cellcard cellcard

ផ្លូវ​រត់​ថ្មី​នៅ​អាកាស​យានដ្ឋាន​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​

Jason Boken / Khmer Times Share:
​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល និង លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ចូលរួម​ក្នុង​ពិធីសូត្រមន្ត​ប្រោះព្រំ ការបញ្ចប់​ការងារ​ពង្រីក និង​ជួសជុល​ផ្លូវ​រត់ (Runway) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​។ KT/​ជរ សុគន្ធា​

​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ដែល​ផ្ដល់​ជា​ជើង​ហោះហើរ​ក្នុង​តំបន់​មាត់​សមុទ្រ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​បាន​ឈាន​ចូល​ដំណាក់កាល​អភិវឌ្ឍន៍​ថ្មី​មួយទៀត ខណៈដែល​ផ្លូវ​រត់​ត្រូវ​បាន​ពង្រីក​​ពី​ទំហំ ២៥០០ ម៉ែត្រ ដល់ ៣៣០០ ម៉ែត្រ​។​

​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុង​ក្រោយនេះ ក្រុងព្រះសីហនុ​បានក្លាយ​ជា​គោលដៅ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​តាមរយៈ​ការ​មាន​កំពង់ផែ​ទឹក​ជ្រៅ​និង​ឆ្នេរសមុទ្រ​ដ៏​ស្រស់ស្អាត​ដែល​ទាក់ទាញ​ទាំង​វិនិយោគិន អ្នកជំនួញ និង​ភ្ញៀវទេសចរ​។ ក្នុង​ចន្លោះ​ឆ្នាំ ២០១៥ និង ២០១៩ អ្នកដំណើរ​មានការ​កើនឡើង​ពី ៩៤០០០ នាក់​ដល់ ១,៦ លាន​នាក់ ខណៈដែល​អាកាសយានដ្ឋាន​ទទួលបាន​នូវ​កំណើន​រាល់​ឆ្នាំ​។

​ស្រប​ពេលដែល​មានការ​រីកចម្រើន​នៃ​កំណើន​ចរាចរណ៍​ដ៏​ខ្លាំងក្លា គម្រោង​ផ្លូវ​រត់​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ខែកក្កដា​ឆ្នាំ ២០១៨ ជាមួយនឹង​គោលបំណង​ក្នុង​ការទទួល​ការ​ចុះចត​របស់​យន្តហោះ​ធំៗ (​កូដ E) ដូចជា​យន្តហោះ​B-777-300ER ឫ​យន្តហោះ A-350-1000 ដែល​កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ដោយផ្ទាល់​ទៅ​និង​មកពី​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​។​

​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រ​អាកាសចរណ៍​ស៊ីវិល លោក ម៉ៅ ហាវ​ណ្ណា​ល់ បាន​មានប្រសាសន៍ថា ការពង្រីក​ផ្លូវ​រត់​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពេលអនាគត ខណៈដែល​ទាំង​រដ្ឋលេខាធិការ​អាកា​ស​ចរណ៍​ស៊ីវិល​និង​អ្នកទទួល​សម្បទាន​ព្រលានយន្តហោះ​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​និង​ទទួលបាន​សិទ្ធិ​ចុះចត​ទ្វេភាគី​។​

​ចំពោះ​សំណួរ​ស្តីពី​ការបន្ធូរបន្ថយ​ពន្ធ​សម្រាប់​អាកាសយានដ្ឋាន លោក​បាន​ឲ្យ​ដឹងថា​៖ «​រដ្ឋាភិបាល​យល់​ពី​តំរូវការ​នៃ​ឧស្សាហកម្ម​ទេសចរណ៍​និង​ការធ្វើដំណើរ ដូច្នេះ​យើង​ក៏បាន​បន្ធូរបន្ថយ​មួយចំនួន​ដល់​អាកាសយានដ្ឋាន​ទាំង ៣ ផងដែរ​»​។​

ពិធីសូត្រមន្ត​ប្រោះព្រំ ការបញ្ចប់​ការងារ​ពង្រីក និង​ជួសជុល​ផ្លូវ​រត់ (Runway) នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ដែល​នឹង​បើក​ដំណើរការ​នាពេលខាងមុខ​។  KT/​ជរ សុគន្ធា​

«​ការបន្ធូរបន្ថយ​នេះ​នឹង​ត្រូវបាន​ពិនិត្យឡើងវិញ​ជាប្រចាំ​ដោយ​ផ្អែកលើ​ស្ថានភាព​នៃ​វីរុស​កូ​វីដ​១៩ ខណៈដែល​វីរុស​នេះ​បាន​បង្ក​ជា​ផលប៉ះពាល់​នៅ​ជុំវិញ​ពិភពលោក​។ សកម្មភាព​រិត​ត្បិត​នានា​របស់​រដ្ឋាភិបាល​ត្រូវតែមាន​ការបន្ធូរបន្ថយ​ដើម្បី​ឲ្យ​អាកាសយានដ្ឋាន​និង​ឧស្សាហកម្ម​ទេសចរណ៍​មាន​សកម្មភាព​ឡើងវិញ​»​។​

​លោក​បន្ថែមថា​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​ក្នុង​ខេត្តកោះកុង​នឹងត្រូវ​បានរៀបចំ​រួចរាល់​នៅ​ចុងឆ្នាំ ២០២១ ខណៈដែល​ការងារ​សាងសង់​ស្ថានីយ​គ្រោង​នឹង​ចាប់ផ្តើម​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ព្រលានយន្តហោះ​មួយទៀត​ដែល​ត្រូវបាន​គ្រោងទុក​ដោយ​ក្រុមហ៊ុន LYP Group និង​បាងកក​អ៊ែរ​វ៉េ​គឺ​ស្ថិតក្នុង​ដំណាក់កាល​ត្រួតពិនិត្យ ខណៈ​អាកាសយានដ្ឋាន​ដែល​បានគ្រោង​ទុក​នៅ​កោះរ៉ុង​កំពុងតែ​ស្ថិតនៅក្រោម​ការសិក្សា​។​

​ទាក់ទង​នឹង​សំណួរ​អំពី​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី លោក ម៉ៅ ហាវ​ណ្ណា​ល់ បាន​មានប្រសាសន៍ថា​កិច្ចការ​នានា​កំពុងតែ​ដំណើរការ ខណៈដែល​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លើ​ករណីនេះ​។​

​នាយក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា លោក Alain Brun ជា​ក្រុមហ៊ុន​ដែល​អភិវឌ្ឍ​និង​គ្រប់គ្រង​បណ្តាញ​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ «​ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍន៍​ក្រុងព្រះសីហនុ ប្រព័ន្ធ​អាកាសយានដ្ឋាន​ប្រកបដោយ​ប្រសិទ្ធភាព​និង​ការបង្កើន​ការតភ្ជាប់​អាកាស​គឺជា​ការចាំបាច់​»​។​

«​ការបង្កើន​សមត្ថភាព​ផ្លូវ​រត់​ផ្តល់នូវ​ឱកាស​រីកចម្រើន​ថ្មី ខណៈដែល​ក្រុមហ៊ុន​អាកាសចរណ៍​អាចធ្វើ​ប្រតិបត្តិការ​ស​សម្រាប់​យន្តហោះ​ធំៗ ដែល​ហោះ​ទៅ​និង​មកពី​តំបន់​នានា​ដូចជា​អ៊ឺរ៉ុប​ជាដើម​»​។​

​ការបើក​ឲ្យ​ដំណើរការ​ផ្លូវ​រត់​ថ្មី​គឺជា​សកម្មភាព​ដ៏​ល្អ​មួយ​សម្រាប់​ក្រុងព្រះសីហនុ​និង​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​រាយការណ៍​ថា​មានការ​ធ្លាក់ចុះ​នៃ​ការធ្វើដំណើរ​របស់​ប្រជាជន​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ​រហូតដល់ ៧៥ ភាគរយ​ក្នុង​រយៈពេល ៨ ខែ​ចុង​ក្រោយនេះ​។​

​លោក ខែ​ក ណូ​រិ​ន​ដា ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖  «​យើង​សង្កេតឃើញថា​ជើងហោះហើរ​មួយចំនួន​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ហើយ ប៉ុន្តែ​ការចាប់ផ្ដើម​ធ្វើដំណើរ​តាមផ្លូវ​អាកាស​នឹងមាន​កំណើន​យឺតយ៉ាវ​។ សូម្បីតែ​ជើងហោះហើរ​ក្នុងស្រុក​របស់​យើង​ក៏​ស្ទើរតែ​គ្មាន​អ្នកដំណើរ​ដែរ​។ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ជើងហោះហើរ​មាន​ចំនួន​ពីមួយ​ទៅ​ពីរដង​ក្នុង​មួយ​សប្តាហ៍​តែប៉ុណ្ណោះ ខណៈដែល​គ្មាន​ជើងហោះហើរ​អន្តរជាតិ​ចាប់តាំងពី​ខែមីនា​មក​។​

​ទោះយ៉ាងណា រដ្ឋាភិបាល​បានប្រកាស​ពី​វិធានការណ៍​បន្ធូរបន្ថយ​ពន្ធ​សម្រាប់​វិស័យ​មួយចំនួន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការឆ្លង​រាតត្បាត​នៃ​វីរុស​កូ​វីដ​-១៩ ដែល​រួមមាន​វិស័យ​អាកាសចរណ៍​ផងដែរ​។​

​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​បាន​ចុះបញ្ជី​នៅ​កម្ពុជា​គឺមាន​ការលើកលែង​ពន្ធ ខណៈពេលដែល​ក្រុមហ៊ុន​មួយចំនួន​រួមទាំង​អាកាសយានដ្ឋាន​ត្រូវបាន​ផ្តល់​ការបន្ធូរបន្ថយ​ពន្ធ​អប្បបរមា​មួយ​ភាគរយ​របស់ខ្លួន​រៀងរាល់​ពីរ​ខែម្តង​នៅពេល​ដាក់​ពាក្យសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕

​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

ការវាយតំ​លៃ​ការខូចខាត​លើ​ដំណាំ​ស្រូវ​នៅ​មិនទាន់បាន​ធ្វើឡើង ខណៈដែល​ភ្លៀង​នៅតែ​បន្ត​ធ្លាក់

Next Article

រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់