ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាបន្តជួបប្រទះនឹងបញ្ហាប្រឈមដែលកើតចេញពីជំងឺកូវីដ-១៩ និងការបំផ្លិចបំផ្លាញដោយសារ ទឹកជំនន់នៅទូទាំងប្រទេសកាលពីពេលថ្មីៗ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ (BFIs) នៅកម្ពុជាកំពុងជួយដល់ប្រជាពលរដ្ឋទាំងនោះក្នុងគ្រាលំបាក។
ចាប់តាំងពីដើមឆ្នាំ ២០២០ គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគាររបស់កម្ពុជា បានរៃអង្គាស មូលនិធិជាង ៥០ ម៉ឺនដុល្លារ ដើម្បីបរិច្ចាគដល់វិស័សុខាភិបាល រួមទាំងសម្ភារៈសុខាភិបាល និងគ្រឿងឧបភោគបរិភោគ សម្រាប់ឧបត្ថម្ភដល់សហគមន៍ដែលងាយរងគ្រោះ។
បណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា (ABC) មានប្រសាសន៍ថា៖ “វិស័យ ធនាគារ និងហិរញ្ញវត្ថុ គឺជា ‘អាជីវកម្មជាមួយមនុស្ស’ ដែលកើតចេញពីបេះដូង ហើយត្រូវបានជំរុញដោយសេចក្ដីប្រាថ្នាចង់ជួយមនុស្សឲ្យជោគជ័យ និងរីកចម្រើនតាមរយៈសេវា ហិរញ្ញវត្ថុផ្លូវការ។ សេចក្ដីប្រាថ្នានេះ ក៏ត្រូវបានពង្រីកជួយដល់ប្រជាជនទីទ័ល តាមមធ្យោបាយដែលយើងអាចជួយបាន”។
យោងតាមការអង្កេតថ្មីៗដែលរៀបចំដោយសមាគមបានបង្ហាញថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាងពាក់កណ្ដាលនៅកម្ពុជា បានបញ្ចូលកម្មវិធីសង្គមទៅក្នុងបេសកម្មស្នូលរបស់ខ្លួន ដោយក្នុងនោះមានគ្រឹះស្ថានមួយចំនួនប្ដេជ្ញាបរិច្ចាក ប្រាក់ចំណូលក្នុងកម្រិតភាគរយណាមួយដើម្បីគាំទ្រដល់បុព្វហេតុសង្គមទាក់ទងនឹងបរិស្ថាន អប់រំ សុខាភិបាល និងបរិយាប័ន្នហិរញ្ញវត្ថុ។
លោក គា បូរាណ ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានពន្យល់ថា៖ “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានតួនាទីពិសេសនៅក្នុងសង្គមកម្ពុជាក្រោយសម័យសង្គ្រាម ហើយសមាជិករបស់យើងភាគច្រើនបានបញ្ចូលកម្មវិធីសង្គម ទៅក្នុងប្រតិបត្តិការស្នូលរបស់ខ្លួន។
លោកបានបន្តទៀតថា៖ “ប៉ុន្តែកិច្ចការទាំងនេះ គឺលើសពីការបរិច្ចាគមនុស្សធម៌ ឬការងារស្ម័គ្រចិត្តទៅទៀត បើទោះបីជាការងារទាំងអស់នេះសុទ្ធតែមានសារៈសំខាន់ក្ដី ហើយកម្មវិធីសង្គម នេះ ជួយឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្ដល់អាទិភាពលើសុខុមាលភាពរបស់អតិថិជន នៅក្នុងគ្រប់ការងាររបស់ខ្លួន”។
