cellcard cellcard cellcard

ប្រជាជន​ភាគច្រើន​យល់ថា អំពើពុករលួយ​នៅកម្ពុជា​ថយចុះ

រី សុ​ចាន់ / Khmer Times Share:
​អង្គការ​តម្លាភាព​កម្ពុ​ជា ​ធ្វើ​សន្និសីទ​សារព័ត៌មាន​តាម​អ៊ិន​ធរ​ណេ​ត​ដោយ​កម្មវិធី​ហ្សូ​ម លើ​ការបោះពុម្ពផ្សាយ របាយការណ៍​វិធានការណ៍​ប្រឆាំង​អំពើពុករលួយ​ជាស​កល ២០២០ ។ KT/​ប៉ាន រចនា​

​អង្គការ​តម្លាភាព​អន្តរជាតិ​កាលពី​ម្សិលមិញ​បានចេញ​ផ្សាយ​របាយការណ៍​មួយ​ដែលមាន​ចំណងជើង​ថា «​ការ​វាស់​អំពើពុករលួយ​ជា​សកល​ឆ្នាំ​២០២០» (GCB) ដែល​បាន​រកឃើញថា ប្រជាជន​កម្ពុជា​ភាគច្រើន​ជឿជាក់ថា អំពើពុករលួយ​នៅតែមាន ប៉ុន្តែ​បាន​កត់​ស​ម្គាល់​ថា​មានការ​ថយចុះ​នៅក្នុង​ប្រទេស​នេះ​។​

aba

​អង្គការ​តម្លាភាព​កម្ពុ​ជា​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ថា​៖ «​លទ្ធផល​បង្ហាញថា ការ​សូកប៉ាន់​នៅតែមាន​ជាទូទៅ​នៅក្នុង​សេវាសាធារណៈ​សំខាន់ៗ​របស់​ប្រទេស​។​

របាយការណ៍​នេះ​បាន​និយាយថា GCB គឺជា​ការស្ទង់មតិ​លម្អិត​ធំ​បំផុត​មួយ​នៃ​ទស្សនៈ​របស់​ពលរដ្ឋ​លើ​អំពើពុករលួយ និង​បទពិសោធន៍​នៃ​ការ​សូកប៉ាន់​នៅក្នុង​ប្រទេស​ចំនួន ១៧ នៅ​ទូទាំង​តំបន់​។​

GCB បាន​ស្ទង់​មតិ​មនុស្ស​ជិត ២ ម៉ឺន​នាក់​នៅ​ទ្វីបអាស៊ី​ចាប់ពី​ខែមីនា​ឆ្នាំ ២០១៩ រហូតដល់​ខែកញ្ញា​ឆ្នាំ ២០២០ ។ នៅ​ប្រទេស​កម្ពុជា ការស្ទង់មតិ​នេះ​ធ្វើឡើង​តាមរយៈ​ការសម្ភាស​តាម​ទូរស័ព្ទ​ចំនួន ១០០០ នាក់​នៅ​ចន្លោះ​ខែមិថុនា​និង​ខែកក្កដា​។​

​របាយការណ៍​បាន​និយាយថា​៖ «​លទ្ធផល​នៃ GCB ២០២០ នេះ​បង្ហាញ​ពី​ភាពប្រសើរឡើង​នៃ​ការយល់ឃើញ​របស់​សាធារណៈ​ចំពោះ​អំពើពុករលួយ​បើ​ប្រៀបធៀប​នឹង​របាយការណ៍​មុន​ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ ២០១៦»​។​

​នៅក្នុង GCB ឆ្នាំ ២០១៦ មានតែ ២៨ ភាគរយ​នៃ​អ្នកឆ្លើយ​សំណួរ​គិតថា​កម្រិត​នៃ​អំពើពុករលួយ​​នៅ​កម្ពុជា​បាន​ថយចុះ ​ខណៈ ៦៦ ភាគរយ​ជឿជាក់ថា​វា​នៅតែ​ដដែល​ឬ​បាន​កើនឡើង​។​

​ម្យ៉ាងវិញទៀត​នៅក្នុង​ឆ្នាំ ២០២០ GCB អ្នកឆ្លើយ​សំណួរ ៥៥ ភាគរយ​យល់ថា​កម្រិត​នៃ​អំពើពុករលួយ​បាន​ធ្លាក់ចុះ​ខណៈដែល ៤១ ភាគរយ​ទៀត​ជឿថា​វា​នៅតែ​មិន​ផ្លាស់ប្តូរ ឬ​កើនឡើង​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា​៖ «​ទោះបី​ការយល់ឃើញ​របស់​សាធារណៈជន​ចំពោះ​អំពើពុករលួយ​នៅ​កម្ពុ​ជាមាន​ភាពប្រសើរ​ឡើង​ក៏ដោយ លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​បង្ហាញថា​ស្ថាប័ន​តុលាការ ប៉ូលីស និង​មន្ត្រី​រដ្ឋាភិបាល​នៅតែ​បន្ត​ត្រូវបាន​គេ​មើលឃើញថា​ជា​ស្ថាប័ន ឬ​ក្រុម​ដែលមាន​អំពើពុករលួយ​បំផុត​»​។​

