រដ្ឋាភិបាលនៃប្រទេសចិនបានផ្តល់នូវឧបករណ៍ថាមពលស្អាតដល់ក្រុងព្រះសីហនុដើម្បីជួយដល់ទីក្រុងឆ្នេរសមុទ្រកាត់បន្ថយកាបូននិងកាន់តែមាននិរន្តរភាព។
ព័ត៌មាននេះបានកើតឡើងមិនដល់មួយសប្តាហ៍ទេបន្ទាប់ពីមានការប្រកាសថារោងចក្រថាមពលធ្យូងថ្មមួយផ្សេងទៀតនឹងត្រូវបានសាងសង់ក្នុងតំបន់ឆាប់ៗនេះដែលជារោងចក្រមួយក្នុងចំណោមរោងចក្រធ្យូងថ្មបីដែលរដ្ឋាភិបាលកម្ពុជាបានអនុម័តនៅឆ្នាំនេះ។
សម្ភារៈបានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុកាលពីថ្ងៃអាទិត្យ។ យោងតាមក្រសួងបរិស្ថានបានអោយដឹងថាការដឹកជញ្ចូនរួមមានអំពូលសូឡាចំនួន ២៨០០ បន្ទះសូឡា ២០០ និងម៉ូតូអគ្គិសនី ២០០ គ្រឿងដែលនឹងត្រូវប្រើប្រាស់សម្រាប់សាលារៀន និងកន្លែងសាធារណៈ។
អំណោយនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងគម្រោងសាកល្បងការបំភាយកាបូនទាបនៅក្នុងខេត្តព្រះសីហនុដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុនរវាងក្រសួងបរិស្ថានកម្ពុជានិងក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃប្រទេសចិន។
ក្រសួងបរិស្ថានបានលើកទឹកចិត្តអោយភាគីពាក់ព័ន្ធទាំងអស់ចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងពីបរិស្ថាននិងពង្រឹងសមត្ថភាពក្នុងការការពារនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុក៏ដូចជារក្សាអោយខេត្តមានសភាពស្អាតនិងមានស្ថិរភាព។
ក្រុងព្រះសីហនុបានឆ្លងកាត់ការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានបង្កើតគំរោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើននៅក្នុងទីក្រុង។
កាលពីដើមឆ្នាំនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាអំពូលភ្លើងឆ្លាតវៃជាង ៥០០០ គ្រឿងនឹងត្រូវបានតម្លើងទាំងទីក្រុងនិងកាត់បន្ថយថ្លៃអគ្គិសនីនៅពេលបញ្ចប់គម្រោងផ្លូវថ្មីមួយដែលមានតម្លៃជាទឹកប្រាក់ ៣០០ លានដុល្លារ។
លោក Daniel Rye នាយកវិស្វកម្មនៃក្រុមហ៊ុន Canopy Power ដែលមានការិយាល័យកណ្តាលនៅប្រទេសសិង្ហបុរីដែលធ្វើការលើគម្រោងបណ្តាញអគ្គិសនីរួមទាំងការផ្ទុកថាមពលពន្លឺព្រះអាទិត្យនិងថាមពលថ្មបាននិយាយថា៖ «ខ្ញុំជឿជាក់ថាភាពលេចធ្លោនៃការបង្កើតធ្យូងថ្មនឹងត្រូវបានបំផ្លាញដោយ ថាមពលព្រះអាទិត្យ(PV) ក្នុងរយៈពេលមធ្យមនេះនឹងត្រូវបានជំរុញភាគច្រើនដោយកត្តាពាណិជ្ជកម្ម។ ទោះយ៉ាងណា ដោយសារតែទិន្នផលថាមពលពន្លឺព្រះអាទិត្យមិនអាចត្រូវបានគ្រប់គ្រងវាអាចផ្តល់នូវតម្រូវការបណ្តាញអគ្គិសនីតិចតួចប៉ុណ្ណោះ។ ការផ្ទុកថាមពលគឺជាគន្លឹះក្នុងការធ្វើអោយថាមពលពន្លឺព្រះអាទិត្យលេចធ្លោជាម៉ាស៊ីនភ្លើងថាមពលនាពេលអនាគតសម្រាប់បណ្តាញអគ្គិសនី»។
ទោះបីអនុស្សារណៈនៃការយោគយល់គ្នារវាងកម្ពុជានិងចិនជាជំហានឈានទៅរកទិសដៅត្រូវក៏ដោយក៏អ្នកសង្កេតការណ៍និយាយថាត្រូវធ្វើការងារជាច្រើនទៀតដើម្បីសម្រេចបាននូវប្រទេសស្អាតនិងមានចីរភាព។
យោងតាមការវិភាគរបស់ EnergyLab ប្រសិនបើគម្រោងថាមពលទាំងអស់ដែលបានប្រកាសដំណើរការនៅឆ្នាំ ២០៣០ អគ្គិសនីសរុបចំនួន ៨០ ភាគរយនៃថាមពលអគ្គិសនីរបស់ប្រទេសកម្ពុជានឹងនៅតែត្រូវបានផលិតចេញពីឥន្ធនៈហ្វូស៊ីលពោលគឺកើនឡើងពីប្រហែល ៣៤ ភាគរយក្នុងឆ្នាំ ២០១៨ ។
ការលាយបញ្ចូលថាមពលនាពេលអនាគតនេះនឹងធ្វើអោយអន្តរាយដល់សមត្ថភាពរបស់ប្រទេសកម្ពុជាដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងការចូលរួមចំណែកដែលបានកំណត់ថ្នាក់ជាតិក្រោមកិច្ចព្រមព្រៀងអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
ក្រុមអ្នកសង្កេតការណ៍និយាយថា កម្ពុជាត្រូវតែពិចារណាឡើងវិញនិងផ្តោតលើការកកើតឡើងវិញដើម្បីរក្សាអោយបាននូវប្រទេសផ្សេងៗនិងចូលរួមចំណែកក្នុងការថែរក្សាភពផែនដី។
លោកស្រី Tina Redshaw ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាបាននិយាយថា៖ «ថាមពលស្អាតមិនត្រឹមតែល្អសម្រាប់បរិស្ថាន សុខភាព និងកាត់បន្ថយការបំភាយឧស្ម័នប៉ុណ្ណោះទេ។ ប្រសិនបើអ្វីៗត្រូវបានធ្វើដោយត្រឹមត្រូវ នោះប្រទេសនិងកាន់តែមានសភាពស្អាតនិងនិរន្តរភាពអាចមើលឃើញការអភិវឌ្ឍសេដ្ឋកិច្ចកើនឡើង។ ប្រទេសកម្ពុជានៅតែអាចប្រកួតប្រជែងក្នុងផលិតកម្មពិភពលោកនិងពង្រីកវិស័យទេសចរណ៍ធម្មជាតិរបស់ខ្លួនតាមរយៈការទាញយកថាមពលកកើតឡើងវិញ។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមនឹងបញ្ហាធំថាមពលកកើតឡើងវិញផ្តល់នូវក្តីសង្ឃឹមសម្រាប់ការវិនិយោគនិងការអភិវឌ្ឍថ្មី។ ប្រែសម្រួលដោយ សៀវ គួយអ៊ី