែជាច្រើនប្រភេទដែលត្រូវបាននាំចូលពីក្រៅប្រទេសដែលរួមមានប្រទេសវៀតណាម ថៃ និងចិន។

អ្នកស្រីបន្ថែមថាដំណាំដែលកសិករក្នុងតំបន់អាចដាំដុះនិងផ្គត់ផ្គង់ដល់ទីផ្សារប្រចាំថ្ងៃបានគឺបន្លែប្រភេទស្លឹកដែលភាគច្រើនមានដូចជាសាឡាត់ ត្រកួន និងជី ខណៈដែលទំនិញមួយចំនួនដូចជាប៉េងប៉ោះ និង ម្ទេសអាចដាំបានតាមរដូវកាល ហើយការ៉ុត ដំឡូងបារាំង និងខ្ទឹមបារាំងត្រូវការ
នាំចូល។

លោក មាស ពិសិទ្ធ ជានាយកកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) មានប្រសាសន៍ថាដោយមានការគាំទ្រពីរដ្ឋាភិបាលនិងម្ចាស់ជំនួយ កម្មវិធីនេះកំពុងណែនាំបច្ចេកវិទ្យាកសិកម្មថ្មីដល់កសិករក្នុងស្រុក។

លោកថ្លែងថា៖ «ដំបូង កម្មវិធី ASPIRE ត្រូវបានផ្តួចផ្តើមសម្រាប់ខេត្តសាកល្បងចំនួន ៥ ដែលរួមមានខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ព្រះវិហារ និងក្រចេះ ប៉ុន្តែបច្ចុប្បន្ននេះ ខេត្តទាំងអស់
ត្រូវបង្កើនភាពធន់របស់កសិករខ្នាតតូចដែលក្រីក្រនិងងាយរងគ្រោះនៅក្នុងព្រះរាជាណាចក្រ»។

កម្មវិធី ASPIRE និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែមានកិច្ចខិតខំប្រឹងប្រែង
ក្នុងការផ្តល់បច្ចេកវិទ្យាកសិកម្មដល់កសិករក្នុងស្រុកគ្រប់អនុវិស័យដើម្បីប្រយុទ្ធនិងបំបាត់ឧបសគ្គចំពោះការចែកចាយផលិតផលទីផ្សារសម្រាប់កសិករខ្នាតតូច។

លោកបានគូសបញ្ជាក់ថា កម្មវិធីមានគោលបំណងក្នុងការកំណត់ក្រុមអ្នកផលិតនៅតាម
ខេត្តសម្រាប់ពាណិជ្ជករ វិនិយោគិន និងវិស័យឧស្សាហកម្ម ទីផ្សារជាតិ តំបន់ និងសាជីវកម្ម។

ជាមួយគ្នានេះផងដែរ លោក វេង សាខុន បានបន្ថែមថាកិច្ចខិតខំក្នុងការបង្កើនផលិតកម្មកសិកម្មនៅកម្ពុជានៅតែជាបញ្ហាប្រឈម។ ទោះជាយ៉ាងណាក៏ដោយ ក្រសួងនិងរដ្ឋាភិបាលនឹងបន្តខិតខំដោះស្រាយរាល់បញ្ហាដើម្បីជួយដល់កសិករក្នុងការបង្កើនសមត្ថភាពផលិតកម្មរៀងៗខ្លួន៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​កូវីដ​-១៩ ក្នុង​សហគមន៍​ដែល​នាំ​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៧គិត​ត្រឹម​ព្រឹក​នេះ

Next Article

នាយករដ្ឋមន្រ្តីអំពាវនាវឲ្យធ្វើឌីជីថលនីយកម្មកាន់តែច្រើននៅទូទាំងតំបន់