cellcard cellcard

ការវាយតំ​លៃ​ការខូចខាត​លើ​ដំណាំ​ស្រូវ​នៅ​មិនទាន់បាន​ធ្វើឡើង ខណៈដែល​ភ្លៀង​នៅតែ​បន្ត​ធ្លាក់

​សុខ ចាន់ / Khmer Times Share:
ការប្រមូល​ទិន្នផល​ពី​ស្រូវ​ដែល​លិច​ទឹក​ក្នុង​ខេត្តបន្ទាយមានជ័យ​។ រូបថត​ សហការី

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បានធ្វើការ​អំពាវនាវ​ដល់​សមាជិក​រោង​ម៉ាស៊ីនកិនស្រូវ​នានា​ឲ្យ​ប្រមូល​និង​ទិញស្រូវ​សើម​ពី​ប្រជាកសិករ​ក្នុងតម្លៃ​សមរម្យ​បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​កាលពីពេល​ថ្មីៗ​នេះ​។​

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុង សារ៉ន បាន​មានប្រសាសន៍ថា​សមាជិក​មួយចំនួន​បាន​ទិញស្រូវ​ពី​កសិករ ជាពិសេស​ពី​តំបន់​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​។​

​លោក​បន្ថែមថា​៖ «​យើង​បាន​អំពាវនាវ​ឲ្យ​សមាជិក​របស់​យើង​ទិញស្រូវ​នៅតាម​តំបន់​នានា ខណៈដែល​សមាជិក​រប​ស់​យើង​មាន​ជិត ១០០ នៅ​ខេត្តបន្ទាយមានជ័យ បាត់ដំបង និង​ពោធិសាត់​។ តំបន់​ខ្លះ កសិករ​ត្រូវ​ប្រមូល​ផល​នៅក្នុង​ទឹក ដូច្នេះ​យើង​ត្រូវ​ជួយ​ទិញស្រូវ​សើម​ពី​ពួកគេ​»​។​

​លោក ច្រាយ សុន នាយក​ក្រុមហ៊ុន Capital Food Investment Import Export Co ក្នុង​ខេត្តបាត់ដំបង​មានប្រសាសន៍ថា​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​របស់លោក​បាន​ទិញស្រូវ​ប្រមាណ​ជា ៣០០០ តោន​គិត​ត្រឹម​ថ្ងៃទី ១២ ខែតុលា​។​

​លោក​ថា​៖ «​ប្រសិនបើ​មាន​ស្រូវ យើង​នឹង​បន្ត​ទិញ​ពី​កសិករ​បន្ថែមទៀត​»​។​

​លោក​បន្ថែមថា​តម្លៃ​ស្រូវ​គឺ​ប្រមាណ​ជា ១០៦០ រៀល​ទៅ ១០៨០ រៀល​ក្នុង ១ គីឡូក្រាម ខណៈ​កាលពី​ឆ្នាំមុន​វា​មានតម្លៃ​ត្រឹមតែ ១០២០ រៀល​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ​។ ទោះយ៉ាងណា ​លោក​បាន​បន្ថែមថា​តម្លៃ​ខុសគ្នា​ទៅតាម​គុណភាព​។​

​បញ្ហា​ទឹកជំនន់​បាននិងកំពុង​វាយប្រហារ​ខេត្តបាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ​ព្រះវិហារ កំពង់ស្ពឺ ស្ទឹងត្រែង និង​ខេត្តសៀមរាប ដែល​បាន​បង្ក​ជាការ​លិចលង់​ដល់ផ្ទះ សាលារៀន​ការិយាល័យ​រដ្ឋបាល និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងទៀត ក៏ដូចជា​ដំណាំ​ស្រូវ​ផងដែរ​។​

​លោក ឡាយ ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិករ រុក្ខាប្រមាញ់ និង​នេសាទ ខេត្តពោធិ៍សាត់ បាន ឲ្យ​ដឹង ថា​គិត​ត្រឹម​ថ្ងៃទី ១២ ខែតុលា​នេះ ផ្ទៃដី​ស្រែ​ជាង ១៨ ៥៧០ ហិកតា​នៅ​ខេត្តពោធិ៍សាត់​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​និង​ខូចខាត​ចំនួន ៤៦០០ ហិកតា​។​

​លោក​បន្ត​ថាបើ​គ្មាន​ភ្លៀង​និង​ទឹកជំនន់​បន្ត​កើតឡើង​នៅ​ស្រុក​វាលវែង ក្នុង​រយៈពេល​មួយ​សប្តាហ៍​កម្រិត​ទឹក​នឹងមាន​កំរិត​ទាប​ខណៈដែល​ទឹកនឹង​ហូរ​ទៅកាន់​បឹង​ទន្លេសាប​។ ភាគច្រើន​ស្រូវ​ដែល​ដាំ​ដុះ​នៅទីនេះ​មាន​រយៈពេល​ដាំ​ដុះ ៣ ខែ (​ប្រមូល​ផល ៣ ដង​ក្នុង​មួយឆ្នាំ​) ។ តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​គឺ​នៅ​ជុំវិញ​ក្រុង​ពោធិ៍សាត់​និង​ស្រុក​កណ្តៀង​។​

​លោក​បាន​បន្ថែមថា​៖ «​យើង​ឃើញថា​រោង​ម៉ាស៊ីនកិនស្រូវ​នានា​បានមក​ទិញស្រូវ​ពី​កសិករ​ហើយ​តម្លៃ​គឺ​ប្រមាណ​ពី ១,១៥០ រៀល​ទៅ ១២០០ រៀល​ក្នុង ១ គីឡូក្រាម​»​។​

​លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តបាត់ដំបង​បាន​មានប្រសាសន៍ថា​ក្នុង​ខេត្ត​របស់លោក​បាន​រង​ផលប៉ះពាល់​ជាង ៦២ ០០០ ហិកតា ក្នុងចំណោម ៣៥០ ០០០ ហិកតា​ខណៈ​ដំណាំ​ជាង ៤៦ ០០០ ហិកតា​ផ្សេងទៀត​ក៏​រង​ផលប៉ះពាល់​ដែរ​។

​លោក​បន្ថែមថា ការវាយតម្លៃ​ពី​ការខូចខាត​នៅក្នុង​ខេត្ត​នៅ​មិនទាន់បាន​ធ្វើឡើង​នៅឡើយ​ទេ​។ ទឹកជំនន់​បាន​ប៉ះពាល់​ដល់​អង្ករ​ក្រអូប​នានា​។​

​លោក​ថា​៖ «​យើង​នៅ​មិនទាន់​អាចធ្វើ​ការវាយតម្លៃ​បានទេ​ថា​តើ​ពេលណា​កម្រិត​ទឹក​ចុះ​ទាប ពីព្រោះ​ពេលនេះ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។ យើង​នឹងធ្វើ​ការវាយតម្លៃ​លើ​ផលប៉ះពាល់​នាពេលខាងមុខ​។ យើង​កំពុងធ្វើការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​ជួយ​និង​ជម្លៀស​ប្រជាជន​និង​សត្វ​ទៅ​កន្លែង​មាន​សុវត្ថិភាព​»​។​

​របាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កម្ពុជា​បាន​បញ្ជាក់ថា​ផ្ទៃដី​​កសិកម្ម​ជាង ១២ ម៉ឺន​ហិកតា​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​និង​ខូចខាត​។ ក្នុងចំណោម​ការរង​ផលប៉ះពាល់​សរុប ទំហំ ៨០,០០០ ហិកតា​គឺជា​ដីស្រែ​៕ ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

សកម្មភាព​ប្រមូល​ពន្ធ​មាន​ដំណើរ​ការ​ល្អ​

Next Article

ផ្លូវ​រត់​ថ្មី​នៅ​អាកាស​យានដ្ឋាន​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​