cellcard cellcard cellcard

លោក ហ៊ុន សែន ប្រៀបធៀបការពន្យារពេលករណីលោក កឹម សុខា ទៅនឹងបណ្តឹងរបស់លោកនៅបារាំង

បែន សុខហ៊ាន / Khmer Times Share:
លោក កឹម សុខា មកដល់សាលាដំបូងរាជធានីភ្នំពេញដើម្បីបើកសវនាការរបស់លោកនៅខែមករា។ KT/ស៊ីវ ចាន់ណា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញបានការពារសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដើម្បីពន្យារពេលការជំនុំជម្រះទោសក្បត់ជាតិរបស់អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ដោយគ្មានការកំណត់ដោយប្រៀបធៀបទៅនឹងការពន្យារពេលនៃបណ្តឹងបរិហារកេរ្តិ៍របស់លោកប្រឆាំងនឹងលោក សម រង្ស៊ី ដោយ​តុលាការបារាំងរយៈពេល ២ ឆ្នាំខាងមុខ។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយមេធាវីរដ្ឋាភិបាលនិងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោនៅវិមានសន្តិភាពលោក ហ៊ុន សែន មិនបានលើកឡើងពីឈ្មោះដោយផ្ទាល់នោះទេប៉ុន្តែបានទាញការប្រៀបធៀបករណីបរិហារកេរ្តិ៍របស់លោកប្រឆាំងនឹងលោក សម រង្ស៊ី នៅតុលាការនៅប្រទេសបារាំងជាមួយនឹងករណីក្បត់ជាតិលោក សុខា នៅភ្នំពេញ។

ប្រតិកម្មរបស់លោកកើតឡើងចំពេលដែលក្រុមមេធាវីរបស់លោក កឹម សុខា និងអ្នកការទូតបរទេសមួយចំនួនបានអំពាវនាវម្តងហើយម្តងទៀតដើម្បីអោយបន្តការជំនុំជម្រះក្តីលោក កឹម សុខា។

លោកបាននិយាយថា លោកបានប្តឹងបណ្តឹង​បរិហារកេរ្តិ៍ប្រឆាំងនឹងលោក សម រង្ស៊ី ទៅតុលាការបារាំងតាំងពីឆ្នាំទៅប៉ុន្តែតុលាការនៅតែបន្តពន្យារពេលការជំនុំជម្រះរយៈពេល ២ ឆ្នាំខាងមុខ។

លោកបានបន្តថា៖ «វាគ្រាន់តែជាបណ្តឹងបរិហារកេរ្តិ៍តាំងពីឆ្នាំ ២០១៩ ប៉ុន្តែតុលាការទើបតែកំណត់កាលបរិច្ឆេទសម្រាប់ជំនុំជម្រះនៅម៉ោង ១ និង ៣០ នាទីរសៀលថ្ងៃទី ១ ខែកញ្ញាឆ្នាំ ២០២២។ ហេតុអ្វីបានជាជនបរទេសនិយាយថា កម្ពុជាគួរតែពន្លឿនករណីទាំងនេះនៅភ្នំពេញ។ ពួកគេគួរតែពិនិត្យមើលខ្លួនឯង»។

លោកបន្ថែមថា៖ «តើយើងអាចបង្ខំតុលាការយ៉ាងដូចម្តេច? យើងក៏មិនអាចបង្ខំអោយតុលាការបារាំងពន្លឿនករណីនេះបានដែរ។ ដូច្នេះអ្នកក៏មិនអាចមកបង្ខំអោយតុលាការនៅភ្នំពេញពន្លឿនករណីដូចគ្នា ។ សូមបញ្ជាក់អោយច្បាស់»។

លោក​ចាត់ទុកករណីបរិហារកេរ្តិ៍របស់លោកនៅឯតុលាការបារាំងថាជារឿងតូចតាច ប៉ុន្តែវាត្រូវបានពន្យារ​ពេលអស់រយៈពេល ៣ ឆ្នាំមកហើយ។ មន្ត្រីតុលាការក្រុងប៉ារីសបានអះអាងថាការពន្យារពេលនេះគឺដោ​យសារតែជំងឺរាតត្បាតកូវីដ-១៩ ។

លោកបន្តថា​៖ «ពួកគេកំពុងចំណាយពេលជាង ៣ ឆ្នាំសម្រាប់ករណីបរិហារកេរ្តិ៍បែបនេះ។ ហេតុអ្វីបានជាអ្នកបង្ខំអោយតុលាការនៅភ្នំពេញចាត់ចែងរឿងក្ដីយ៉ាងឆាប់រហ័ស? នៅក្នុងប្រទេសមួយ [ប្រទេសបារាំង] ដែលចាត់ទុកតុលាការឯករាជ្យនិងដំណើរការរឿងក្តីយ៉ាងឆាប់រហ័ស តើនៅមានរឿងបែបនេះទៀតមែនទេ»?

កាលពីខែសីហាឆ្នាំមុនលោក ហ៊ុន សែន និងលោកឧត្តមសេនីយ៍ឯក​ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិបា​នដាក់ពាក្យបណ្តឹងបរិហារកេរ្តិ៍ចំនួនពីរដាច់ដោយឡែកពីគ្នាប្រឆាំងនឹងលោក សម រង្ស៊ីនៅតុលាការបារាំង។

បណ្តឹងត្រូវបានភ្ជាប់ទៅនឹងការចោទប្រកាន់របស់លោក សម រង្ស៊ី ដែលថាលោក ហ៊ុន សែន បានទម្លាក់គ្រាប់បែកនៅលើ ឧទ្ធម្ភាគចក្រដែលឪពុករបស់លោកឌី វិជ្ជា គឺលោក ហុក​ ឡងឌី កំពុងធ្វើដំណើរធ្វើអោយលោកស្លាប់ដោយគ្រោះថ្នាក់ធ្លាក់​យន្តហោះកាលពីឆ្នាំ ២០០៨ ។

លោក ហុក ឡុងឌី អតីតអគ្គស្នងការនគរបាល​ជាតិបានទទួលមរណភាពនៅពេលឧទ្ធម្ភាគចក្របានធ្លាក់នៅខេត្តស្វាយរៀង។ លោក សម រង្ស៊ី ក៏បានអះអាងផងដែរថាលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានដឹងពីមូលហេតុដែលឪពុករបស់លោកត្រូវបានគេសម្លាប់ហើយគ្រោងនឹងសងសឹកលោក ហ៊ុន សែន ដោយមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។

កាលពីម្សិលមិញលោក ហ៊ុន សែន ក៏បានស្តីបន្ទោសការពន្យារពេលរបស់មេធាវីដែលមិនបញ្ចេញឈ្មោះដែលធ្លាប់ធ្វើបាតុកម្មដើរចេញនៅតុលាការហាក់ដូចជាសំដៅទៅលើក្រុមមេធាវីរបស់លោក កឹម សុខា។

ក្នុងអំឡុងពេលសវនាការរបស់លោក កឹម សុខា កាលពីខែកុម្ភៈមេធាវីការពារក្តីរបស់លោកបានដើរចេញពីតុលាការដើម្បីតវ៉ាចំពោះការមិនត្រូវបានអនុញ្ញាតអោយពិភាក្សាលើភ័ស្តុតាងដែលពួកគេបានចោទប្រកាន់ថាមិនត្រឹមត្រូវ។

លោកបន្ថែមថា៖ «ក្នុងករណីខ្លះវាជារឿងល្ងីល្ងើសម្រាប់មេធាវីដែលចង់ពន្លឿនការជំនុំជម្រះ ប៉ុន្តែពួកគេដើរចេញពីតុលាការ។ ដូច្នេះនេះគឺជាកំហុសនៃយុទ្ធសាស្ត្រច្បាប់»។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ សមគំនិតជាមួយអំណាចបរទេស ហើយការជំនុំជម្រះនៅសាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្តើមនៅដើមខែមករា។ ទោះយ៉ាងណា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានបណ្តាលអោយមានការផ្អាក។

ទោះយ៉ាងណា ការជំនុំជម្រះដែលត្រូវបានរំពឹងថានឹងបញ្ចប់ក្នុងរយៈពេលបីខែត្រូវបានផ្អាកនៅខែមីនាបន្ទាប់ពីមានសេចក្តីប្រកាសមួយដែលធ្វើឡើងដោយលោកចៅក្រម កុយ សៅ ចៅក្រមនៃអង្គជំនុំជម្រះដោយសារជំងឺរាតត្បាត។

លោក ផេង ហេង មេធាវីម្នាក់របស់លោក កឹម សុខាបាននិយាយកាលពីម្សិលមិញថាក្រុមមេធាវីបានដាក់សំណើចំនួនពីរដងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តរឿងក្ដីរបស់លោក កឹម សុខា ប៉ុន្តែមិនមានចម្លើយវិជ្ជមានទេ។

លោកបាននិយាយថា៖ «យើងនៅតែទាមទារអោយតុលាការបន្តជំនុំជម្រះក្ដីរបស់គាត់។ ជំងឺរាតត្បាតកូវីដ-១៩ លែងជាឧបសគ្គដើម្បីបន្តរឿងក្តីរបស់គាត់ទៀតហើយ»។

លើសពីនេះព្រឹត្តិការណ៍ ៣ វិច្ឆិកាក៏ត្រូវបានបញ្ចប់ដែរ។ លោកបាននិយាយសំដៅដល់ការរីករាលដាលបន្តិចបន្តួចនៃជំងឺ កូវីដ-១៩ ដែលបានកើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចមួយថ្ងៃរបស់លោក ភីធើ ស៊ីចាតូ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រីនៅព្រះរាជាណាចក្រនៅដើមខែនេះ។

លោកបាននិយាយថាការពន្យារពេលនៃករណីនេះនឹងប៉ះពាល់ដល់កូនក្តីរបស់លោកដោយវាជារឿងអយុត្តិធម៌សម្រាប់ភាគីទាំងអស់។

លោកនិយាយថា​៖ «សម្រាប់គោលការណ៍យុត្តិធម៌ ប្រសិនបើរឿងក្តីនេះត្រូវបានទុកចោលវានឹងប៉ះពាល់ដល់ដំណើរការស្វែងរកយុត្តិធម៌សម្រាប់ភាគី។ ការទុករឿងក្ដីនេះធ្វើអោយភាគីទាំងអស់ទទួលនូវភាពអយុត្តិធម៌ណាស់។ ប្រហែល ១០ ថ្ងៃមុនយើងបានជួបជាមួយលោក កឹម សុខា។ ជំហររបស់គាត់គឺថាគាត់ចង់អោយតុលាការពន្លឿនរឿងក្តីនេះហើយប្រសិនបើពួកគេ [តុលាការ] មិនអាចរកឃើញភ័ស្តុតាងទេ ពួកគេគួរតែទម្លាក់រឿងក្តីនេះចោល»។

លោកនិយាយផងដែរថា ការអត្ថាធិប្បាយរបស់អ្នកនយោបាយជុំវិញករណីដែលកំពុងកើតមាននេះអាចជះឥទ្ធិពលដល់ដំណើរការស្វែងរកយុត្តិធម៌សម្រាប់កូនក្តីរបស់លោក៕ ប្រែសម្រួលដោយ សៀវ​ គួយអ៊ី

Related Posts

Previous Article

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឆ្លើយតបចំពោះការរិះគន់អំពីការមិនពាក់ម៉ាស

Next Article

តុលាការទម្លាក់ការចោទប្រកាន់លើអតីតអ្នកកាសែតខេមបូឌាដេលី