គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានទទួលបណ្តឹងចំនួន ១២៨ បណ្តឹងក្នុងអំឡុងពេលដំណើរការចុះបញ្ជីនិងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ ។
គ.ជ.ប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីម្សិលមិញថា៖ «បណ្តឹងភាគច្រើនពាក់ព័ន្ធនឹងការចេញលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណ និងលិខិតបញ្ជាក់ទីលំនៅរបស់អាជ្ញាធរដែលបានធ្វើផ្ទុយនឹងនីតិវិធី»។
បណ្តឹងទាំងនោះត្រូវបានប្តឹងចោទប្រកាន់មន្ត្រីរៀបចំការបោះឆ្នោត និងមន្ត្រីឃុំពីបទរំលោភលើបម្រាមមិនអោយថតរូបបុគ្គលនិងទិន្នន័យចុះឈ្មោះបោះឆ្នោត។
បណ្តឹងចំនួន ៧៥ ត្រូវបានដាក់នៅការិយាល័យ គ.ជ.ប ក្នុងនោះមាន ៣ ជាបណ្តឹងតាមដានពីឃុំជាសំណូមពរអោយមានការដាក់ទណ្ឌកម្ម។
បណ្តឹងមួយត្រូវបានដាក់ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ សេចក្តីថ្លែងការណ៍បាននិយាយថាកាលពីថ្ងៃអង្គារសប្តាហ៍មុនក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការនិងច្រានចោលបណ្តឹងនេះ។
សេចក្តីថ្លែងការណ៍បាននិយាយថា សេចក្តីសំរេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញគឺជាសេចក្តីសំរេចចុងក្រោយ សម្រាប់បិទការតវ៉ា។
ក្នុងចំណោមបណ្តឹងទាំង ១២៨ បណ្តឹងចំនួន ៥៦ ត្រូវបានដាក់នៅថ្នាក់ឃុំសង្កាត់ ដែលក្នុងនោះមាន ៤៧ ជាបណ្តឹងមកពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ៥ ពីគណបក្សប្រជាជនកម្ពុជា (CPP) និង ៤ ពីក្រុមចុះឈ្មោះបោះឆ្នោត។
នៅថ្នាក់ឃុំមាន មានអ្នកប្តឹងចំនួន ២២ នាក់បានយល់ព្រមផ្សះផ្សា ១០ នាក់មិនយល់ព្រមផ្សះផ្សា ៤ បណ្តឹងត្រូវបានទម្លាក់និង ១៩ បណ្តឹងត្រូវបានបដិសេធ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថាបណ្តឹងទាំងអស់ត្រូវបានដោះស្រាយហើយអ្នកប្តឹងដែលមិនសប្បាយចិត្តនឹងដំណោះស្រាយត្រូវបានអនុញ្ញាតអោយដាក់ពាក្យបណ្តឹងទៅការិយាល័យ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ។
លោកនិយាយថា៖ «បន្ទាប់ពីពិនិត្យលើទិដ្ឋភាពច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោលពាក្យបណ្តឹង។ LDP បានដាក់ពាក្យបណ្តឹងចោទប្រកាន់មន្ត្រីចុះឈ្មោះបោះឆ្នោតពីការចេញលិខិតបញ្ជាក់ទីលំនៅខុសនឹងនីតិវិធីដោយស្នើសុំដាក់ទណ្ឌកម្មពួកគេ »។
លោកបាននិយាយថា៖ «ការថតរូបទិន្នន័យចុះឈ្មោះអ្នកបោះឆ្នោតគឺផ្ទុយនឹងនីតិវិធី។ អ្នកសង្កេតការណ៍ចុះឈ្មោះអ្នកបោះឆ្នោតមិនយល់ពីនីតិវិធីទេ។ ពួកគេបានព្យាយាមថតរូប។ វាគឺជាការការពារដំណើរការចុះឈ្មោះបោះឆ្នោត»៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី