cellcard cellcard cellcard

ក្រសួងបដិសេធការអំពាវនាវរបស់អង្គការក្រៅរដ្ឋាភិបាលអោយលុបចោលច្បាប់ស្តីពីការញុះញង់

ប៊ែន សុខហ៊ាន / Khmer Times Share:
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំក្រុមការងារក្រសួង។ ក្រសួងយុត្ដិធម៌

កាលពីម្សិលមិញក្រសួងយុត្តិធម៌បានច្រានចោលការអំពាវនាវរបស់មូលនិធិ Clooney ដើម្បីយុត្តិធម៍ (CFJ) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីលុបចោលច្បាប់ញុះញង់និងធានាការគោរពសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។

aba

ប្រតិកម្មនេះកើតឡើងបន្ទាប់ពីអង្គការ CFJ ដែលតស៊ូមតិដើម្បីយុត្តិធម៌តាមរយៈការទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សនៅជុំវិញពិភពលោកកាលពីថ្ងៃសុក្របានចេញផ្សាយសេចក្តីថ្លែងការណ៍ក្រោមចំណងជើងថា ឯកសាររបាយការណ៍របស់អង្គជំនុំជម្រះសាលាដំបូងបង្ហាញពីកម្ពុជាប្រើប្រាស់ច្បាប់ខុស។ ដោយកម្ពុជាប្រើបទញុះញង់ដាក់ទោសសកម្មជន ដោយអះអាងថាសកម្មជននយោបាយលោកគង់ រ៉ៃយ៉ាត្រូវបានផ្តន្ទាទោសដោយអយុត្តិធម៌។

សេចក្តីថ្លែងការណ៍បាននិយាយថា៖ «CFJ អំពាវនាវអោយរដ្ឋាភិបាលកម្ពុជាលុបចោលឬកែទម្រង់មាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជានិងដើម្បីធានាថាការកាត់ទោសនាពេលអនាគតចំពោះការញុះញង់គោរពសិទ្ធិសេរីភាពនៃការបញ្ចេញមតិនិងការជំនុំជម្រះក្តីដោយយុត្តិធម៌»។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយកាលពីម្សិលមិញថាលោកបានដឹងអំពីរបាយការណ៍នេះហើយបានហៅការអំពាវនាវពី CFJ ថាជាការជម្រុញផ្នែកនយោបាយ ដោយនិយាយថា មិនសមហេតុផលនិងគ្មានមូលដ្ឋានច្បាប់។

លោកបន្តថា៖ «ការអំពាវនាវអោយលុបចោលមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌគ្រាន់តែជាលេសដើម្បីការពារអំពើខុសឆ្គងដែលបានប្រព្រឹត្តដោយសកម្មជនក្រោមហេតុផលសេរីភាពក្នុងការបញ្ចេញមតិប៉ុណ្ណោះ»។

យោងទៅតាម CFJ តុលាការបានផ្តន្ទាទោសលោក គង់ រ៉ៃយ៉ា បើទោះបីជាខ្វះភស្តុតាងនៃការធ្វើខុសនិងបានរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិក្រោមកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយក៏ដោយ។

វាបានកត់សំគាល់ថាក្រោមគំនិតផ្តួចផ្តើមរបស់ CFJ មជ្ឈមណ្ឌលសិទិ្ធមនុស្សអាមេរិកបានឃ្លាំមើលករណីនេះជាផ្នែកមួយនៃអង្គជំនុំជម្រះសាលាដំបូង។

លោកគង់​ រ៉ៃយ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋនិងប្រព្រឹត្តបទល្មើសមជ្ឈិម តាមមាត្រា ៤៩៤ មាត្រា ៤៩៥ និង ៨៨ នៃក្រមព្រហ្មទណ្ឌ។

គាត់ត្រូវបានចាប់ខ្លួននៅថ្ងៃទី ៩ ខែកក្កដាឆ្នាំមុន បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទជំរុញអោយសកម្មជនចូលរួមក្នុងពិធីរំឮកខួបមរណភាពរបស់អ្នកវិភាគនយោបាយដ៏លេចធ្លោលោក កែម ឡី ដោយពាក់អាវយឺតដែលមានរូបភាពរបស់លោកដែលត្រូវបានហាមឃាត់ដោយសាលារាជធានី។

CFJ ក៏បានកត់សម្គាល់ពីករណីអ្នកកាសែតនិងជាអ្នកបោះពុម្ពផ្សាយលោក រស់ សុឃិត ដែលត្រូវបានផ្តន្ទាទោសផងដែរពីបទញុះញង់អោយមានការបង្ហោះសារក្នុងហ្វេសប៊ុករិះគន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែននិងត្រូវបានផ្តន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល ១៨ ខែក្នុងខែនេះ។

លោក Arthur Traldi អតីតព្រះរាជអាជ្ញានៅសាលាក្តីព្រហ្មទណ្ឌអន្តរជាតិសំរាប់អតីតយូហ្គោស្លាវី ដែលជាសហអ្នកនិពន្ធរបាយការណ៍ ការជំនុំជម្រះក្តីដោយយុត្តិធម៌ បាននិយាយថាការកាត់ក្តីរបស់លោក រ៉ៃយ៉ា​ មិនគួរកើតមានឡើយ។

លោកបានសន្និដ្ឋានថា៖ «ការចោទប្រកាន់នេះមិនដែលបានបង្ហាញភស្តុតាងដែលថាចុងចោទមានចេតនាញុះញង់នរណាម្នាក់អោយចូលរួមក្នុងសកម្មភាពព្រហ្មទណ្ឌទេ ហើយក៏មិនបានបង្ហាញពីរបៀបនៃការផ្សាយពាណិជ្ជកម្មរបស់គាត់ ឬការពាក់អាវយឺតអាចមានឥទ្ធិពលបែបនេះដែរ។ យោងតាមចៅក្រម និងរបាយការណ៍របស់អ្នកឃ្លាំមើលរបស់យើងលោក រ៉ៃយ៉ា​ ហាក់ដូចជាត្រូវបានផ្តន្ទាទោសពីបទប្រើសិទ្ធិជាមូលដ្ឋានរបស់គាត់ក្នុងការបញ្ចេញមតិ»។

របាយការណ៍យុត្តិធម៍ក៏បានសន្និដ្ឋានថាការកាត់ទោសរបស់លោក រ៉ៃយ៉ាបានរំលោភសិទិ្ធសេរីភាពនៃការបញ្ចេញមតិរបស់គាត់ដោយនិយាយថាការកាត់ទោសរបស់គាត់មិនចាំបាច់និងមិនសមាមាត្រទេ។

ទោះយ៉ាងណា លោក ជិន ម៉ាលីនដែលជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបាននិយាយថាមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជាមិនបានរំលោភសេរីភាពនៃការបញ្ចេញមតិទេ។

លោកបន្តថា៖ «ច្បាប់នេះក៏មិនខុសពីច្បាប់របស់ប្រទេសបារាំងដែរ ក្រុមមេធាវីរបស់យើងបានយកគំរូបារាំងមកធ្វើច្បាប់នេះដោយមានជំនួយពីអ្នកជំនាញច្បាប់បារាំង»។

លោកនិយាយថា៖ «ដូច្នេះខ្ញុំយល់ថាសំណើនេះមានលក្ខណៈនយោបាយជាជាងទិដ្ឋភាពបច្ចេកទេសច្បាប់។ ប៉ុន្តែប្រសិនបើក្រុមទាំងនោះមានអ្នកជំនាញផ្នែកច្បាប់ពិតប្រាកដយើងរីករាយនិងស្វាគមន៍ដើម្បីនិយាយអំពីវិធីកែលម្អក្រមព្រហ្មទណ្ឌរបស់យើង»។

លោកថាការលុបបំបាត់មាត្រានេះនឹងនាំអោយមានភាពអនាធិបតេយ្យនិងលើកទឹកចិត្តដល់ការបញ្ចេញមតិតាមអំពើចិត្តនិងមិនទទួលខុសត្រូវដែលប៉ះពាល់ដល់សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងសេរីភាពបុគ្គល។

លោកបានបន្ថែមថា៖ «ប្រសិនបើពួកគេមិនចង់ប្រឈមមុខនឹងច្បាប់ម្តងទៀតទេ ពួកគេគួរតែបញ្ឈប់សកម្មភាពខុសច្បាប់ក្រោមការចង្អុលបង្ហាញពីសេរីភាពនៃការបញ្ចេញមតិ ជាជាងការរិះគន់និងទាមទារអោយមានការផ្លាស់ប្តូរ ឬលុបចោលច្បាប់នេះ»។

យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៤៩៥ ចែងថាការញុះញង់ដោយផ្ទាល់ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ ឬរំខានដល់សន្តិសុខសង្គមត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែទៅ ២ ឆ្នាំនិងពិន័យជាប្រាក់ពី ២៥០ ដុល្លារទៅ ១០០០ ដុល្លារ។

មាត្រា​៤៩៤ ចែង​ថា ការ​ប្រព្រឹត្ត​អំពើ​ញុះញង់​ធ្វើ​ឡើង​ដោយ​សំដី​តាម​ប្រភេទ​ណា​ក៏​ដោយ ដែល​ប្រកាស​នៅ​ក្នុង​ទី​កន្លែង​សាធារណៈ ឬ​នៅ​ក្នុង​ពេល​ប្រជុំ​ជា​សាធារណៈ។ ការ​ប្រព្រឹត្ត​ដោយ​សំណេរ ឬ​គំនូរ​តាម​ប្រភេទ​ណា​ក៏​ដោយ ដែល​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​ក្នុង​ចំណោម​សាធារណជន ឬ​ដាក់​តាំង​ឲ្យ​សាធារណជន​មើល។

លោក ស៊ឹង សែនករុណា មន្រ្តី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ និង​ជា​អ្នក​នាំ​ពាក្យ​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុកកាលពីម្សិលមិញបានអោយដឹងថាលោកមិនជំទាស់នឹងខ្លឹមសារនៃមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជាទេ។

លោកបន្តថា៖ «ខ្លឹមសារនៃមាត្រានេះមានគោលបំណងការពារសកម្មភាពខុសឆ្គងទាំងនេះ ប៉ុន្តែការអនុវត្តដោយអាជ្ញាធរមិនស្របតាមច្បាប់នៅពេលប្រើការប្រឆាំងនឹងសកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថានក៏ដូចជាប្រជាជនសាមញ្ញ»៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

តម្រូវការ​អចលនទ្រព្យ​នៅតែមាន​ស្ថិរភាព​នៅ​កម្ពុជា​

Next Article

ចិនផ្តល់ជំនួយដល់ការអភិវឌ្ឍប្រកបដោយចីវភាពនៅក្រុងព្រះសីហនុ