cellcard cellcard cellcard

ការបើក​សវនាការ​រ​បស់​សកម្មជន​គណបក្ស​ប្រឆាំងនឹង​ត្រូវធ្វើឡើង​នៅ​ខែមករា​និង​មីនា​

​ទិ​ត្យ គង់នៅ / Khmer Times Share:
កញ្ញា សេង ធា​រី (​សម្លៀកបំពាក់​ពណ៌​ស​) ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​។ KT/​ប៉ាន រចនា

​សកម្មជន​គណបក្សប្រឆាំង​ជាង ៣០ នាក់​បានបង្ហាញ​ខ្លួន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ក្រោម​ការចោទប្រកាន់​ពីបទ​ញុះញង់​និង​រៀបចំ​ផែនការផ្ដួលរំលំ​រដ្ឋាភិបាល ប៉ុន្តែ​តុលាការ​បាន​ពន្យារពេល​សវនាការ​ដល់​ខែមករា​និង​មីនា​។​

aba

​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ផ្អាក​ការជំនុំជម្រះ​ក្តី​អតីត​សមាជិក​និង​អ្នកគាំទ្រ​ប្រឆាំង​ប្រមាណ​ជាង ១៣៩ នាក់​ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋា​ភិ​បាល​កាលពី​ថ្ងៃទី ៩ ខែវិច្ឆិកា​ឆ្នាំមុន​នៅពេលដែល​លោក សម រង្ស៊ី ប្រកាស​វិលត្រឡប់​ចូល​ប្រទេស​វិញ​ដើម្បី​ស្តារ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ឡើងវិញ​។​

លោក គួច គឹម​ឡុង អ្នកនាំពាក្យ​តុលាការ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ជនជាប់ចោទ​ចំនួន ៣៤ នាក់​ក្នុងចំណោម​ជនជាប់ចោទ​ទាំង ១៣៩ នាក់​បានបង្ហាញ​ខ្លួន​កាលពី​ម្សិលមិញ​ប៉ុន្តែ​តុលាការ​បានសំរេច​ផ្អាក​សវនាការ​។​

​លោក​បាន​និយាយថា​ករណី​ទាំងនេះ​ត្រូវបាន​បែង​ចែកជា​ពីរ​ក្រុម​ដែល​សវនាការ​ដំបូង​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៤ ខែមករា​ឆ្នាំក្រោយ​ហើយ​ករណី​ទី ២ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ៤ ខែមីនា​។​

​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខាងក្រៅ​បរិវេណ​តុលាការ​កាលពី​ម្សិល​មិ​លោក ថាច់ សេដ្ឋា អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្សប្រឆាំង​បាន​និយាយថា​លោក​មាន​អារម្មណ៍​ធុញទ្រាន់​ចំពោះ​មូលហេតុ​ដែល​លោក​ត្រូវបាន​កោះហៅ​ដោយសារ​លោក​មិនបាន​ធ្វើ​អ្វី​ខុស​។​

​លោក​និយាយថា​៖ «​យើង​សុខចិត្ត​ធ្វើការ​ជាមួយ​តុលាការ​ដើម្បី​បង្ហាញ​ពី​ភាព​គ្មាន​ទោសកំហុស​របស់​យើង​។ វា​មិនមែនជា​ការគ្រោងទុក​ទេ​។ តើ​ខ្ញុំ​បានធ្វើ​អ្វី​ខុស​? ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវគេ​ចោទប្រកាន់​ពីបទ​រៀបចំ​ផែនការ​និង​ញុះញង់​»​។​

​លោ​កថា​ករណី​ដែល​តុលា​ការព្យួ​រឿងក្តី​ប្រឆាំង​និង​សកម្មជន​បក្ស​ប្រឆាំងនឹង​បណ្តាលអោយមាន​ការខាតបង់​ធនធាន​និង​ថវិការ​របស់លោក​និង​សកម្មជន​ដទៃទៀត​ព្រោះ​វា​នឹង​បន្ត​ទៅមុខទៀត​។​

​លោក​បន្តថា​៖ «​វា​លំបាក​ណាស់​សម្រាប់​យើង​។ បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ។ ខ្ញុំ​ត្រូវ​មក​តុលាការ ហើយ​ប្រហែលជា​ខ្ញុំ​និង​ក្រ​ជាង​មុន​ដោយ​ចំណាយពេល​វេលា​ទៅ​តុលាការ​»​។​

​អ្នកស្រី សេង ធា​រី មេធាវី​អន្តរជាតិ និង​ជា​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ អ្នក​កោះហៅ​ម្នា​ក់បាន​និយាយថា​ការជំនុំជម្រះ​គួរតែ​ត្រូវ​ចាត់ទុកជា​មោ​ឃៈ​ពីព្រោះ​តុលាការ​បាន​រំលោភច្បាប់​។​

​កញ្ញា​បាន​និយាយថា​៖ «​ខ្ញុំ​សូមអោយ​តុលាការ​ទម្លាក់ចោល​រាល់​បទចោទប្រកាន់​មកលើ​រូបខ្ញុំ និង​អតីត​សកម្មជន​ប្រឆាំង​ដោយ​គ្មាន​លក្ខខណ្ឌ​ហើយ​ដោះលែង​អ្នកទោសនយោបាយ​និង​រក្សា​លទ្ធិប្រជាធិបតេយ្យ ហើយ​ឈប់​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ជា​អាវុធ​នយោបាយ​»​។​

​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក​បានអោយដឹងថា​ដំណើរការ​តុលាការ​ហាក់ដូចជា​មិន​ច្បាស់​សម្រាប់​ជនជាប់ចោទ​ទេ ដោយ​ពួកគេ​មួយចំនួន​ត្រូវ​ចូលរួម​ក្នុង​សវនាការ​ដោយ​មិន​ទទួលបាន​ការកោះហៅ​។​

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​គិតថា​តុលាការ​ហាក់ដូចជា​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​ពីព្រោះ​ពួកគេ​មួយចំនួន​បាន​ចូលរួម​ការជំនុំជម្រះ​ដោយ​មិន​ទទួលបាន​ដីកា​កោះហៅ​»​។​

​លោក សួង ចាន់ថន ជា​មេធាវី​របស់​រដ្ឋាភិបាល​បាន​និយាយថា​ប្រសិនបើ​ជនជាប់ចោទ​មិនមាន​លទ្ធភាព​អញ្ជើញ​មេធាវី​ការពារ​ក្តី ពួកគេ​អាច​ស្នើសុំ​ពន្យារពេលបាន​។​

​លោក​បន្តថា​៖ «​ចំពោះ​ការពន្យារពេល វា​ជាការ​សំរេចចិត្ត​របស់​ចៅក្រម​»​។​

​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោកស្រី រ៉ូ​ណា ស្មី​ត បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ថា​ការ​ការជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​របស់​សកម្មជន​គណ​បក្សប្រឆាំង​ទំនងជា​មាន​ហេតុផល​នយោបាយ​។​

​លោកស្រី​បន្តថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​អោយ​អាជ្ញាធរ​បើក​លំហរ​ប្រជាពលរដ្ឋ ការពារ និង​លើកស្ទួយ​សេរីភាព​មូលដ្ឋាន​រួមទាំង​សិទ្ធិ​ក្នុងការ​ប្រមូលផ្តុំ​និង​ការបញ្ចេញមតិ និង​ដើម្បី​ធានា​នូវ​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​សម្រាប់​មនុស្ស​ទាំងអស់​ដែល​ត្រូវបាន​ធានា​ដោយ​បទដ្ឋាន​អន្តរជាតិ​និង​ស្តង់ដារ ច្បាប់​សិទ្ធិមនុស្ស​និង​ប្រជាជន​កម្ពុជា​»៕ ​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

ស៊ុយអែត​នឹង​បិទ​ទូត​របស់ខ្លួន​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​ក្រោយ​

Next Article

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គ្រោងធ្វើជាមេធាវីនៅពេលលោកចូលនិវត្តន៍