ក្រុមហ៊ុន EU Land and Pepper Investment របស់សាធារណរដ្ឋឆែកបានប្រគល់ឧបករណ៍វេចខ្ចប់ម្រេចចំនួន ១០ គ្រឿងក្នុងពិធីមួយដែលធ្វើឡើងកាលពីចុងសប្តាហ៍មុននៅក្នុងខេត្តកំពត។
ការប្រគល់ឧបករណ៍នេះត្រូវបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ «ម្រេចកំពត» រវាងសមាគម «ម្រេចកំពត» ជាមួយប្រទេសឆែក និងក្រុមហ៊ុន « EU Land and Pepper Investment» ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជាវ តាយ អភិបាលខេត្តកំពត និងលោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទីប្រទេសឆែក ប្រចាំនៅកម្ពុជា។
ក្រៅពីផែនការក្នុងការណែនាំឧបករណ៍ដល់ប្រជាកសិករខ្នាតតូច ក្រុមហ៊ុនក៏បានណែនាំវិធីបន្ថែមដើម្បីផ្សព្វផ្សាយ និងលក់ម្រេចកំពតរួមទាំងការសម្ងួតម្រេចបៃតងស្រស់ បង្កើតបណ្តាញទំនាក់ទំនង និងទីផ្សារឌីជីថល។
តាមរយៈបច្ចេកវិទ្យានានាកាលពីពេលកន្លងទៅដែលលើកឡើងដោយក្រុមហ៊ុនកាលពីខែកុម្ភៈ ការទិញឧបករណ៍កែច្នៃម្ហូបអាហារសម្រាប់កសិករក្នុងស្រុកនិងកសិករខ្នាតតូចត្រូវបានគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍ Czech Development Agency។ ដើម្បីសំរេចគោលដៅរបស់គំរោង ក្រុមហ៊ុនរបស់ប្រទេសឆែកនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមលើកកម្ពស់ម្រេចកំពត (KPPA)។
ក្នុងពិធីនោះដែរ ក្រុមហ៊ុនរបស់ប្រទេសឆែកក៏បានប្រកាសថាខ្លួនបានប្រមូលថវិកាចំនួន ៤ ម៉ឺនដុល្លារតាមរយៈកិច្ចខិតខំប្រឹងប្រែងរៃអង្គាសប្រាក់នៅសាធារណរដ្ឋឆែកសម្រាប់គម្រោងធនាគារស្បៀងអាហារដែលត្រូវបានរចនាឡើងដើម្បីជួយដល់គ្រួសារកសិករដាំម្រេចនៅខេត្តកំពតដែលរងផលប៉ះពាល់ដោយករណីនៃវីរុសកូវីដ១៩ ។
ជាមួយនឹងបច្ចេកវិទ្យាថ្មី ក្រុមហ៊ុនសង្ឃឹមថាកសិករខ្នាតតូចនឹងអាចកែច្នៃម្រេចបានប្រមាណជា ១០ តោនសម្រាប់ទីផ្សារនៅឆ្នាំ ២០២១ ។
ស្ថាបនិកគម្រោង Pepper Field និងជានាយកប្រតិបត្តិក្រុមហ៊ុន EU Land and Pepper Investment លោក David Pavel សង្ឃឹមថាក្រុមហ៊ុននឹងទទួលបានស្ថានភាពពាណិជ្ជកម្មដោយស្មើភាព។
លោកថា៖ «យើងត្រូវប្រាកដថាប្រាក់ចំណូលទាំងអស់នឹងនៅជាមួយកសិករគ្រប់រូប។ តាមអ្វីដែលខ្ញុំបានដឹង មិនទាន់មានក្រុមហ៊ុនណាមួយដែលទិញម្រេចកំពតផ្តាច់មុខក្រោមលក្ខខណ្ឌពាណិជ្ជកម្មដោយស្មើភាពនោះទេ»។
នៅសាធារណរដ្ឋឆែក ក្រុមហ៊ុនគឺជាសមាជិកនៃសមាគមទំនួលខុសត្រូវសង្គម Association of Social Responsibility ដែលមានគោលបំណងលើកកម្ពស់និងបំពេញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ។
ដើម្បីជម្រុញផែនការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានទទួលយកនូវការបង្កើតថ្មីមួយចំនួន។ ក្រៅពីការផ្សព្វផ្សាយការលក់តាមប្រព័ន្ធអនឡាញ ខ្លួនក៏បានទទួលបច្ចេកវិទ្យាដើម្បីសម្ងួតម្រេចផងដែរ។
បច្ចេកវិទ្យានេះនឹងថែរក្សាក្លិនដើមរបស់ម្រេចសម្រាប់អតិថិជននៅអឺរ៉ុប។ ក្រុមហ៊ុនក៏កំពុងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសមាគមលើកកម្ពស់ម្រេចកំពត ក្នុងការបង្កើតបណ្តាញទំនាក់ទំនងឌីជីថលដែលនឹងចូលរួមលើកកម្ពស់ការយល់ដឹងអំពីម្រេចកំពតនៅទូទាំងពិភពលោកផងដែរ៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា