លោក លី សុវណ្ណ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល កាលពីល្ងាចម្សិលមិញបានបញ្ជាក់ពីការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបិទទីតាំងផ្សារទំនើបអ៊ីអន១ជាបណ្តោះអាសន្ន។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានករណីរបស់ស្ត្រីជនជាតិកម្ពុជាម្នាក់ដែលត្រូវបានរកឃើញថាមានវិជ្ជមានវីរុសកូវីដ១៩ ខណៈដែលស្រ្ដីរូបនេះដែលត្រូវបានស្គាល់ថាជាភរិយារបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃមួយរូបបានទៅកាន់ទីតាំងផ្សារទំនើបខាងលើកាលពីពេលកន្លងទៅដើម្បីញ៉ាំអាហារនិងទិញឥវ៉ាន់មួយចំនួន។
លោកបន្ថែមថា៖ «យើងនៅមិនទាន់ដឹងច្បាស់ថា តើករណីរបស់ស្រ្ដីខាងលើឆ្លងវីរុសនេះពីណានោះទេ»។ លោកបន្តថា មន្ត្រីសុខាភិបាលបច្ចុប្បន្នកំពុងតាមដានរកអ្នកដែលបានទាក់ទងជាមួយស្ត្រីរូបនេះ។
បើតាមការឲ្យដឹងពីលោក លី សុវណ្ណ ស្ត្រីរូបនេះមានទីលំនៅរស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រក្នុងរាជធានីភ្នំពេញ ហើយក៏បានធ្វើដំណើរទៅកាន់ខេត្តសៀមរាបផងដែរ។
ជាមួយនឹការឆ្លងថ្មីនៃវីរុសនេះ ករណីឆ្លងសរុបនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់ ៣០៩ ករណីដែលក្នុងនោះ ២៩៩ នាក់បានជាសះស្បើយ។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ករណីរបស់ស្រ្ដីខាងលើនេះគឺជាការឆ្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ជាលើកដំបូង ខណៈដែលស្រ្ដីរូបនេះមិនមែនជាអ្នកដំណើរមកពីក្រៅប្រទេសនោះទេ។
ជាមួយគ្នានេះផងដែរ មន្រ្តីសុខាភិបាលនិងក្រុមការងារនានាក៏បានចាប់ផ្តើមធ្វើសកម្មភាពក្នុងការតាមដានរកអ្នកដែលពាក់ព័ន្ធផ្សេងទៀតដើម្បីអនុវត្តវិធានការណ៍នានាផងដែរ៕ ប្រែសម្រួលដោយ ភុន ច័ន្ទ ឧសភា