cellcard cellcard

លោកនាយករដ្ឋមន្រ្តីបាន ប្រកាសបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា

ខាន់ ច័ន្ទវីរៈ / Khmer Times Share:
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយលោក ភីធើ ស៊ីចាតូ រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីក្នុងដំណើរទស្សនកិច្ចចុងក្រោយរបស់លោកមកកាន់ប្រទេសកម្ពុជានាថ្ងៃទី ៣ ខែវិច្ឆិកា។ KT/ខឹម សុវណ្ណារ៉ា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាព្រឹត្តកាណ៍ ៣ វិច្ឆិកាស្ថិតនៅក្រោមការគ្រប់គ្រងបន្ទាប់ពីលោកបានធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ក្នុងការធ្វើតេស្តចុងក្រោយបន្ទាប់ពីបានទាក់ទងជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហុងកុងលោក ភីធើ ស៊ីចាតូ។

កាលពីម្សិលមិញលោក ហ៊ុន សែន និងអ្នកដែលបានចូលរួមដោយផ្ទាល់ និងដោយប្រយោលនៅក្នុងព្រឹត្តកាណ៍ ៣ វិច្ឆិកាត្រូវបានធ្វើតេស្តលើកទី ៤ ក៏ជាលើកចុងក្រោយសម្រាប់ជំងឺកូវីដ-១៩។

នៅក្នុងហ្វេសប៊ុកកាលពីម្សិលមិញលោក ហ៊ុន សែន បាននិយាយថា៖ «លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំ និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៏កាចសាហាវនេះទេ»។

លោកបន្តថា៖ «ដូចនេះចាប់ពីថ្ងៃស្អែក ខ្ញុំនឹងចេញទៅធ្វើការ និងហាត់ប្រាណនៅខាងក្រៅ។ តែខ្ញុំនៅតែមិនទាន់ឱ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀតដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះឡើយ»។

លោកនិយាយថា៖ «ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត ខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់»។

លោកបានបន្តថាការធ្វើចត្តាឡីស័និងបញ្ចប់នៅថ្ងៃនេះសម្រាប់រាជធានីភ្នំពេញចំនួន ១ ៥៦៩នាក់ ខេត្តកណ្តាលចំនួន ៦៧នាក់ ខេត្តពោធិសាត់ចំនួន ៤០នាក់ ខេត្តព្រៃវែងចំនួន ២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។

លោកបន្តថា៖ «នៅថ្ងៃទី ២១ ខែវិច្ឆិកាខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ នៅថ្ងៃទី ២៣ ខែវិច្ឆិកាខេត្តកែបចំនួន ១៨ នាក់ខេត្តព្រះសីហនុចំនួន ៤០ នាក់និងខេត្តកំពង់ចាមចំនួន ១ នាក់ហើយនៅថ្ងៃទី ២៥ ខែវិច្ឆិកាសម្រាប់ខេត្តព្រះវិហារចំនួន ២០ នាក់ ខេត្តរតនគីរីចំនួន ១០ នាក់»។

លោក ហ៊ុន សែន បានអះអាងថា៖ «ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត ១៨០២ នាក់នៅតាមរាជធានីខេត្តចំនួន១១ ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃ ដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល»។

លោកបន្តថា៖ «ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកា ពិតជាធំធេងនឹងស្មុគស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្ត ស្រុក ខ័ណ្ឌ ក្រុង ឃុំ សង្កាត់ និងភូមិជាច្រើន ដែលលំបាកដល់ការស្វែងរក។ ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវ មានការខិតខំ មានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង»។

លោកបាននិយាយថាការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថា បញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេ ផ្ទុយទៅវិញគឺ ត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាដករលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាព។ល។ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកបន្ថែមថា៖ «ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនឹងសំខាន់ជាងនេះទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តនូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប នឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ»។

លោកហ៊ុនសែនបានកត់សម្គាល់ថាយើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱ្យក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ  ព្រមទាំងធ្វើឱ្យសភាពការណ៍គ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីដ-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នា
ដដែល។

លោកបានបន្ថែមថាព្រឹត្តិការណ៍៣វិច្ឆកាបានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើងនិង បានណែនាំយើងឱ្យមានការប្រុងប្រយ័តជានិច្ចទើបអាចយកឈ្នះលើ កូវីដ១៩បាន។ ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការ ព្យាបាល។

លោក ហ៊ុន សែន បានធ្វើចត្តាឡីស័កតាំងពីថ្ងៃទី ៤ ខែវិច្ឆិកាបន្ទាប់ពីដឹងថាលោក ស៊ីចាតូ ទទួលបានលទ្ធផលវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ បន្ទាប់ពីចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃ។

នៅក្នុងព័ត៌មានដែលទាក់ទង លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីម្សិលមិញថាលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងមនុស្សសរុបចំនួន ៤៣ នាក់ដែលបានទាក់ទងជាមួយលោកបានបន្តធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ក្នុងការធ្វើតេស្តលើក៤ ក៏ជាលើកចុងក្រោយផងដែរ។

លោកស្រីបាននិយាយថា៖ «លទ្ធផលតេស្តរបស់អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកានឹងត្រូវចេញផ្សាយជាបន្តបន្ទាប់នៅយប់នេះ»។

លោកស្រីបាននិយាយថារហូតមកដល់ពេលនេះមនុស្ស ១ ៤២២ នាក់បានធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមាននៅក្នុងការធ្វើតេស្តលើកចុងក្រោយ។

ការធ្វើតេស្តជំងឺកូវីដ-១៩ ត្រូវបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តីសម្រាប់មន្រ្តីរដ្ឋាភិបាល និងអ្នកសារព័ត៌មានដែលបានចូលរួមដោយផ្ទាល់ និងដោយប្រយោលនៅក្នុងព្រឹត្តិការណ៍ដែលចូលរួមដោយលោក ស៊ីចាតូ។ លោកនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមួយចំនួន និងមន្ត្រីជាន់ខ្ពស់ដទៃទៀតកំពុងត្រូវបានធ្វើតេស្តនៅផ្ទះ និងនៅសណ្ឋាគារសុខា។

យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃអាទិត្យនេះមានសំណាកសរុបចំនួន ៣ ៩១៨ ត្រូវបានគេយកមកធ្វើតេស្តក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា។ ក្នុងចំណោមអ្នកទាំងនោះ ១ ៧៤១ នាក់បានធ្វើតេស្តលើកទី ១ ៨២៥ បានធ្វើតេស្តលើកទី ២ និង ១ ៣៥២ បានធ្វើតេស្តលើកទី ៣ ។ លទ្ធផលទាំងអស់ទទួលបានអវិជ្ជមានសម្រាប់កូវីដ-១៩ ។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលកាលពីម្សិលមិញបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញករណីវិជ្ជមានថ្មីនៃជំងឺកូវីដ-១៩ ដែលបង្កើនចំនួនអ្នកឆ្លងដល់ទៅ ៣០៤ នាក់ដោយគ្មានការជាសះស្បើយឡើងវិញ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថាជនរងគ្រោះគឺជាស្ត្រីកម្ពុជាអាយុ ៤៩ ឆ្នាំមានមូលដ្ឋាននៅរាជធានីភ្នំពេញដែលបានហោះចេញពីសហរដ្ឋអាមេរិកតាមរយៈប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃច័ន្ទ។

បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែក្នុងរាជធានីភ្នំពេញ។

អ្នកដំណើរសរុបចំនួន ១២៣ នាក់ដែលបានធ្វើដំណើរជាមួយនាងបានធ្វើតេស្តទទួលបានលទ្ធផលអវិជ្ជមានសម្រាប់ជំងឺកូវីដ-១៩ ហើយត្រូវបានគេដាក់អោយធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនៅអនុវិទ្យាល័យ ១០០ និងសណ្ឋាគារមួយចំនួននៅភ្នំពេញ និងអ្នកដំណើរម្នាក់នៅស្ថានទូតជប៉ុន។

ជាមួយនឹងករណីថ្មីនេះចំនួនសរុបនៅប្រទេសកម្ពុជាបានកើនឡើងដល់ ៣០៤ នាក់ (ស្រី ៦២ នាក់និងបុរស ២៤២ នាក់) ។ អ្នកដែលឆ្លងជំងឺនេះមានប្រជាជនកម្ពុជាចំនួន ១៨៩ នាក់បារាំង ៤៥ នាក់ចិន ១៨ នាក់ម៉ាឡេស៊ី ១៣ នាក់ឥណ្ឌូនេស៊ី ៩ នាក់អាមេរិកាំង ៩ នាក់អង់គ្លេស ៦ នាក់​វៀតណាម ៣ នាក់កាណាដា ៣ នាក់ឥណ្ឌា ៣ នាក់ហុងគ្រី ២ នាក់បែលហ្ស៊ិកម្នាក់ កាហ្សាក់ស្ថានម្នាក់ ប៉ូឡូញម្នា់និងប៉ាគីស្ថានម្នាក់។ ក្នុងនោះមាន ២៩១ នាក់ត្រូវបានជាសះស្បើយហើយ ១៣ នាក់ទៀតកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យចំនួន ២ ក្នុងរាជធានីភ្នំពេញ៕  ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

រដ្ឋាភិបាលប្រតិកម្មខ្លាំងលើការទាមទាររបស់សមាជិកសភា ៨ ឲ្យដាក់ទណ្ឌកម្មប្រឆាំងលើកម្ពុជា

Next Article

មិនមានការចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅចក្រភពអង់គ្លេសទេនៅពេលធ្វើដំណើរពីប្រទេសកម្ពុជា