សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) កាលពីម្សិលមិញបានផ្តល់ថវិកាចំនួន ៦០ ម៉ឺនដុល្លារជាជំនួយមនុស្សធម៌ដើម្បីគាំទ្រដល់ការឆ្លើយតបនឹងទឹកជំនន់នៅកម្ពុជា។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបាននិយាយកាលពីម្សិលមិញថាប្រទេសកម្ពុជាបានជួបប្រទះនូវទឹកជំនន់ធ្ងន់ធ្ងរថ្មីៗនេះដែលបានបណ្តាលអោយគ្រួសារនិងសហគមន៍រងគ្រោះ និងទទួលរងនូវការឈឺចាប់កាន់តែខ្លាំងថែមទៀតដោយសារតែជំងឺរាតត្បាត។
លោកបន្តថា គ្រួសារមួយចំនួនបានបាត់បង់ជីវភាព និងផលដំណាំ ដូច្នេះសហរដ្ឋអាមេរិកកំពុងបន្តផ្តល់ជំនួយសង្គ្រោះតាមរយៈកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ(WFP)។
លោកបានបន្ថែមថា៖ «យើងសង្ឃឹមថាការចូលរួមវិភាគទាននេះនឹងជួយដល់ក្រុមគ្រួសារជនរងគ្រោះ។ យើងត្រូវបានផ្លាស់ប្តូរដោយតំរូវការសំខាន់របស់ប្រជាជនកម្ពុជាដែលងាយរងគ្រោះជាច្រើនដោយសារទឹកជំនន់នៅឆ្នាំនេះ»។
លោកនិយាយថា សហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយសង្គ្រោះបន្ថែមនេះនៅក្នុងសាមគ្គីភាពជាមួយសហគមន៍ដែលរងផលប៉ះពាល់ដោយទឹកជំនន់។
ជាមួយនឹងថវិកាបន្ថែមនេះការិយាល័យរបស់ទីភ្នាក់ងារ USAID សំរាប់ជំនួយមនុស្សធម៌កំពុងគាំទ្រដល់កម្មវិធីស្បៀងអាហារពិភពលោកក្នុងការផ្តល់ជំនួយបន្ទាន់ដើម្បីជួយដល់គ្រួសារចំនួន ៣ ៧២៥ គ្រួសារដែលរងផលប៉ះពាល់ក្នុងការទិញស្បៀងអាហារ។
ជំនួយនេះបង្កើតឡើងដោយជំនួយដំបូងរបស់ USAID ចំនួន ១០០ ០០០ ដុល្លារដែលបានផ្តល់ទៅអោយកម្មវិធីស្បៀងអាហារពិភពលោកបន្ទាប់ពីមានទឹកជំនន់ភ្លាមៗ ដើម្បីចែកចាយស្បៀងអាហារបន្ទាន់ដល់ប្រជាជនជាង ២ ៥៦០ គ្រួសារនៅតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងខេត្តពោធិ៍សាត់។
លោកស្រី Claire Conan តំណាងរបស់កម្មវិធីស្បៀងអាហារពិភពលោកបានអោយដឹងកាលពីម្សិលមិញថាកម្មវិធីស្បៀងអាហារពិភពលោកសូមថ្លែងអំណរគុណដល់ទីភ្នាក់ងារ USAID ចំពោះការគាំទ្របន្ថែមនេះដល់ក្រុមគ្រួសារងាយរងគ្រោះដែលរងគ្រោះដោយទឹកជំនន់។
លោកស្រីបន្តថាកម្មវិធីស្បៀងអាហារពិភពលោកនឹងប្រើថវិកានៅខេត្តពោធិ៍សាត់ហើយបន្ទាប់មកនៅខេត្តបាត់ដំបង។ យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនិងដៃគូក្នុងដំណាក់កាលថ្មីនៃការឆ្លើយតបនឹងទឹកជំនន់នេះ។
លោកស្រីបានបន្ថែមថា៖ «ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ការជាងើបឡើងវិញរបស់ពួកគេ ជាពិសេសដោយសារពួកគេភាគច្រើនកំពុងរងផលប៉ះពាល់ពីជំងឺរាតត្បាត»។
លោកស្រីបន្តថាកម្មវិធីស្បៀងអាហារពិភពលោកបានជួយពង្រឹងប្រព័ន្ធគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) ។
លោកស្រីថា៖ «នេះបានរួមចំណែកដល់សមត្ថភាពរបស់ NCDM ដើម្បីតាមដានហានិភ័យនិងផលប៉ះពាល់នៅពេលទឹកជំនន់បានកើតឡើង និងប្រមូលធនធានយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបនៅតំបន់ដែលរងផលប៉ះពាល់»។
កម្មវិធីស្បៀងអាហារពិភពលោកក៏បានគាំទ្រវេទិកាឆ្លើយតបផ្នែកមនុស្សធម៌ជួយសម្របសម្រួលការឆ្លើយតបទឹកជំនន់នៅគ្រប់វិស័យនិងបង្កើតរបាយការណ៍ស្ថានភាពទឹកជំនន់ក្នុងពេលមានវិបត្តិ។
ចាប់តាំងពីឆ្នាំ ២០០០ ទីភ្នាក់ងារ USAID បានផ្តល់ថវិកាជិត ១៣ លានដុល្លារអាមេរិកក្នុងការឆ្លើយតបការត្រៀមបង្ការនិងការកាត់បន្ថយគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា។ ឆ្នាំនេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី