cellcard cellcard

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​មាន​ពង្រឹង​ការ​យល់​ដឹង​ពី​ការ​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​

សែន ដាវីត / Khmer Times Share:
​សម្រាប​អណ្តែត​នៅលើ​ផ្លូវថ្នល់​មួយ​រាជធានី​ភ្នំពេញ​ដែល​ត្រូវបាន​លិច​ទឹក​។ Facebook

​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ទាំងអស់​ពង្រឹង​ការ​យល់​ដឹង​អំពី​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​។​

​លោក ហ៊ុន សែន បានចេញ​សេចក្តីថ្លែងការណ៍​ស្រប​ជាមួយ​នឹង​ទិវា​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​កាលពី​ម្សិលមិញ​ក្រោម​ប្រធានបទ​ថា​ការរស់នៅ​ប្រកបដោយ​សុវត្ថិភាព​និង​សម្រប​ខ្លួន​ទៅនឹង​គ្រោះមហន្តរាយ​។​

​លោក​បាន​ថ្លែងថា ព្រឹត្តិការណ៍​មិន​ប្រក្រតី​ដែល​បណ្តាលមកពី​គ្រោះមហន្តរាយធម្មជាតិ​ដូចជា​ទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និង​ជំងឺ​រាតត្បាត​បណ្តាលឱ្យ​ខូចខាត​ផ្នែក​ហិរញ្ញវត្ថុ​និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចសង្គម​ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាជន​។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា​ព្យុះ​ផ្គរ​រន្ទះ​និង​ទឹកជំនន់​កំពុង​កើតឡើង​នៅ​ខេត្ត​ព្រះសីហនុ កំពត ឧ​ត្ត​រ​មានជ័យ កែប បាត់ដំបង ពោធិសាត់ និង​ប៉ៃលិន​។​

​ទន្ទឹមនឹងនេះ​ការផ្លាស់ប្តូរ​កម្រិត​ទឹកទន្លេ​កំពុង​ជះឥទ្ធិពល​ដល់​ស្រូវ​និង​ដំណាំ​ផ្សេងៗ និង​ត្រី​។​

​លោក ហ៊ុន សែន និយាយថា​៖«​ការដោះស្រាយ​ភាពមិនប្រាកដប្រជា​និង​ភាពមិន​អាច​ទាយ​ទុកជាមុន​នៃ​ការប្រែប្រួល​អាកាសធាតុ​គឺជា​ការខិតខំ​ប្រឹងប្រែង​ដើម្បី​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​ចាប់ផ្តើម​ពី​ការចូលរួម​របស់​បុគ្គ​ល​និង​ក្រុមគ្រួសារ​» ។​

​លោក​បាន​បន្ថែមទៀតថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​ខិតខំ​លើកកម្ពស់​ការការពារ​សុខភាព​អនាម័យ​ផ្ទាល់ខ្លួន​ការរស់នៅ​ស្អាត​និង​បរិស្ថាន​ល្អ​នៅ​ថ្នាក់មូលដ្ឋាន​ជាមួយនឹង​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​និង​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។​

​លោក​ហ៊ុន សែន បាន​និយាយថា ដើម្បី​ពង្រឹង​យន្តការ​និង​សមត្ថភាព​ជាពិសេស​នៅ​ថ្នាក់​សហគមន៍​ចាំបាច់​ត្រូវមាន​ការយល់ដឹង​អំពី​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ជាពិសេស​ចំពោះ​ស្ត្រី​កុមារ​ជនពិការ​និង​មនុស្ស​ចាស់​។​

​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​និយាយថា ទឹកជំនន់​ថ្មីៗ​នេះ​បាន​វាយប្រហារ​ខេត្ត​ចំនួន ១៧ ដែល​បានធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១០០ ០០០ នាក់ ហើយ​ប្រជាជន ១០ ០០០ នាក់​ត្រូវបាន​ជម្លៀសចេញ​។​

​លោក​បាន​បន្ថែមថា​រាជធានី​ភ្នំពេញ​និង​បន្ទាយមានជ័យ បាត់ដំបង ស្វាយរៀង ឧ​ត្ត​រ​មានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌល​គី​រី ព្រះសីហនុ កោះកុង ព្រះវិហារ កំពង់ចាម​ស្ទឹងត្រែង និង​ខេត្ត​ប៉ៃលិន បាន​រង​ផលប៉ះពាល់​ខណៈ​ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង​បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​ទឹកជំនន់​។​

​លោក​ឃុន សុខា បាន​និយាយថា​៖« ទឹកជំនន់​នាពេល​ថ្មីៗ​នេះ​បាន​ប៉ះពាល់​ផ្ទះ​ចំនួន ២៤ ៦៦៦ ផ្ទះ ៣៩ ៤៦២ ហិកតា ដំណាំ​រួមផ្សំ ៣៤ ១៨៨ ហិកតា និង​សាលារៀន ៥៤ កន្លែង​ដែល​ត្រូវបាន​លិចលង់​និង​បំផ្លាញ​» ។​

​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍ថា​ក្រុមការងារ​បច្ចេកទេស​កំ​ពុង​បន្ត​ធ្វើការ​លើ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​កនៅ​កម្ពុជា​។​

​ក្រសួងបរិស្ថាន​ធ្លាប់បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​មួយ​ដើម្បី​ព្រាង​អនុក្រឹត្យ​ហាមឃាត់​ការនាំ​ចូល​និង​ផលិតផល​ផ្លា​ស្ទិ​ច​ដែល​ប្រើ​តែមួយ​មុខ​នឹង​ត្រូវបាន​អនុវត្ត​នៅក្នុង​ខែវិច្ឆិកា​ឆ្នាំមុន​។​

​អនុក្រឹត្យ​នេះ​បាន​ស្នើសុំ​ការហាមឃាត់​ការនាំ​ចូល​និង​ការផលិត​ផ្លា​ស្ទិ​ច​ប្រើប្រាស់​តែមួយ​មុខ​ដូចជា​ចំបើង ស្លាបព្រា​និង​ពែង​ដោយ​បន្ថែម​ការយកចិត្តទុកដាក់​លើ​ហាង​កាហ្វេ​អ្នកលក់​ចំណីអាហារ​និង​ផ្សារ​ទំនើប​ក៏ដូចជា​បុគ្គល​ជា​អ្នកប្រើប្រាស់​៕

ប្រែ​សម្រួល​ដោយ តាំង រី​និត្យ​

 

Related Posts

Previous Article

ស្ថាប័ន FBI របស់​អាមេរិក​បង្កើត​ការិយាល័យ «​ក្រុម​ការងារ​» នៅ​កម្ពុជា​

Next Article

ទណ្ឌិត​ជាង​មួយ​ពាន់​នាក់​ត្រូវ​បាន​គេ​ជម្លៀស​ខណៈ​ទឹក​ជំនន់​កំពុង​បន្ត​