ឪពុកម្តាយបានសម្តែងការគាំទ្រនិងភាពភ័យខ្លាចចំពោះការឆ្លងជំងឺកូវីដ-១៩ ខណៈសាលារៀននៅភ្នំពេញបានបើកដំណើរការកាលពីម្សិលមិញបន្ទាប់ពីការបិទបណ្តោះអាសន្នដោយសារព្រឹត្តិការណ៍ ៣ វិច្ឆិកា។
អ្នកស្រី សួង គឹមហេង អាយុ ៥២ ឆ្នាំជាអ្នកគ្រប់គ្រងសណ្ឋាគារបាននិយាយថា លោកស្រីសប្បាយចិត្តដែលក្រសួងអប់រំបានប្រកាសបើកសាលារៀនឡើងវិញ។
អ្នកស្រីបានបន្តថា៖ «ខ្ញុំរីករាយដែលកូនៗ និងសិស្សដទៃទៀតអាចត្រឡប់ទៅសាលារៀនវិញឥឡូវនេះ។ ប៉ុន្តែខ្ញុំនៅតែបារម្ភអំពីជំងឺកូវីដ-១៩»។
អ្នកស្រីមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់ដែលកំពុងសិក្សានៅវិទ្យាល័យបាននិយាយថាការសិក្សាតាមអ៊ិនធរណេតដែលជំនួសនៅពេលសាលារៀនបិទគឺមិនមានប្រសិទ្ធភាពទេ។
អ្នកស្រីបាននិយាយថា៖ «ពេលខ្លះកូនៗ របស់ខ្ញុំលេងវីដេអូហ្គេមដោយលួចលាក់ខណៈពេលដែលពួកគេគួរតែសិក្សា។ ពួកគេទទួលបានការរំខានដោយបរិស្ថាននៅផ្ទះនិងមានទំនោរចង់លេងជាជាងសិក្សា»។
អ្នកស្រីថាគាត់ជឿជាក់ថាជំងឺកូវីដ-១៩ នឹងមិនបង្កការគំរាមកំហែងដល់សិស្សនិងគ្រូនៅសាលាហើយថាវ៉ាក់សាំងនឹងមាននៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗនេះ។
លោក ហេង ហៀង អាយុ ៥៥ ឆ្នាំជាអ្នករត់ម៉ូតូឌុបក៏បានយល់ស្របលើបញ្ហានេះដែរ។
គាត់បាននិយាយថាគាត់មានកូនស្រីម្នាក់រៀនថ្នាក់ទី ៨ ហើយសង្ឃឹមថាគាត់នឹងប្រលងជាប់ដើម្បីទៅរៀននៅវិទ្យាល័យ។
លោកបាននិយាយថា៖ «ប្រសិនបើកូនរបស់ខ្ញុំបន្តរៀននៅផ្ទះខ្ញុំខ្លាចថានាងនឹងប្រឡងមិនជាប់។ វាជារឿងល្អដែលសាលាបើកជាថ្មី»។
លោកបន្តថាលោកសង្ឃឹមថាសាលានឹងអនុវត្តតាមវិធានការណ៍ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលនិងអប់រំដើម្បីធានាថាសិស្សនឹងមានសុវត្ថិភាពទាំងស្រុង។
លោកនិយាយថា៖ «ឪពុកម្តាយក៏គួររំឮកកូនៗរបស់គាត់អោយលាងដៃនិងពាក់ម៉ាសពេលពួកគេទៅសាលាផងដែរ»។
លោក អាន សុវណ្ណ អាយុ ៦០ ឆ្នាំជាបណ្ណារក្សបាននិយាយថាលោកគិតថាគុណភាពអប់រំនៅកម្ពុជានឹងរងផលប៉ះពាល់ប្រសិនបើសាលារៀននៅតែបិទទ្វារ។
លោកបន្តថា៖ «ប្រទេសកម្ពុជាជាសមាជិកអាស៊ាន។ និស្សិតកម្ពុជានឹងមិនអាចប្រកួតប្រជែងជាមួយជនជាតិដទៃសម្រាប់ការងារបានទេប្រសិនបើពួកគេមិនអាចទទួលការសិក្សាបានត្រឹមត្រូវ»។
ទោះយ៉ាងណា លោកបន្ថែមថាក្រសួងអប់រំគួរតែបន្តផ្តល់អាទិភាពដល់ការការពារការឆ្លងជំងឺកូវីដ-១៩ ហើយនិស្សិតគួរតែការពារខ្លួនអោយបានត្រឹមត្រូវ។
លោកថា៖ «ការអប់រំគឺសំខាន់ ប៉ុន្តែសុខភាពគឺសំខាន់ជាង»។
អ្នកស្រី ទុំ ឈីតា អាយុ ៤៥ ឆ្នាំជាអ្នកសារព័ត៌មានជំនាញឯកទេសខាងផ្នែកសុខភាពនិងអនាម័យរាយការណ៍ថាអ្នកស្រីបារម្ភខ្លាចនិស្សិតក្មេងៗមិនអាចអនុវត្តតាមនីតិវិធីអនាម័យនៅតាមសាលារៀនបាន។
អ្នកស្រីនិយាយថា៖ «ខ្ញុំមិនគិតថាក្មួយប្រុស និងក្មួយស្រីរបស់ខ្ញុំអាចសម្អាតដៃរបស់ពួកគេអោយបានត្រឹមត្រូវនិងពាក់ម៉ាស់នៅពេលពួកគេទៅសាលារៀននោះទេ។ ដូច្នេះខ្ញុំសង្ឃឹមថាគ្រូនឹងជួយពួកគេ»។
អ្នកស្រីបន្តថាវាគួរអោយអស់សំណើចណាស់ដែលសាលារៀនត្រូវបានបិទហើយបន្ទាប់មកបានបើកម្តងទៀតដោយសារតែជំងឺកូវីដ-១៩។
អ្នកស្រីថា៖ «វាហាក់បីដូចជាជំងឺកូវីដ-១៩ កំពុងលេងបិទពួនជាមួយនិងមនុស្សអីចឹង។ ទោះយ៉ាងណាមនុស្សនឹងអាចចាប់និងសម្លាប់វាបានឆាប់ៗនេះ»។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោកបានចេញសេចក្តីណែនាំ រស់នៅជាធម្មតាជាមួយនឹងរបៀបរស់នៅបៃបថ្មី សម្រាប់ប្រជាជនកម្ពុជា។ ការណែនាំរំឮកមនុស្សអោយធ្វើតាមការអនុវត្តទាំងនេះគឺ លាងដៃរបស់អ្នកអោយបានញឹកញាប់ ខ្ទប់ច្រមុះនិងមាត់របស់អ្នកនៅពេលអ្នកក្អក ឬកណ្តាស់។ ជៀសវាងការប៉ះមុខរបស់អ្នកដោយដៃរបស់
អ្នក កាត់បន្ថយការទៅកន្លែង និងស្នាក់នៅកន្លែងដែលមានមនុស្សច្រើន។ រក្សាគម្លាតយ៉ាងហោចណាស់ ១,៥ ម៉ែត្រពីអ្នកដទៃ។ សម្អាតវត្ថុទាំងអស់ដែលអ្នកប៉ះជាញឹកញាប់ជាមួយសាប៊ូ និងអាល់កុល។ នៅអោយឆ្ងាយពីអ្នកដទៃប្រសិនបើអ្នកមានអារម្មណ៍ថាឈឺហើយទទួលយកការព្យាបាលប្រសិនបើចាំបាច់៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី