ក្រសួងអភិវឌ្ឍន៍ជនបទបានប៉ាន់ប្រមាណថាថវិកាចំនួន ៩១ លានដុល្លារត្រូវការជាចាំបាច់ដើម្បីជួសជុលផ្លូវថ្នល់ និងម៉ាស៊ីនបូមទឹកដែលខូចខាតដោយសារទឹកជំនន់កាលពីពេលថ្មីៗនេះ។
ថវិកាត្រូវបានប្រកាសកាលពីម្សិលមិញនៅក្នុងសន្និសីទក្រសួងដែលសំដៅពិភាក្សាអំពីចំនួនទឹកប្រាក់ដែលត្រូវការសម្រាប់ការជួសជុលនៅខេត្តចំនួន ១៩ និងរាជធានីភ្នំពេញដែលរងផលប៉ះពាល់។
ក្រសួងសេដ្ឋកិច្ចបានសន្យារួចហើយថានឹងចំណាយ ១៥ លានដុល្លារដើម្បីដោះស្រាយការខូចខាតផ្លូវនេះ។
លោក ចាន់ ដារ៉ុន អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទបាននិយាយថា ផ្លូវថ្នល់ប្រវែង ៥ ៣៨៩ គីឡូម៉ែត្របានរងផលប៉ះពាល់ ដោយក្នុងចំណោមនោះ ៣ ១៥៤ គីឡូម៉ែត្ររងការខូចខាតធ្ងន់ធ្ងរ។
លោកថាក្រសួងបានជ្រើសរើសខេត្តចំនួន ៣ ដើម្បីជាខេត្តអាទិភាព។
លោកបានបន្ថែមថា៖ «ខេត្តបន្ទាយមានជ័យត្រូវបានបានបម្រុងទុកចំនួន ៤,៦ លានដុល្លារខេត្តពោធិ៍សាត់ ៤,៦ លានដុល្លារនិងខេត្តបាត់ដំបង ៣,៣ លានដុល្លារ»។
លោកបន្តថា ថវិកាដែលនៅសល់ចំនួន ១៥ លានដុល្លារត្រូវបានបម្រុងទុកសម្រាប់ជំនួយបន្ទាន់។ ក្រសួងបានស្នើសុំថវិកាបន្ថែមទៀតពីរដ្ឋាភិបាលហើយកំពុងរង់ចាំជំនួយពីដៃគូអភិវឌ្ឍន៍ដើម្បីឈានដល់ថវិកាប៉ាន់ស្មានដែលត្រូវការ។
លោកនិយាយថា៖ «យើងកំពុងមមាញឹកក្នុងការរៃអង្គាសថវិកាពីដៃគូអភិវឌ្ឍន៍ ប៉ុន្តែយើងមិនអាចបញ្ជាក់ពីចំនួនពិតប្រាកដដែលបានលើកឡើងទេដូច្នេះយើងបានសម្រេចចិត្តផ្តល់អាទិភាពដល់កន្លែងដែលត្រូវការជំនួយបន្ទាន់បំផុត»។
លោកបន្ថែមថា៖ «យើងនឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន និងទំនប់នៅតាមខេត្តដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ យើងត្រូវប្រញាប់ជួសជុលផ្លូវដើម្បីអោយប្រជាជនធ្វើដំណើរ»។
ក្រសួងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា ខ្លួនគ្រោងនឹងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅពាក់កណ្តាលឆ្នាំក្រោយ។
ជាផ្នែកមួយនៃថវិកាប៉ាន់ស្មានចំនួន ៩១ លានដុល្លារ ថវិកាចំនួន ៩១ លានដុល្លារត្រូវបានបម្រុងទុកសម្រាប់ស្តារនិងជួសជុលម៉ាស៊ីនបូមទឹកសរុបចំនួន ៤ ១៥៥ កន្លែងដែលត្រូវបានបំពុលនិងប្រេះស្រាំដោយសារទឹកជំនន់។ នៅពេលរដូវប្រាំងជិតមកដល់នេះនឹងក្លាយជាបញ្ហាបន្ទាន់។
យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទឹកជំនន់ភ្លាមៗបានជះឥទ្ធិពលដល់ខេត្តចំនួន ១៩ និងរាជធានី។ រួមមានខេត្តពោធិសាត់ ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគីរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង និងកំពង់ធំ។
ប្រជាជនសរុបចំនួន ១៤៩ ៨៥៧ គ្រួសារឬប្រជាជន ៥៩៩ ៤២៨ នាក់បានរងផលប៉ះពាល់។ ក្នុងចំណោមពួកគេ ១១ ៨៩៦ គ្រួសារឬប្រជាជន ៤៧ ៥៨៤ នាក់ត្រូវបានជម្លៀសចេញ ហើយមនុស្ស ៤៤ នាក់បានស្លាប់ដោយសារទឹកជំនន់៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី់