សមត្ថភាពភាសាអង់គ្លេសដែលជាភាសាទី ២ របស់ប្រជាជនកម្ពុជាបានកើនឡើងកាន់តែខ្លាំង ខណៈដែលប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ទី ៨៤ ក្នុងចំណោម ១០០ ប្រទេសលើពិភពលោកលើជំនាញភាសាអង់គ្លេស យោងតាមក្នុងសន្ទស្សន៍នៃជំនាញភាសាអង់គ្លេស (EF EPI) ឆ្នាំ2020។
ប្រទេសនេះបានជាប់ចំណាត់ថ្នាក់ទី ៩៤ នៅក្នុងការស្ទង់មតិកាលពីឆ្នាំមុន ពោលគឺបានកើនឡើង ១០ ចំណាត់ថ្នាក់នៅឆ្នាំនេះ។ ទោះយ៉ាងណា ប្រទេសកម្ពុជានៅតែស្ថិតនៅក្រោមការចាត់ថ្នាក់ជាប្រទេសដែលមានជំនាញសមត្ថភាពទាបចាប់តាំងពីការដាក់បញ្ចូលក្នុងឆ្នាំ ២០១៤ ។
ក្នុងចំណោមប្រទេសចំនួន ២៤ នៅអាស៊ីប្រទេសកម្ពុជាស្ថិតនៅលំដាប់ទី ១៨ ។ ប្រទេសសិង្ហបុរី ដែលជាប្រទេសដែលមានជំនាញភាសាអង់គ្លេសខ្ពស់ខ្លាំងបានឈរនៅចំណាត់ថ្នាក់លេខ ១០ ក្នុងចំណោម ១០០ ប្រទេសទូទាំងពិភពលោក ប៉ុន្តែលេខមួយនៅក្នុងអាស៊ី។
ហ្វីលីពីនស្ថិតនៅលំដាប់ទី ២ នៅអាស៊ីបន្ទាប់មកគឺម៉ាឡេស៊ី កូរ៉េខាងត្បូង ម៉ាកាវ ចិន និងឥណ្ឌា។
ប្រទេសថៃ ឈរនៅលំដាប់ទី ៨៩ ក្នុងចំណោមចំណាត់ថ្នាក់ពិភពលោកខណៈឈរនៅលេខ ២០ នៅអាស៊ី។ ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់ទី ៦៥ និងទី ១៣ នៅអាស៊ី។
តាហ្ស៊ីគីស្ថានជាប្រទេសមួយនៅអាស៊ីកណ្តាលត្រូវបានជាប់ចំណាត់ថ្នាក់ទាបបំផុតទាំងនៅលើពិភពលោកនិងនៅអាស៊ី។
កត្តាជាច្រើនបានជះឥទ្ធិពលដល់ជំនាញភាសាអង់គ្លេសរបស់កម្ពុជា។ ទីមួយ គឺភាពក្រីក្រដែលជាបញ្ហានៅក្នុងប្រទេសតាំងពីយូរយារណាស់មកហើយ។ កុមារមួយចំនួនត្រូវបានបង្ខំអោយឈប់ទៅសាលារៀនតាំងពីនៅក្មេងដើម្បីជួយឪពុកម្តាយរកប្រាក់។
កត្តាមួយទៀតគឺគ្រួសារដែលមានប្រាក់ចំណូលទាប ដែលត្រូវបញ្ជូនកូនៗរបស់ពួកគេទៅសាលារដ្ឋដែលបង្រៀនភាសាអង់គ្លេសដែលមានស្តង់ដារទាបជាងនៅសាលាឯកជន។
អ្នកស្រី អាត វារី ម្តាយមានកូនបីនាក់រស់នៅសង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញបានបញ្ជូនកូនភ្លោះរបស់គាត់ទៅសាលាឯកជនមួយតាំងពីនៅក្មេង។ ពួកគេទាំងពីរបានចាប់ផ្តើមសិក្សារនៅអាយុ ៣ ឆ្នាំ។ នៅអាយុ ៥ ឆ្នាំកូនភ្លោះទាំងពីរចេះនិយាយភាសាអង់គ្លេសគួរអោយកត់សម្គាល់រួចទៅហើយ ខណៈកូនប្រុសពៅអាយុ ២ ឆ្នាំរបស់គាត់ក៏ចាប់ផ្តើមរៀនភាសាអង់គ្លេសដែរ។
អ្នកស្រីបាននិយាយថា៖ «សព្វថ្ងៃ នេះជារឿងធម្មតាដែលឪពុកម្តាយភាគច្រើននៅភ្នំពេញបញ្ជូនកូនៗ របស់ពួកគេទៅសាលាឯកជនមុនពេលកំណត់។ យើងមើលឃើញថាភាសាអង់គ្លេសជាភាសាអន្តរជាតិដ៏សំខាន់មួយដែលកុមារនឹងត្រូវការសម្រាប់ជីវិតនិងអាជីពរបស់ពួកគេនាពេលអនាគត»។
