cellcard cellcard cellcard

អាជ្ញាធរខេត្តសៀមរាបគំរាមចាត់វិធានការតាមផ្លូវច្បាប់លើសំណង់ខុសច្បាប់

រី សុចាន់ / Khmer Times Share:
សម្ភារសំណង់សម្រាប់ផ្លូវថ្មី ៣៨ ខ្សែដែលត្រូវសាងសង់នៅខេត្តសៀមរាប។ ក្រសួងដឹកជញ្ជូន

អាជ្ញាធរខេត្តសៀមរាបបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលមិនបានរុះរើសំណង់ដែលកំពុងទន្ទ្រានយកដីដែលត្រូវការដើម្បីតំឡើងប្រព័ន្ធលូ។

ប្រព័ន្ធលូគឺជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវថ្មីចំនួន ៣៨ នៅក្នុងខេត្តសៀមរាប។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានអោយដឹងនៅក្នុងសេចក្តីជូនដំណឹងមួយកាលពីថ្ងៃសុក្រថាគម្រោងនេះបានដំណើរការជាបណ្តើរៗ ហើយបន្ទាប់ពីមានការយល់ព្រមពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកបានមាននិយាយថា៖« រដ្ឋបាលខេត្តសៀមរាបសូមថ្លែងអំណរគុណដល់ប្រជាជនដែលបានរុះរើលំនៅដ្ឋាន តូប របង និងសំណង់ផ្សេងទៀត។ គម្រោងនេះត្រូវការតម្លើងប្រព័ន្ធលូចំនួន ២៥ ដើម្បីបញ្ចេញទឹកភ្លៀងនិងទឹកកខ្វក់»។

លោកបន្តថាប្រជាជនមួយចំនួនបានសាងសង់លំនៅដ្ឋាន តូប របង និងសំណង់ផ្សេងៗទៀតដែលរំលោភលើផ្លូវនិងប្រឡាយ។ សំណង់ចាំបាច់ត្រូវរុះរើជាបន្ទាន់ដើម្បីអោយមានការតំឡើងលូ។

លោកនិយាយថា៖ «ដើម្បីធ្វើអោយការតំឡើងប្រព័ន្ធលូដំណើរការបានរលូននិងជោគជ័យដូចដែលបានគ្រោងទុក រដ្ឋបាលខេត្តរីករាយនិងជូនដំណឹងថាសំណង់របស់ប្រជាជនដែលរំលោភយកដីអភិវឌ្ឍន៍ត្រូវតែរុះរើ»។

ប្រជាជនត្រូវបានផ្តល់ពេលវេលារយៈពេលដប់ថ្ងៃដើម្បីរុះរើសំណង់ទាំងនោះ។

លោកបន្ថែមថា៖ «ប្រសិនបើនរណាម្នាក់មិនរុះរើសំណង់របស់ពួកគេតាមពេលវេលាកំណត់ រដ្ឋបាលខេត្តនឹងចាត់វិធានការតាមច្បាប់និងនីតិវិធីដើម្បីរុះរើ ហើយ​នឹងមិនទទួលខុសត្រូវចំពោះការខូចខាតនិងការបាត់បង់ទ្រព្យសម្បត្តិឡើយ»។

លោក សុខ ថុល ប្រធានរដ្ឋបាលសាលាខេត្តសៀមរាបបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថាប្រជាជន ៩០ ភាគរយបានរុះរើសំណង់របស់ពួកគេហើយ។

លោកបាននិយាយថា ១០ ភាគរយទៀតមិនទាន់បានរុះរើទេពីព្រោះវាជាសំណង់រឹងមាំ។

​អ្នកសម្របសម្រួលអង្គការ លីកាដូប្រចាំខេត្តសៀមរាបបាននិយាយថាមិនទាន់មានអ្នកដាក់ពាក្យបណ្តឹងណាមួយនៅឡើយទេ។

លោកបន្តថា៖ «ប្រជាជនភាគច្រើនបានសាងសង់សំណង់ដោយរំលោភយកចិញ្ចើមថ្នល់។ សំណង់ចាំបាច់ត្រូវរុះរើចេញដើម្បីតំឡើងប្រព័ន្ធលូថ្មីដើម្បីសាងសង់ផ្លូវចំនួន ៣៨ ខ្សែ»៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ក្រុមហ៊ុន​វិនិយោគ​កំពូល​របស់​អាមេរិក​នឹង​បោះ​ជំហាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​

Next Article

វិស័យឯកជនមានក្តីសង្ឃឹមតិចតួចសម្រាប់ការរស់ឡើងវិញនៃវិស័យទេសចរណ៍ឆ្នាំ ២០២១