cellcard cellcard cellcard

អាជ្ញាធរប្រារព្ធពិធីរំឮកខួបព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅកោះពេជ្រ កាលពី១០ឆ្នាំមុន

សែន ដាវីត / Khmer Times Share:
អាជ្ញាធរខណ្ឌចំការមនរៀបចំពិធីរំឮកខួបព្រឹត្តិការណ៍ជាន់គ្នាស្លាប់នៅកោះពេជ្រ កាលពី១០ឆ្នាំមុននៅចេតិយក្បែរស្ពានកោះពេជ្រ។ កោះសន្តិភាព

កាលពីម្សិលមិញអាជ្ញាធរខណ្ឌចំការមនបានធ្វើពិធីរំឮកខួបព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ កាល​​ពី​១០​ឆ្នាំ​មុន​ក្បែរស្ពានកោះពេជ្រដោយមានការជួបជុំក្រុមគ្រួសារជាលក្ខណៈខ្នាតតូចមួយ។

អាជ្ញាធរបាននិយាយថាពួកគេបានចូលរួមក្នុងពិធីដែលព្រះសង្ឃបានសូត្រធម៌សម្រាប់ជនរងគ្រោះក្នុងព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់ដែលបានកើតឡើងនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១០ ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងបាននិយាយថាពិធីតូចនេះត្រូវបានធ្វើឡើងកាលពីម្សិលមិញនិងដើម្បីការពារការឆ្លងនៃជំងឺកូវីដ-១៩ និងមានការចូលរួមពីមន្ត្រីសាលាខណ្ឌចំការមននិងក្រុមគ្រួសារជនរងគ្រោះ។

ក្នុងអំឡុងព្រឹត្តិការណ៍​ជាន់​គ្នា​ស្លាប់មនុស្សចំនួន ៣៥៣ នាក់បានស្លាប់និងមនុស្ស​រាប់រយនាក់ទៀតរងរបួសនៅថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូកដែលមានរយៈពេល ៣ ថ្ងៃ។

រដ្ឋា​ភិបាលបានបង្កើតគណៈកម្មការមួយដើម្បីស្វែងរកមូលហេតុនៃព្រឹត្តិការណ៍​ជាន់​គ្នាហើយក្រោយមកបានប្រកាសថាសោកនាដកម្មគឺជាឧប្បត្តិហេតុ។ គ្មាននរណាម្នាក់ត្រូវទទួលខុសត្រូវឡើយ។

អ្នកស្រី សួម សុភាព ដែលជាម្តាយជនរងគ្រោះបាននិយាយកាលពីម្សិលមិញថាពិធីគម្រប់ខួបឆ្នាំនេះគឺជាការជួបជុំតូចមួយដោយសារតែជំងឺកូវីដ-១៩ ។

ទោះជាយ៉ាង អ្នកស្រីនៅតែចូលរួមអធិស្ឋានសម្រាប់កូនប្រុសរបស់អ្នកស្រីដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍​ជាន់​គ្នា។ អ្នកស្រីបាននិយាយថា៖ «រៀងរាល់ឆ្នាំអាជ្ញាធរមានការប្រជុំធំៗតែឆ្នាំនេះវាតូច។ យើងយល់ថារដ្ឋាភិបាលមានការព្រួយបារម្ភចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩» ។

អ្នកស្រីបាននិយាយថានៅថ្ងៃខួបនេះ អ្នកស្រីនឹកកូនប្រុសរបស់អ្នកស្រីហើយចងចាំព្រឹត្តិការណ៍នោះនៅពេលដែលជនរងគ្រោះជាច្រើនភ័យស្លន់ស្លោ និងបានបាត់បង់ជីវិត។

អ្នកស្រីបន្តថា៖ «ទោះបីកូនប្រុសខ្ញុំបានស្លាប់កាលពី ១០ ឆ្នាំមុន តែខ្ញុំនៅតែនឹកគាត់។ ខ្ញុំគិតថាពេលវេលាក៏យូរណាស់ហើយ។ ព្រលឹងរបស់គាត់អាចកើតចាប់ជាតុថ្មីជាទារកទើបនឹងកើតនៅពេលនេះ»។

លោក អ៊ឹង ង៉ែត អាយុ ៣៤ ឆ្នាំជាជនរងគ្រោះដែលបានរួចផុតពីព្រឹត្តិការណ៍​ជាន់​គ្នានៅកោះពេជ្របាននិយាយកាលពីម្សិលមិញថា៖ «ខ្ញុំមិនបានចូលរួមពិធីខួបនេះទេកាលពីម្សិលមិញពីព្រោះវាមិនមែនជាការជួបជុំធំទេ។ ខ្ញុំជាជនរងគ្រោះដែលបានរួចជីវិត។ ខ្ញុំមានការភ័យស្លន់ស្លោនៅថ្ងៃនោះ»។

លោកបានបន្ថែមថាទោះបីលោកមិនបានចូលរួមពិធីរំឮកខួបនៅកោះពេជ្រក៏ដោយក៏លោកនៅតែបួងសួងដល់ជនរងគ្រោះផ្សេងទៀត។

លោកថា៖ «ខ្ញុំបានអធិស្ឋានសម្រាប់ជនរងគ្រោះផ្សេងទៀតដែលបានស្លាប់។ នៅពេលខ្ញុំនឹកឃើញថ្ងៃនោះ ខ្ញុំមានអារម្មណ៍ថាខ្ញុំមានសំណាងណាស់ដែលបានរួចផុតពីការបាត់បង់ជីវិត»៕

ប្រែសម្រួលដោយ សៀវ​​ គួយអ៊ី

Related Posts

Previous Article

អូស្រ្តាលីសន្យាជំនួយវ៉ាក់សាំងដល់កម្ពុជា

Next Article

រដ្ឋាភិបាលប្រតិកម្មខ្លាំងលើការទាមទាររបស់សមាជិកសភា ៨ ឲ្យដាក់ទណ្ឌកម្មប្រឆាំងលើកម្ពុជា