អ្នកនិយាយភាសាអង់គ្លេសស្ទាត់ជំនាញនៅកម្ពុជាភាគច្រើនត្រូវបានគេរកឃើញនៅតាមទីក្រុងធំៗ គឺភ្នំពេញនិងសៀមរាប។
EF EPI ដែលជាក្រុមហ៊ុនអប់រំអន្តរជាតិបានឧបត្ថម្ភដល់ការសិក្សាដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយចាត់ចំណាត់ថ្នាក់ប្រទេសនិងតំបន់តាមរយៈការសាកល្បងដែលមានលក្ខណៈស្តង់ដារ។ សន្ទស្សន៍នេះគឺជាការស្ទង់មតិតាមអ៊ិនធរណេតដែលត្រូវបានបោះពុម្ពផ្សាយលើកដំបូងក្នុងឆ្នាំ ២០១១ ដោយផ្អែកលើទិន្នន័យសាកល្បងពី ១.៧ លានដែលត្រូវបានពិនិត្យវាយតម្លៃ។
ការធ្វើតេស្តត្រូវបានធ្វើឡើងតាមអ៊ិនធរណេត។ ការស្ទង់មតិដែលមិនអាចបញ្ចប់បានតាមអ៊ិនធរណេតត្រូវបានគេដកចេញដោយស្វ័យប្រវត្តិដែលបានលើកឡើងពីបញ្ហានៃការជ្រៀតចូលអ៊ិនធរណេត ទំនាក់ទំនងរវាងចំនួនអ្នកប្រើប្រាស់អ៊ិនធរណេតនៅក្នុងប្រទេសនីមួយៗនិងតំបន់ប្រជាសាស្ត្រ។
នេះបើយោងតាមសន្ទស្សន៍ នៅក្នុងប្រទេស ឬតំបន់ដែលការប្រើប្រាស់អ៊ិនធរណេតមានកម្រិតទាប ផលប៉ះពាល់នៃការដកចេញត្រូវបានគេរំពឹងថាខ្លាំងបំផុត។
ការជ្រៀតចូលអ៊ិនធរណេតរបស់ប្រទេសកម្ពុជាមានចំនួន ៤០ ភាគរយប្រទេសថៃមាន ៥៦ ភាគរយនិងវៀតណាមមានចំនួន ៧០ ភាគរយដែលពន្យល់ពីមូលហេតុដែលប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់។
ហូល្លង់បានឈរនៅចំណាត់ថ្នាក់កំពូលនៃពិភពលោកជាមួយនឹងការជ្រៀតចូលអ៊ិនធរណេត ៩៤ ភាគរយដោយមានជំនាញខ្ពស់តាំងពីឆ្នាំ ២០១១ ហើយមិនដែលទាបជាងចំណាត់ថ្នាក់លេខ ៣ ឡើយ។ វាត្រូវបានបន្តដោយដាណឺម៉ាក ហ្វាំងឡង់ ស៊ុយអែត និងន័រវែស។
លោក Ismail Abdul Samat នាយកសាលាបឋមសិក្សា SCIA បានចែករំលែកថាសាលាឯកជន ឬអន្តរជាតិភាគច្រើននៅកម្ពុជាប្រកាន់យកកម្មវិធីសិក្សាដែលត្រូវបានគេប្រៀបធៀបនឹងស្តង់ដារអន្តរជាតិដូចជា Cambridge International Baccalaureate (IB) និង Singapore iPSLE។ ម្យ៉ាងវិញទៀតគ្រូមកពីសាលាអន្តរជាតិភាគច្រើនស្វាគមន៍ពីមជ្ឈដ្ឋាន និងសញ្ជាតិផ្សេងៗគ្នាដែលនឹងផ្តល់បរិយាកាសដល់សិស្សអោយប្រើប្រាស់និងអនុវត្តភាសាអង់គ្លេសជាប្រចាំ។
លោកបន្ថែមថា៖ «ក្រៅពីការរៀបចំសិស្សសម្រាប់ការប្រលងសរសេរ គ្រូរបស់យើងប្រើវិធីជាប្រព័ន្ធនៃការគ្របដណ្តប់លើជំនាញភាសាសំខាន់ៗតាមរបៀបដែលមានរចនាសម្ព័ន្ធដូចជាការអាន ការនិយាយ ការស្តាប់ និងការសរសេរ ដើម្បីបង្កើនការរៀនសូត្រភាសា។ គ្រូបង្រៀនប្រើជំនាញច្នៃប្រឌិតនិងការត្រិះរិះពិចារណាក្នុងមេរៀនរបស់ពួកគេ។ ពួកគេក៏ជំរុញទឹកចិត្តស្រឡាញ់ភាសាតាមរយៈសកម្មភាពដូចជាការនិទានរឿង ការនិយាយ ការសម្តែង និងការជជែកវែកញែក»៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី