ក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ (AICRD) នៃអាជ្ញាធរជាតិអប្សរាដែលបានធ្វើកំណាយនៅទួលត្រពាំងបុស្ស ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ខេត្តសៀមរាប ដែលមានទីតាំងនៅខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ បានប្រទះឃើញឡដុតកុលាលភាជន៍ ដែលតាមការសន្និដ្ឋានបឋមប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ។
លោក ទិន ទីណា អនុប្រធាន AICRD ត្រូវបានដកស្រង់សម្តីដោយអាជ្ញាធរអប្សរានៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការជ្រើសរើសទីតាំងជីកនេះគឺដើម្បីធ្វើអោយប្រាកដថាទួលនេះជាកន្លែងផលិតភាជន៍សម័យបុរាណមែនឬអត់ ព្រោះកន្លងមកមានអ្នកស្រាវជ្រាវមួយចំនួនប្រទះឃើញសំណល់បំណែកភាជន៍ជាច្រើនរាយប៉ាយលើទួល។
លោកបាននិយាយថា៖ «ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីតាំងនេះជាឡដុតភាជន៍សម័យបុរាណនៅឡើយទេ។ ដូច្នេះតាមរយៈបំណែកភាជន៍ និងបំណែកដីដុតដែលបន្សល់ទុកនៅលើទួលធំវែងរហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថា ទីតាំងនេះមានភាគរយខ្ពស់អាចជាឡដុតភាជន៍សម័យបុរាណ»។
លោកបានបន្តថា៖ «គម្រោងនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ១០ ខែធ្នូហើយតាមរយៈការជីកយើងបានរកឃើញថាជញ្ជាំងឡនិងភាជន៍ភាគច្រើនជារបស់ប្រើប្រចាំថ្ងៃមាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែពុំមានស្រទាប់រលោងទេ»។
លោកថា៖ «បន្ទាប់ពីកំណាយរួច យើងនឹងសុំគោលការណ៍សិក្សាស្រាវជ្រាវនៅតំបន់នេះបន្តទៀត ដោយចុះបញ្ជីសារពើភណ្ឌទួលទាំងអស់ គូសផែនទី ដាក់ទីនេះជាតំបន់ការពារ»។
លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានអោយដឹងថា ក្រុមការងារបានយកចិត្តទុកដាក់ខ្លាំងទៅលើបច្ចេកទេសកំណាយ ដើម្បីកាត់បន្ថយហានីភ័យដល់សំណង់បុរាណនិងវត្ថុបុរាណដែលប្រទះឃើញនៅក្នុងរណ្តៅ។
លោកបន្តថា៖ «លក្ខណៈរចនាសម្ពន្ធឡដែលរកឃើញនៅពេលនេះ គឺពិសេសណាស់ព្រោះរូបរាង រចនាសម្ពន្ធឡនេះខុសពីឡភាគច្រើននៅតំបន់អង្គរ ដែលធំៗ វែងៗ។ តាមរយៈវត្ថុដែលប្រទះឃើញរបស់យើង វានឹងក្លាយជាភស្តុតាងខ្លះៗសម្រាប់ការស្រាវជ្រាវរកប្រភពនៃឡនិងភាជន៍ដែលបានប្រើប្រាស់នាសម័យមុន»៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី