cellcard cellcard cellcard

សហគ្រិន​ខ្មែរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន ជាមួយ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ២៧

សុខ ចាន់ / Khmer Times Share:
លោក ​វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​មូ​យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ដែល​បានទទួល​ហិរញ្ញប្បទាន​។  KT/ជរ សុគន្ធា

​សហគ្រិន​ខ្មែរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្តល់​ហិរញ្ញប្បទាន ជាមួយ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ចំនួន ២៧ ដែល​បានទទួល​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​ជុំ​ទី​១ និង​ជុំ​ទី​២ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល នៃ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (​ម​.​អ​.​ស​.)​។​

​សហគ្រិន​ខ្មែរ ជា​ស្ថាប័ន​ក្រោម​ចំណុះ ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដែល​បង្កើតឡើង​ដោយ មាន​ចក្ខុវិស័យ​ក្លាយជា​ថ្នាល​ជាតិ​សម្រាប់​ការលើកកម្ពស់ គ្រប់​សកម្មភាព​របស់​វិស័យ​សហគ្រិនភាព តាមរយៈ​ការអនុវត្ត​កម្មវិធី​គាំទ្រ និង​ធ្វើការ​ដោយផ្ទាល់ ជាមួយ​ស្ថាប័ន​ដៃគូ​រដ្ឋ និង​ឯកជន​។

​សហគ្រិន​ខ្មែរ ធ្វើការ​គាំទ្រ​ទៅលើ​វិស័យ​អាទិភាព រួមមាន  ធុរកិច្ច​បង្កើត​ថ្មី​បែប​បច្ចេកវិទ្យា  សេវាកម្ម ការកែច្នៃ​ក​សិ​-​ចំនីអាហារ កសិកម្ម​សម្រាប់​ការនាំចេញ និង​ផលិតកម្ម​សម្រាប់ ជំនួស​ការ   នាំចូល ដើម្បី​គាំទ្រ​ដល់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច នវានុវត្តន៍ ការបង្កើន​ផលិតភាព និង​ការបង្កើត​ការងារ​។​

​សហគ្រិន​ខ្មែរ បាន​បង្កើត​កម្មវិធី​កញ្ចប់​ជំនួយ​នេះ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​ផល​លំបាក​បង្កឡើង​ដោយ​វិបត្ដិ​ជម្ងឺ​កូ​វីដ​-១៩ ដែល សហគ្រិន​កម្ពុជា​កំពុងតែ​ប្រឈម​។ កញ្ចប់​ជំនួយ​នេះ​ត្រូវបាន​អនុវត្ត​ជោគជ័យ​ចំនួន ពីរដង​រួចមកហើយ ដែល​ជុំ​ទី​១​បានធ្វើ​ឡើង​នៅ​ខែមីនា ខណៈ​ជុំ​ទី​២​ទើបតែ​បញ្ចប់​កាលពី​ខែកញ្ញា​។ កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ នេះ​គឺជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ដ៏​មុត​ស្រួច​មួយ ដើម្បី​បន្ត​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​បង្កឡើង​ដោយ​វិ​ប​តិ្ដ​ជម្ងឺ កូ​វីដ​-១៩ ដែល​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​កំពុង​ជួបប្រទះ ទាំង​ផ្នែក​ប្រតិបត្តិការ និង​ហិរញ្ញវត្ថុ​។​

​កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​ត្រូវបានធ្វើ​ឡើងជា​បួន​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ សហគ្រិន​ខ្មែរ​ប្រកាស​បើក​ការទទួល​ពាក្យ​តាមរយៈ​បណ្តាញ​សង្គម ដៃគូ​សហការ និង​ស្ថាប័ន​ព័ត៌មាន​ផ្សេងៗ​។ ដំណាក់កាល​ទី​២ សហគ្រិន​ខ្មែរ ចាប់ផ្តើម​សម្រិតសម្រាំង និង​ដាក់ពិន្ទុ​ដោយមាន​សុភនិច្ឆ័យ​ផ្អែក​តាម​លក្ខ​ខ័​ណ្ឌ​វិនិច្ឆ័យ​ស្តង់ដារ​។ ដំណាក់កាល​ទី​៣   សហគ្រិន​ខ្មែរ​អញ្ជើញ​បេក្ខជន ដែល​បាន​ជាប់​វគ្គ​ជម្រុះ​មក​ធ្វើ​បទ​បង្ហាញ​ចំពោះមុខ​គណៈកម្មាធិការ​វាយតម្លៃ ដែលជា​អ្នកជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​វិនិយោគ​។ ដំណាក់កាល​ទី​៤ សហគ្រិន​ខ្មែរ ធ្វើការ​ប្រកាស​ឈ្មោះ សហគ្រិន​ឆ្នើម​ដែល​ទទួលបាន​ជោគជ័យ និង​ទទួលបាន​កញ្ចប់​ជំនួយ​ដល់​សាធារណជន​ក្នុង​គោលបំណង​ជួយ ផ្សព្វផ្សាយ​អាជីវកម្ម ផលិតផល និង​សេវាកម្ម​របស់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​តាមរយៈ​កម្មវិធី​កញ្ចប់​ជំនួយ​ទាំងពីរ​ជុំ សហគ្រិន​ខ្មែរ​ទទួលបាន​ពាក្យ​ស្នើរ​សុំ​សរុប​ពី​ធុរកិច្ច​បង្កើត​ថ្មី ក៏ដូចជា​សហគ្រាស ធុន​តូច និង​មធ្យម​ចំនួន ២៧៨ ដែល​មកពី​វិស័យ​ផ្សេងៗ​គ្នា​ទូទាំង ១៩ រាជធានី​ខេត្ត​។ បន្ទាប់ពី​ឆ្លងកាត់​ការវាយតម្លៃ​ដោយ​សហគ្រិន​ខ្មែរ និង​គណៈកម្មាធិការ​ដែល​មកពី​វិស័យ​ឯកជន​ចំនួន ១៩ រូប សហគ្រិន​ខ្មែរ បាន​រកឃើញ​ធុរកិច្ច បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម ចំនួន​១២ ក្នុង​ជុំ​ទី​១ និង​ចំនួន ១៥ បន្ថែមទៀត​ក្នុង​ជុំ​ទី​២ ដែល​មកពី​វិស័យ​ផ្សេងៗ​ដូចជា កសិកម្ម​/​កសិកម្ម​កែច្នៃ សិប្បកម្ម​កែច្នៃ សេវាកម្ម និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដែល​ទទួលបាន​កញ្ចប់​ជំនួយ​ជា​ហិរញ្ញប្បទាន​ដើម្បី​ចាប់ផ្ដើម​អាជីវកម្ម​ឡើងវិញ​។​

​បន្ថែម​ពីនេះ សហគ្រិន​ខ្មែរ ក៏បានផ្ដល់​ជា​ប្រាក់រង្វាន់​ជូនទៅ​ដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន ១៥ ផ្សេងទៀត ដែល​បាន​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​នៃ​ជុំ​ទាំងពីរ ដើម្បី​ជាការ​លើកទឹកចិត្ត​។ សម្រាប់​កម្មវិធី​កញ្ចប់​ជំនួយ​ទាំងពីរ​ជុំ​នេះ សហគ្រិន​ខ្មែរ​បាន​ប្រើប្រាស់​ថវិការ​សរុប​ប្រមាណ ៤០០,០០០ ដុល្លារ​អាមេរិក ជូន​ទៅដល់​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ចាប់ពី​ចន្លោះ ៥,០០០ ដុល្លារ​ទៅ ២០,០០០ ដុល្លារ ជាមួយនឹង​លក្ខខណ្ឌ​ប្រើប្រាស់​កញ្ចប់​ថវិកា​ររ​យៈ​ពេល ១ ឆ្នាំ​ក្នុងការ​ប្រតិបត្តិការ​អា​ជីវ​កម្ម​។​

​ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  បាន​មានប្រសាសន៍ថា សហគ្រិន​ខ្មែរ ដែលជា​អង្គភាព​ចំណុះឱ្យ​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដើរតួ​ជា ឃ្នា​ស់​ថ្មី ក្នុង​ការជួយ​ផ្សាភ្ជាប់​សហគ្រិន​ទាំង​ក្នុង​ធុរកិច្ច​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ឱ្យ​ក្លាយជា​ភ្នាក់ងារ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​តម្លៃបន្ថែម​ក្នុង​សេដ្ឋកិច្ច ជា​គន្លឹះ​ដ៏​សំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ក្នុង​អាជីវកម្ម និង​ខ្សែ​ច្រវាក់​តម្លៃ និង​បង្កើតជា​ម៉ូ​ដែល​អាជីវកម្ម​ថ្មី​ក្នុងប្រទេស​។​

​សមិទ្ធផល​ដែល​ក្រុមការងារ​បានសម្រេច​ក​ន្ល​ង​មកពី​កម្មវិធី​របស់ខ្លួន​មានដូចជា កម្មវិធី​ជំនួយ​សហគ្រិន​ខ្មែរ​ដែល​ជួយ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​បរិការណ៍​ជំងឺ​កូ​វីដ​-១៩​នេះ និង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​នាពេល​ខាងមុខនេះ​ជាមួយ​ដៃគូ​អន្តរជាតិ​ដូចជា​៖ 500 Startups សាកលវិទ្យាល័យ Stanford និង​សហគ្រិន​សិង្ហ​បុរី (Enterprise Singapore) ជាដើម​។​

​ទាំងនេះ​បានបង្ហាញ​ថា គំរូ​អភិបាលកិច្ច និង​អភិក្រម​ក្នុងការ​អនុវត្ត​កម្មវិធី​របស់​យើង​ដែលមាន​លក្ខណៈ​បត់បែន​រហ័ស​បានចាប់ផ្តើម​បង្កើត​សហ​ថាមពល​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​បាន​យ៉ាង​ល្អប្រសើរ ធានា​នូវ​សមតុល្យ​រវាង​តម្រូវការ​របស់​ម្ចាស់​អាជីវកម្ម និង​គោលបំណង​នៃ​កម្មវិធី និង​សំខាន់​ជាងនេះទៀត កិច្ចការ​ទាំងនេះ​បានផ្តល់​នូវ​ទំនុកចិត្ត​យ៉ាងសំខាន់​ទៅដល់​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ​ថា ម​.​អ​.​ស​. នឹង​អាច​សម្រេច​នូវ​គោលដៅ​របស់ខ្លួន​ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​កម្ពុ​ជាមាន​ការរីកចម្រើន​ទាំង​បរិមាណ និង​គុណភាព​របស់​សហគ្រិន​ក្នុង​រយៈពេល​វែង​ខាងមុខ​។​

​តាមរយៈ​បទ​បង្ហាញ​នៅក្នុង​ពិធី​ចុះហត្ថលេខា​ផ្ដល់​ហិរញ្ញប្បទាន លោក បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ បាន​មានប្រសាសន៍ថា​៖ «​សហគ្រិន​ខ្មែរ​ជឿជាក់ថា ជំនួយ​ហិរញ្ញប្បទាន​កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ​នេះ ជា​ដំណោះស្រាយ​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​មួយ សម្រាប់​គាំទ្រ​ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​សក្តានុពល ក្នុងការ​ចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្ម​ឡើងវិញ​កំឡុងពេល និង​ក្រោយ បរិបទ​វិបត្តិ​កូ​វីដ​-១៩​។​»

​លោក​បណ្ឌិត​ក៏បាន​បន្ថែមថា សហគ្រិន​ខ្មែរ នឹង​បន្ត​រៀបចំ​ក៏ដូចជា​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ដើម្បី​កសាង និង​ជំរុញ ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព នៅ​ប្រទេស​កម្ពុជា​។​

​ក្នុងខណៈ​ពេលដែល​វិបត្តិ​ជម្ងឺ​កូ​វីដ​១៩ បានផ្ដល់​ផលប៉ះពាល់​ពុំ​ធ្លាប់មាន​ពីមុន​ជាច្រើន ដល់​វិស័យ​សហគ្រិនភាព នៅ​កម្ពុជា​។ ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​ក្នុងការ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើង វិញ​។​

​សហគ្រិន​ខ្មែរ នឹង​នៅតែ​បន្ត​ដើរតួនាទី​ជា​ផ្នែក​មួយ​ក្នុងការ​ចូលរួម​ផ្ដល់​ជា​យន្តការ​ដោះស្រាយ និង​គាំទ្រ​ដល់ ធុរកិច្ច​បង្កើត​ថ្មី និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ដើម្បី​ឆ្លងកាត់​វិបត្ដិ​សកល​នេះ​។ សហគ្រិន​ខ្មែរ នឹង​បន្ដ​ដាក់ចេញ កម្មវិធី​កញ្ចប់​ជំនួយ​សហគ្រិន​ខ្មែរ ជុំ​ទី​៣ នៅ​ឆ្នាំ​ខាងមុខ​បន្តទៀត​៕

Related Posts

Previous Article

វិស័យ​ហិរញ្ញវត្ថុ​របស់​កម្ពុជា ជួយ​ដល់​ជន​ទីទ័ល​នៅក្នុង​ប្រទេស​

Next Article

តម្រូវការ​អចលនទ្រព្យ​នៅតែមាន​ស្ថិរភាព​នៅ​កម្ពុជា​