cellcard cellcard

រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់​ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់

​ទិ​ត្យ គង់នៅ / Khmer Times Share:
​រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់ របស់​ក្រសួងបរិស្ថាន ដែលមាន​ឈ្មោះថា វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់​ត្រូវ​បានដាក់​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ឯកឧត្តម ជា ស៊ីណា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​។ KT/​ប៉ាន់ រចនា​

​ក្រសួងបរិស្ថាន​កាលពី​ម្សិលមិញ​បានដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់ រថយន្ត​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ដែលមាន​ឈ្មោះថា វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់ (VAQM) ខណៈដែល​រថយន្ត​នេះ​មាន​សមត្ថភាព​ក្នុងការ​កំណត់​អត្តសញ្ញាណ​ការបំពុល​បរិយាកាស​យ៉ាង​ឆាប់រហ័ស​និង​ការឆ្លើយ​​តប​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​នេះ​គឺជា​ជំហាន​ឆ្ពោះទៅមុខ​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែមាន​បរិស្ថាន​ល្អ​ទាក់ទង​នឹង​ការថែរក្សា​និង​ការគ្រប់គ្រង​ការបំពុល​បរិស្ថាន​។​

​លោក​ថា សមិទ្ធិផល​ថ្មី​ដែល​នាំមក​តាមរយៈ វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់ (VAQM) នឹង​ជួយ​ឱ្យ​ប្រជាជន​ដឹង​នៅពេលដែល​អាកា​សមាន​ភាពល្អប្រសើរ​ឬ​អត់ ដើម្បី​ចាត់វិធានការ​ដើម្បី​ការពារ​ខ្លួន​។​

​លោក​បន្តថា ឧបករណ៍​ថ្មី​នេះ​មាន​ភាព​សុ​ក្រិ​ត្យ និង​ទាន់ពេលវេលា​ជាង​ឧបករណ៍​បច្ចុប្បន្ន​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ចំនួន ៤៩ របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់ (VAQM) មាន​សមត្ថភាព​ត្រួតពិនិត្យ​រហូតដល់ ១៦ ប៉ារ៉ាម៉ែត្រ​នៃ​គុណភាព​ខ្យល់​និង​ភាគល្អិត​ដល់​មួយ​មីក្រូ​។​

​លោក ជា ស៊ីណា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​​រថយន្ត​ចល័ត​នេះ​មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​រកឃើញ​ភាគល្អិត​ប្រមូលផ្តុំ​នៅលើ​អាកាស​រហូតដល់​មួយ​មីក្រូ ផ្ទុយ​ពី​ម៉ាស៊ីន​ស្កេ​ន​ធម្មតា​ដែល​អាច​ពិនិត្យ​បានតែ ២,៥ មី​ល្លី​ម៉ែត្រ​ប៉ុណ្ណោះ​។​

​លោក​បន្ថែមថា​គុណភាព​ខ្យល់​នៅ​ជនបទ​របស់​ប្រទេស​កម្ពុជា​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​​ភ្លើង​ឆេះ​ព្រៃ ចំការ និង​ការដុត​សំរាម​ពី​សំណាក់​ប្រជាជន​។​

Inauguration of a Vishnu Air Quality Control vehicle to monitor pollution throughout Cambodia. KT/Pann Rachana

​ខណៈដែល​នៅ​រាជធានី​ភ្នំពេញ ការបំពុល​ភាគច្រើន​បណ្តាលមកពី​សំណង់​និង​ផ្សែង​រថយន្ត​។​លោក​បន្តថា​៖ «​នេះ​ជា​មូលហេតុ​ដែល​ទីភ្នាក់ងារ​បរិស្ថាន​បាន​បង្កើត​វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់ (VAQM) ដើម្បី​ត្រួតពិនិត្យ​និង​ការពារ​ការបំពុល​បរិស្ថាន​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​លោក​បន្ថែមថា វិស្ណុ ត្រួតពិនិត្យ​គុណភាព​ខ្យល់ (VAQM) ងាយស្រួល​ក្នុងការ​ផ្លាស់ប្តូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ហើយ​ប្រសិនបើ​ការបំពុល​ត្រូវបាន​រកឃើញ ក្រុមការងារ​របស់​ក្រសួង​នឹងត្រូវ​បញ្ជូនទៅ​ជាបន្ទាន់​។​

​លោក​ថា​៖ «​រថយន្ត​នេះ​មាន​ភាពងាយស្រួល ពីព្រោះ​ប្រសិនបើ​យើង​សង្ស័យថា​កន្លែង​ណា​មាន​ខ្យល់អាកាស​មិនល្អ​យើង​អាច​ទៅពិនិត្យ​ភ្លាមៗ​បាន​។ ក្នុងអំឡុងពេល​រដូវ​ប្រាំង យើង​នឹង​ប្រើប្រាស់​រថយន្ត​នេះ​ទៅកាន់​តំបន់​ព្រំដែន​ដើម្បី​ពិនិត្យ​មើលថា​តើ​គុណភាព​ខ្យល់​នៅ​កម្ពុជា​កំពុង​រង​ផលប៉ះពាល់​ដោយ​ការបំពុល​ពី​ប្រទេស​ដទៃ​ឬ​យ៉ាងណា​»​។​

​ជា ភិរម្យ និស្សិត​ផ្នែក​គីមីវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​មានប្រសាសន៍ថា​៖ «​រថយន្ត​ចល័ត​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាជន​កម្ពុជា ពីព្រោះ​យើង​អាចធ្វើ​ការសាកល្បង​ផលប៉ះពាល់​បរិស្ថាន​និង​កត្តា​ដែល​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​របស់​យើង​។ នៅពេល​យើង​ដឹង​ពី​ផលប៉ះពាល់ យើង​អាច​ការពារ​ខ្លួន​យើង​បាន​»៕ ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

ផ្លូវ​រត់​ថ្មី​នៅ​អាកាស​យានដ្ឋាន​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​

Next Article

ស្ថាប័ន FBI របស់​អាមេរិក​បង្កើត​ការិយាល័យ «​ក្រុម​ការងារ​» នៅ​កម្ពុជា​