cellcard cellcard cellcard

គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពតបញ្ចប់បានចំនួន ៥៥ ភាគរយ

Jason Boken / Khmer Times Share:
គម្រោងប្លង់កំពង់ផែសមុទ្រមួយផ្សេងទៀតដែលមានទីតាំងនៅក្នុងតំបន់ទឹកឈូខេត្តកំពត។ សហការី

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា គម្រោងកំពង់ផែទេសចរណ៍ថ្មីរបស់ខេត្តកំពតបានឈានដល់ការបញ្ចប់ចំនួន ៥៥ ភាគរយហើយ។ ទោះជាយ៉ាងណាក៏ដោយ ការរៀបចំឡើងវិញបានបណ្តាលឱ្យមានការពន្យារពេលបន្ថែមទៀតចំពោះគម្រោងនេះដែលបណ្ដាលមកពីករណីនៃវីរុសកូវីដ១៩។

គម្រោងដែលមានទំហំទឹកប្រាក់ចំនួន ៨ លានដុល្លារពីប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលគ្រោងនឹងបញ្ចប់និងបើកឱ្យដំណើរការនៅចុងឆ្នាំ ២០២១ បច្ចុប្បន្នត្រូវបានគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ ២០២២ វិញ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

ប្រធាននាយកដ្ឋានរចនាសម័្ពន្ធផ្លូវទឹក និងសំណង់កំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូនលោក ហេង សុធី បានមានប្រសាសន៍​ថា៖ «យើងបានសំរេចចិត្តក្នុងរៀបចំការរចនាឡើងវិញនូវអាគារស្ថានីយ ខណៈដែលការរចនាដំបូងត្រូវបានសង្កេតឃើញថាមានកង្វះខាតដែលតម្រូវឲ្យមានការរចនា និងផែនការបន្ថែមសម្រាប់លក្ខណៈពិសេសនៃរចនាសម្ព័ន្ធផ្សេងៗគ្នា»។

លោកថា៖ «ការសាងសង់រចនាសម្ព័ន្ធនៃគម្រោងទាំងមូលត្រូវបានរំពឹងថា នឹងបញ្ចប់នៅត្រីមាសទី ៣ ឆ្នាំ ២០២១ ហើយគម្រោងនេះត្រូវបានរំពឹងថានឹងបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ ២០២១»។

ស្ថិតនៅក្នុងស្រុកទឹកឈូ កំពង់ផែនេះមានបណ្តោយ ៣០០ ម៉ែត្រនិងមានសមត្ថភាពអាចផ្ទុកនាវាដឹកអ្នកដំណើរបានពី ៣០០ ទៅ ៤០០ នាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតមានប្រសាសន៍ថា៖ «នៅពេលដែលទីតាំងកំពង់ផែបានបញ្ចប់និងដាក់ឱ្យដំណើរការសេវាកម្ម វានឹងចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្តជាពិសេសតាមរយៈកញ្ចប់ទេសចរណ៍ដែលភ្ជាប់ខេត្តកំពតជាមួយគោលដៅនៅប្រទេសវៀតណាមនិងថៃ»។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីស្តីពីទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គ (GMS) បានឲ្យដឹងថាកំពង់ផែសមុទ្រនេះត្រូវបានរំពឹងថានឹងផ្តល់សេវាទេសចរណ៍អន្តរជាតិនិងក្នុងស្រុកចំនួន ៣៦០ ០០០ នាក់ក្នុងមួយឆ្នាំនៅពេលដែលទីតាំងនេះបើកដំណើរការ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

មនុស្សជាង ១០០ នាក់ពុលស្រាស និង ទឹកអណ្តូង ស្លាប់ ៦ នាក់

Next Article

អាជ្ញាធរជាតិអប្សរារកឃើញឡដុតកុលាល​ភាជន៍មួយនៅខាងជើងនៃប្រាសាទ​​អង្គរធំ​​