cellcard cellcard cellcard

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្តល់ប្រាក់កម្ចី ៧០ លានដុល្លារដើម្បីពង្រឹងខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម និង សុវត្ថិភាពចំណីអាហារ

សុខ ចាន់ / Khmer Times Share:
ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ប្រាក់កម្ចី ៧០ លានដុល្លារដើម្បីលើកកំពស់សមត្ថភាពកសិពាណិជ្ជកម្មនៅខេត្តចំនួន ៦ នៅទូទាំងប្រទេសកម្ពុជា។ ADB

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​អនុម័ត​​កម្ចីចំនួន ៧០ លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាព​ កសិពាណិជ្ជកម្ម ក្នុងខេត្តចំនួន ៦ នៃ​ព្រះរាជាណាចក្រកម្ពុជា ដើម្បីកែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជាដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ។

គម្រោងពង្រឹងការប្រកួតប្រជែងខ្សែសង្វាក់តម្លៃ និងសមត្ថភាពក្នុងវិស័យកសិកម្មនេះ មានគោល​បំណងផ្តល់អត្ថប្រយោជន៍​ដល់សហករណ៍កសិកម្មចំនួន ២៣០ និង​ សហគ្រាសកសិកម្មចំនួន ៥០ ក្នុង ខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និង ត្បូងឃ្មុំ។

កសិកម្មអាចចូលរួមចំណែកដល់កំណើន និងការធ្វើពិពិធកម្មសេដ្ឋកិច្ច​ ក្នុងប្រទេសកម្ពុជា ប្រសិន​បើ សហគ្រាសកសិកម្ម​ធុនតូចនិងមធ្យម​ អាចបង្កើនសមត្ថភាពរបស់ពួកគេ ​ក្នុងការកែច្នៃផលិតផលកសិកម្ម​ដែលមានតម្លៃខ្ពស់ ហើយដាក់លក់លើទីផ្សារក្នុងនិងក្រៅប្រទេស។ នេះបើតាមការឲ្យដឹងពី លោក Takeshi Ueda សេដ្ឋវិទូជាន់ខ្ពស់ ផ្នែកធនធានធម្មជាតិនិងកសិកម្ម​។

លោកបន្ថែមថា៖ «ការវិនិយោគឯកជនលើវិស័យកសិកម្ម រួមជាមួយការទទួលបានឥណទាន ព្រមទាំងផលិតផលកសិកម្មសម្រាប់កែច្នៃប្រកបដោយគុណភាពខ្ពស់​នឹងជួយកសិពាណិជ្ជកម្មរបស់កម្ពុជា​បញ្ចេញសក្តានុពលរបស់ខ្លួន  បង្កើតការងារ  និង​លើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋនៅទីជនបទ។»

យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផល​កសិកម្ម​កែច្នៃ បច្ចុប្បន្នមានចំនួនត្រឹមតែ ៤.០% នៃ​ GDP ដោយសារតែកង្វះផលិតផលចម្រុះដែល​ផ្តល់តម្លៃ​បន្ថែម​។ ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ដល់ខ្សែសង្វាក់ ផ្គត់ផ្គង់កសិកម្ម ព្រមទាំងកាត់បន្ថយប្រាក់ ចំណូលនិងឱកាសទីផ្សារសម្រាប់កសិករ និងកសិពាណិជ្ជកម្ម។

ធនាគារអភិវឌ្ឍន៍អាស៊ីបានបន្តឲ្យដឹងថា គម្រោងនេះនឹងជួយសម្រួលដល់ការទទួលបានឥណទាន សម្រាប់កសិកម្ម និងកសិពាណិជ្ជកម្ម ដែលកំពុងទទួលបានតែប្រមាណ ១០% នៃហិរញ្ញប្បទានផ្លូវការសរុប។ គម្រោងនេះនឹងអនុវត្ត ប្រភេទ ហិរញ្ញវត្ថុ​​ ដែលគាំទ្រគ្នាទៅវិញទៅមក រួមមានដូចជា ការផ្តល់ឥណទាន និងការធានាឥណទាន ជាដើម។

ជាមួយគ្នានេះផងដែរ គម្រោងនេះនឹងគាំទ្រគំនិតផ្តួចផ្តើម ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពស្បៀងអាហារ ក្នុងខ្សែ សង្វាក់តម្លៃសម្រាប់​ ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និង សាច់មាន់ស្រែ។ វានឹងជួយឱ្យ សហករណ៍ កសិកម្ម អនុវត្តសកម្មភាពកសិកម្មបានល្អ និងធ្វើឱ្យប្រសើរ នូវមន្ទីរពិសោធន៍សុវត្ថិភាពចំណីអាហារ ដើម្បី ទទួលបានការទទួលស្គាល់ជាអន្តរជាតិ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានបន្ថែមថា៖ «គម្រោងនេះក៏នឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍ គ្រាប់ ពូជ និងពូជបក្សី​ចញ្ចឹម ដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជ ផ្តល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះ រាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារដាំដុះផ្សេងទៀត។ លើសពីនេះទៀត គម្រោងនេះ នឹងជួយ កែលម្អផ្លូវជនបទប្រវែង ១១០ គីឡូម៉ែត្រ ​និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង»៕ ប្រែសម្រួលដោយ ភុ​ន ច័ន្ទឧសភា

Related Posts

Previous Article

ករណីឆ្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ត្រូវបានរកឃើញជាលើកដំបូងក្នុងប្រទេសកម្ពុជា

Next Article

រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ក់ថា​ជំនួយ​វេជ្ជសាស្ត្រ​ដល់​ប្រទេស​ ឡាវ ​និង ​មី​យ៉ាន់​ម៉ា ​គឺ​បានមកពី​ថវិកា​របស់ខ្លួន​