សំណង់បណ្តោះអាសន្នចំនួន ៧៤ ស្ថិតនៅក្រោមស្ពានស្ទឹងមានជ័យ ដែលស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យត្រូវបានរុះរើកាលពីម្សិលមិញ ហើយប្រជាជនត្រូវបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មីដែលរៀបចំដោយសាលារាជធានីភ្នំពេញ។
លោក សម សុខសែន មេឃុំស្ទឹងមានជ័យ ១ ដែលដឹកនាំការវាយកម្ទេច បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា មានជម្រកបណ្តោះអាសន្នចំនួន ៩៤ នៅក្រោមស្ពានហើយនៅសល់ ២០ ទៀតនឹងត្រូវកម្ទេចនៅថ្ងៃនេះ។
លោកបាននិយាយថា៖ «ប្រជាជនបានផ្លាស់ប្តូរពីជម្រកបណ្តោះអាសន្ននៅក្រោមស្ពានបន្ទាប់ពីអាជ្ញាធរបានត្រៀមរៀបចំដីថ្មីសម្រាប់ពួកគេនៅក្បែរប្រឡាយ»។
កាលពីខែកក្កដាលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំអោយអាជ្ញាធរជួយធ្វើអោយប្រសើរឡើងនូវកម្រិតជីវភាពរបស់សហគមន៍ក្រីក្រយោងតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិដែលមានគោលដៅកាត់បន្ថយភាពក្រីក្រនៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ ២០៣០ ។
យោងតាមសាលាក្រុងភ្នំពេញ សហគមន៍ស្ទឹងមានជ័យកំពុងត្រូវបានកែលម្អដោយផ្តល់ដីទំហំ ៤ ម៉ែត្រគុណនឹង ៦ ម៉ែត្រសម្រាប់គ្រួសារនីមួយៗដែលរស់នៅក្រោមស្ពាន។ ប្រជាពលរដ្ឋដែលរស់នៅក្រោមស្ពានស្ទឹងមានជ័យបានផ្លាស់ប្តូរទីតាំងដីឡូត៍ដែលបានបម្រុងទុករបស់ពួកគេនៅតាមប្រឡាយ។
លោក លឹម វៀង មេឃុំសហគមន៍ស្ទឹងមានជ័យ ១ បាននិយាយថា មានប្រជាពលរដ្ឋចំនួន ៥៧១ គ្រួសាររស់នៅតាមប្រឡាយ។ សាលាក្រុងកំពុងពង្រីកប្រឡាយនិងផ្តល់ដីនៅកន្លែងផ្សេងទៀត។
លោកបន្តថាអាជ្ញាធរមូលដ្ឋានបានត្រៀមជម្រកបណ្តោះអាសន្ននៅក្រោមស្ពានសម្រាប់ប្រជាពលរដ្ឋក្រីក្រនៅពេលដែលពួកគេបានរៀបចំដីថ្មីសម្រាប់ពួកគេ។
លោកបាននិយាយថា៖ «នេះគឺជាពេលដែលប្រជាពលរដ្ឋដែលស្នាក់នៅក្រោមស្ពានបណ្តោះអាសន្នត្រូវផ្លាស់ទីលំនៅទៅកាន់ដីដែលរៀបចំដោយសាលារាជធានី។ អាជ្ញាធរមូលដ្ឋានត្រូវតែរុះរើជម្រកបណ្តោះអាសន្ននៅក្រោមស្ពានដើម្បីកែលម្អសោភ័ណភាពតំបន់នេះ»។
លោកបានបន្ថែមថា ៨០ ភាគរយនៃសហគមន៍ស្ទឹងមានជ័យបានផ្លាស់ប្តូរទៅដីឡូតិ៍ថ្មីរបស់ពួកគេ។ អ្នកស្នាក់នៅបណ្តោះអាសន្នដែលនៅសល់គឺជាគ្រួសារក្រីក្រ។
អ្នកស្រី ស៊ុន សុភ័ណ អាយុ ៤០ ឆ្នាំជាអ្នកស្រុកដែលស្នាក់នៅក្រោមស្ពានបណ្តោះអាសន្នជិតមួយឆ្នាំបាននិយាយថាពួកគេស្នាក់នៅទីនោះព្រោះគ្រួសារគាត់ក្រីក្រ។
អ្នកស្រីនិយាយថា៖ «អាជ្ញាធរបានរៀបចំទីជំរកសម្រាប់ពួកយើងដើម្បីរស់នៅដោយមានទឹកស្អាតនិងអគ្គិសនី។ ឥឡូវនេះអាជ្ញាធរបានផ្លាស់ប្តូរទីជំរក ប៉ុន្តែខ្ញុំមិនបានបដិសេធចំពោះការផ្លាស់ប្តូរនេះទេ។ ខ្ញុំទទួលយកសេចក្តីសម្រេចរបស់អាជ្ញាធរមូលដ្ឋាន»។
អ្នកស្រីបន្ថែមទៀតថាឥឡូវនេះអ្នកស្រីកំពុងរកប្រាក់ដើម្បីសាងសង់ផ្ទះថ្មីមួយ។
អ្នកស្រីថាអាជ្ញាធរមូលដ្ឋានកំពុងអភិវឌ្ឍប្រឡាយដើម្បីធ្វើអោយវាកាន់តែស្រស់ស្អាត។ យើងទទួលយកពីព្រោះអាជ្ញាធរបានផ្តល់ដីមួយកន្លែងដល់យើង»៕