លោកបន្ថែមថា៖ “អំឡុងពេលជួបប្រទះជំងឺកូវីដ-១៩ យើងបានបង្កើនកិច្ចខិតខំប្រឹង ប្រែងទ្វេរដងដើម្បីជួយអតិថិជន ដូចជាតាមរយៈការរៀបចំប្រាក់ឥណទានឡើងវិញដល់ អតិថិជនចំនួនជាង ២៧ ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ ហើយយើងនៅតែបន្តកិច្ចការងារនេះទៅទៀត ខណៈពេលដែលយើងកាន់តែឃើញច្បាស់ពីទំហំជំងឺកូវីដ-១៩ និងផលប៉ះពាល់នៃជំងឺនេះមកលើសេដ្ឋកិច្ច”។
លោក គា បុរាណ មានប្រសាសន៍ទៀតថា៖ “យើងក៏កំពុងធ្វើការជាមួយនឹងសមាជិក របស់សមាគម ដើម្បីរៀបចំច្បាប់ ដែលបច្ចុប្បន្នកំពុងតែព្រាងឡើង ដែលនឹងបញ្ចូល លក្ខខណ្ឌការពារអតិថិជននៅក្នុងច្បាប់របស់កម្ពុជា ហើយនេះជាកិច្ចការដែលយើង គាំទ្រយ៉ាងពេញទំហឹង”។ ហើយលោកបានកត់សម្គាល់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារឈានមុខចំនួន៩ បានទទួលវិញ្ញាបនកម្មពី Smart Client Protection Principles ដែលជាអង្គការពិភពលោកមួយ ផ្ដល់វិញ្ញាបនកម្មដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ការប្រកាន់ខ្ជាប់ទៅនឹងគោលការណ៍ការពារអតិថិជន។
បន្ថែមលើការពង្រឹងច្បាប់ សមាគមមីទាំងពីរ រួមជាមួយធនាគារជាតិនៃកម្ពុជា (NBC) កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីលើក កម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈយុទ្ធនាការផ្សព្វផ្សាយពីគន្លឹះមូលដ្ឋានទាក់ទងនឹងការខ្ចី និងផ្ដល់ប្រាក់កម្ចីប្រកបដោយនិរន្តរភាព។
យុទ្ធនាការនេះនឹងប្រើប្រាស់បណ្ដាញព័ត៌មានសង្គមឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយនានា ក៏ដូចជាសិក្ខាសាលាគោលដៅសម្រាប់សហគ្រាសធុនតូចនិងមធ្យម ស្ត្រីជាសហគ្រិន និង អាជីវកម្មផ្នែកកសិកម្ម ដើម្បីលើកកម្ពស់គុណភាពនៃការខ្ចីប្រាក់ ក្នុងចំណោមប្រជាពលរដ្ឋដែល “ខ្វះសេវាធនាគារ” ។
បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍ថា៖ “ឧស្សាហកម្មរបស់យើងស្ថិតក្នុងស្ថានភាព ដែលមានការវិវត្តជាប្រចាំ ខណៈដែលយើងកំពុងប្រឈមនឹងបញ្ហាកើតចេញពី ជំងឺរាតត្បាត ក៏ដូចជា ឱកាសដែលកើតចេញពីកំណើនពិពិធកម្មសេដ្ឋកិច្ច ដោយក្នុងនោះ ការប្រើប្រាស់ប្រព័ន្ធ ឌីជីថលកំពុងផ្លាស់ប្ដូររបៀបរបបធ្វើអាជីវកម្មរបស់មនុស្សគ្រប់គ្នា”។
លោកបានបន្ថែមទៀតថា៖ “វិស័យហិរញ្ញវត្ថុមានការប្ដេជ្ញាក្នុងការធានាថា ការវិវត្តនេះ នឹងបន្តទៅមុខ ហើយផ្ដល់អាទិភាពលើអតិថិជនរបស់យើង តាមរយៈការពង្រឹងសេវាការពារ និងការអប់រំផ្នែកហិរញ្ញវត្ថុឲ្យប្រសើរជាងមុន ដើម្បីជួយពួកគាត់ឲ្យមានសមត្ថភាពទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ”៕