​របាយការណ៍​បាន​និយាយថា​៖ «​ឧទាហរណ៍ អ្នកឆ្លើយ​សំណួរ ៨៩ ភាគរយ​ជឿថា​មាន​អំពើពុករលួយ​ក្នុងចំណោម​មន្ត្រី ប៉ូលីស បន្ទាប់មក​មន្ត្រី​រដ្ឋាភិបាល ៧២ ភាគរយ​និង​តុលាការ ៧២ ភាគរយ​»​។​

​យោងតាម​បទពិសោធន៍​នៃ​អំពើពុករលួយ​ជាការ​ការព្រួយបារម្ភ លទ្ធផល​បង្ហាញថា​ការ​សូកប៉ាន់​នៅតែ​បន្ត​រីក​រាលដាល​នៅក្នុង​សេវាសាធារណៈ​មួយចំនួន​។​

៣៧ ភាគរយ​នៃ​អ្នក​ឆ្លើយតប​ដែល​បាន​ប្រើប្រាស់​សេវាសាធារណៈ​ក្នុង​រយៈពេល ១២ ខែ​កន្លងមកនេះ​បាន​និយាយថា​ពួកគេ​បាន​បង់ប្រាក់​សំណូក​ដើម្បី​ទទួលបាន​សេវាកម្ម​នេះ​។ ក្នុងចំណោម​អ្នក​ដែល​និយាយថា​ពួកគេ​បាន​បង់ប្រាក់​សំណូក ៤០ ភាគរយ​និយាយថា​ពួកគេ​បាន​សូក​សំណូក​ដើម្បី​ទទួលបាន​ឯកសារ ឬ​អត្តសញ្ញាណប័ណ្ណ​ហើយ ៣៨ ភាគរយ​និយាយថា​ពួកគេ​បាន​សូក​សំណូក​ឲ្យ​ទៅ​​ប៉ូលីស​។​

តាម​ការយល់ឃើញ​ពី​ការចូលរួម​របស់​សាធារណៈជន ៦៨ ភាគរយ​នៃ​អ្នក​ដែល​បាន​សម្ភាសន៍​ជឿជាក់ថា​ប្រជាជន​សាមញ្ញ​អាចធ្វើអោយ​មានការ​ផ្លាស់​ប្តូរ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។ លទ្ធផល​នៃ​ការស្ទង់មតិ​នេះ​បង្ហាញថា​មាន​ឧបសគ្គ​ធំៗ​ដែល​រារាំង និង​លើកទឹកចិត្ត​ប្រជាជន​មិនអោយ​ចូលរួម​ក្នុង​សកម្មភាព​បែបនេះ​។​

របាយការណ៍​បាន​និយាយថា​៖ «​ឧទាហរណ៍​មានតែ ២.៥ ភាគរយ​នៃ​អ្នក​ដែល​បាន​សូក​សំណូក​ដើម្បី​ទទួលបាន​សេវាសាធារណៈ​បាន​និយាយថា​ពួកគេ​បាន​រាយការណ៍​អំពី​អំពើពុករលួយ​។ មានតែ​អ្នក​ឆ្លើយតប ៣៨ ភាគរយ​ប៉ុណ្ណោះ​ដែល​ជឿជាក់ថា​ពលរដ្ឋ​អាច​ផ្តល់ព័ត៌មាន​អំពី​អំពើពុករលួយ​ដោយ​គ្មាន​ការភ័យខ្លាច​ខណៈ ៥៧ ភាគរយ​បាន​និយាយថា​ពួកគេ​ខ្លាច​ការសង​សឹក​ដែល​អាច​កើតមាន​»​។​

​អង្គការ​តម្លាភាព​កម្ពុ​ជា​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ដើម្បី​លុបបំបាត់​រាល់​ទម្រង់​នៃ​អំពើពុករលួយ​នៅក្នុង​វិស័យ​សាធារណៈ និង​ដើម្បី​ផ្តល់​សិទ្ធិអំណាច​និង​លើកកម្ពស់​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​។​

​លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​នៅ​កម្ពុជា​បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អ៊ិន​ធឺ​ណេ​ត​កាលពី​ម្សិលមិញ​ថា អំពើពុករលួយ​នៅតែ​បន្ត​ធ្វើអោយ​អន្តរាយ​ដល់​គ្រប់​វិស័យ​ហើយ​ត្រូវបាន​គេ​ចាត់ទុកថា ជា​ភ្នាក់ងារ​ដើម្បី​ជួយ​សម្រួល​ដល់​ភាពមិនប្រក្រតី​នៅក្នុង​គ្រប់​វិស័យ​ដូចជា​​ឧក្រិដ្ឋកម្ម សេវាសាធារណៈ ការវិនិយោគ និង​ពាណិជ្ជកម្ម​។​

លោក​បន្តថា​៖ «​វា​ជា​ឧបសគ្គ​ក្នុងការ​អនុវត្ត​ច្បាប់ និង​រារាំង​ប្រជាជន​របស់​យើង​ពី​ការទទួលបាន​​យុត្តិធម៌​។ នៅពេលដែល​អំពើពុករលួយ​រីក​រាលដាល​វា​ជះឥទ្ធិពល​ដល់​គ្រប់​វិស័យ​ទាំងអស់​»​។​

លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​៕ ​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

គ.ជ.ប បាន​ទទួល​បណ្តឹង​ចំនួន ១២៨ បណ្តឹង​ជុំវិញ​បញ្ជី និង​ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​

Next Article

សន្ទស្សន៍​សមត្ថភាព​ភាសា​អង់គ្លេស​​របស់​ប្រជាជន​កម្ពុជា​មានការកើន​ឡើង​