កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា នឹងមិនមានការតម្លើងប្រាក់ខែដល់មន្រ្តីរាជការនិងបុគ្គលិកកងកម្លាំងប្រដាប់អាវុធនៅឆ្នាំក្រោយទេដោយសារតែមូលហេតុជំងឺរាតត្បាតកូវីដ-១៩។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយក្រុមមេធាវីស្ម័គ្រចិត្តរដ្ឋាភិបាលនៅវិមានសន្តិភាពកាលពីម្សិលមិញលោក ហ៊ុន សែន បានសុំអភ័យទោសចំពោះការព្យួរការដំឡើងប្រាក់ខែនេះ។
លោកបាននិយាយថា៖ «ជំងឺកូវីដ-១៩បានបំផ្លាញយើង ប៉ុន្តែវាមិនទាន់សម្លាប់យើងទេ។ យើងត្រូវតែមានការប្រុងប្រយ័ត្នជាងមុន»។
លោកបន្តថា ឆ្នាំក្រោយសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញពីជំងឺរាតត្បាត។ ខ្ញុំគិតថានៅឆ្នាំ ២០២១នឹងមានការងើបឡើងវិញនៃសេដ្ឋកិច្ចប៉ុន្តែរហូតមកដល់ពេលនេះប្រាក់ចំណូលរបស់យើងមានច្រើនជាង ៤ ៥០០ លានដុល្លារ។
កាលពីថ្ងៃទី ៧ ខែតុលាលោក ហ៊ុន សែន បានប្រកាសថា នឹងមិនមានការដំឡើងប្រាក់ខែទេនៅឆ្នាំក្រោយទេ។
លោកបាននិយាយថា៖ «លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច គ្រោងនឹងដំឡើងប្រាក់ខែ ប៉ុន្តែលោក ហ៊ុន សែន បានប្រាប់លោកថា ដោយសារតែភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចការដំឡើងប្រាក់ខែនឹងត្រូវផ្អាកនៅឆ្នាំក្រោយ»។
រដ្ឋាភិបាលក៏បានសំរេចចិត្តផ្អាកការជ្រើសរើសមន្ត្រីរាជការថ្មីនៅឆ្នាំនេះដើម្បីកាត់បន្ថយការចំណាយរបស់រដ្ឋដោយសារគ្រោះមហន្តរាយជំងឺកូវីដ-១៩ ប៉ុន្តែគ្រោងនឹងជ្រើសរើសមន្ត្រីរាជការប្រមាណ ៦ ១០៦ នាក់នៅឆ្នាំក្រោយ។
លោក ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានចុះហត្ថលេខាលើលិខិតផ្លូវការមួយចេញផ្សាយនៅថ្ងៃទី ៤ ខែវិច្ឆិកាដែលបានជូនដំណឹងដល់ស្ថាប័នរដ្ឋនិងក្រសួងអំពីការជ្រើសរើសបុគ្គលិកថ្មី។
លិខិតនោះបាននិយាយថា៖ «រដ្ឋាភិបាលនឹងផ្តល់សិទ្ធិអោយជ្រើសរើសមន្ត្រីរាជការថ្មីចំនួន ៦ ១០៦ នាក់នៅក្នុងឆ្នាំ ២០២១ ។ ក្រសួងនិងស្ថាប័នសរុបចំនួន ២២ នឹងអាចជ្រើសរើសមន្ត្រីរាជការថ្មីដោយមានមុខតំណែងច្រើនជាងគេគឺក្រសួងអប់រំ»។
ក្រសួងអប់រំនឹងត្រូវបានអនុញ្ញាតអោយជ្រើសរើសមន្ត្រីរាជការថ្មីសរុបចំនួន ៣ ៦០០ នាក់ក្នុងឆ្នាំ ២០២១ ក្រសួងសុខាភិបាលនឹងត្រូវបានអនុញ្ញាតអោយជ្រើសរើសមន្ត្រីរាជការថ្មីចំនួន ១ ៣០០ នាក់ក្រសួងយុត្តិធម៌ ១៧៨ ក្រសួងមហាផ្ទៃ ១៧០ នាក់ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចចំនួន ៥ នាក់។ ហើយក្រសួងមុខងារសាធារណៈ និងក្រសួងរ៉ែត្រូវបានអនុញ្ញាតអោយជ្រើសរើសបុគ្គលិក ៨ នាក់តាមក្រសួងរៀងៗខ្លួន។
លោក នៅ ច័ន្ទមុនី គ្រូបង្រៀនគីមីវិទ្យានៅវិទ្យាល័យហ៊ុនសែនបរិបូរណ៍ ស្ថិតស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំងបាននិយាយកាលពីម្សិលមិញថា លោកយល់ពីទុក្ខលំបាករបស់រដ្ឋាភិបាល។
លោកបានបន្តថា៖ «វាមិនមានបញ្ហាអ្វីសម្រាប់ខ្ញុំទេ ហើយខ្ញុំក៏មិនខកចិត្តដែរព្រោះជំងឺកូវីដ-១៩ បានជះឥទ្ធិពលស្ទើរតែគ្រប់វិស័យនិងចំពោះមនុស្សគ្រប់គ្នា»៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី