cellcard cellcard

ប្រទេស​ចិន​ផ្តល់​ជំនួយ​ឥត​សំណង ១៤០ លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ការ​អភិវឌ្ឍ​

រី សុខចាន់ / Khmer Times Share:
​រដ្ឋមន្ត្រីការបរទេស​ចិន​លោក​ វ៉ាង យី និង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទស្សនា​ពិព័រណ៍​រូបថត​នៅ​ក្រសួង​។ KT/ខឹម សុវណ្ណារ៉ា​

​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង​ បាន​ឲ្យ​ដឹង​ថា ប្រទេស​ចិន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រហែល ១៤០ លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​បន្ទាន់​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​ការផ្តល់​ជំនួយ​នេះ​បាន​ធ្វើឡើង​នៅពេលដែល​សមាជិក​ក្រុមប្រឹក្សារដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក​វ៉ាង យី បានផ្តល់​កំណត់​ទូត​ដល់​កម្ពុជា​នៅក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​លោក​ហោ ណាំហុង​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​របស់លោក​មកកាន់​ប្រទេស​កម្ពុជា​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ម្សិលមិញ​លោក​ហោ ណាំហុង បាន​និយាយថា ជំនួយ​នេះ​នឹងត្រូវ​ប្រើ​សម្រាប់​គម្រោង​នានា​ក្នុង​ក្រុងព្រះសីហនុ​រួមមាន​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​សមុទ្រ​ទៅ​ហុងកុង ការសាងសង់​នៅលើ​ផ្លូវជាតិ​លេខ ៧១ ខ​ការ​បណ្តាញ​បញ្ជូន​ថាមពលអគ្គីសនី​ទៅ​ទីជនបទ និង​ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ​និង​នាំចេញ​។​

​លោក​បន្តថា​ថវិកា​នេះ​ក៏​នឹងត្រូវ​ប្រើ​សម្រាប់​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​និង​ការពារ​ទឹកជំនន់​នៅឯ​ស្ទឹង​ព្រែក​ត្នោត​ក្នុង​ខេត្តកំពង់ស្ពឺ​និង​ពង្រីក​និង​កែលំអ​ផ្លូវជាតិ​លេខ ៤១ លេខ ៣៣ និង​លេខ ៣១ ។​

​លោក​វ៉ាង អ៊ី​ត្រូវបាន​ដកស្រង់​សម្តី​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ហោ​ណាំហុង​ដែល​បាន​និយាយថា បន្ទាប់ពី​កូ​វីត​១៩​ចប់ ចិន​និង​កម្ពុជា​នឹង​រៀបចំ​ផែនការអភិវឌ្ឍន៍​រួមគ្នា​ដោយ​បន្ថែមថា ចិន​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងទៀត​។​

​លោក​វ៉ាង អ៊ី​ក៏បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ផងដែរ​។​

​លោក ហ៊ុន សែន បាន​ធ្វើជា​សាក្សី​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា – ចិន (CCFTA)  និង​កិច្ចព្រមព្រៀង​ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​បច្ចេកទេស​សម្រាប់​ការផ្ដល់​ជំនួយ​។​

​លោក​ក៏បាន​ធ្វើជា​សាក្សី​នៃ​ការផ្លាស់ប្តូរ​កំណត់សំគាល់​សម្រាប់​ការសិក្សា​អំពី​លទ្ធភាព​នៃ​គម្រោង​កែលំអ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​និង​ការផ្លាស់ប្តូរ​កំណត់សំគាល់​សម្រាប់​ការសិក្សា​អំពី​លទ្ធភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូទឹក​សម្រាប់​ខេត្ត​ផងដែរ​។​

​ជំនួយការ​ផ្ទាល់​របស់លោក​ហ៊ុនសែន​គឺ លោក អ៊ាង សុផល្លែត បាន​ដកស្រង់​សម្តី​លោក​វ៉ាង អ៊ី ប្រាប់​អ្នកសារព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក ហ៊ុនសែន ទៅកាន់​ប្រទេស​ចិន​កាលពី​ខែកុម្ភៈ​ក្នុងកំឡុងពេល​មាន​រោគរាតត្បាត​បាន​ឆ្លុះបញ្ចាំង​ពី​ចរិត​យកចិត្តទុកដាក់ និង​ចិត្តល្អ​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​ចិន​ក៏ដូចជា​ចំណង​ដ៏​រឹងមាំ​រវាង​កម្ពុជា​និង​ចិន​។​

​លោក សុផល្លែត បាន​និយាយថា លោក​វ៉ាង អ៊ី បាន​កោតសរសើរ​ចំពោះ​លោក ហ៊ុនសែន ចំពោះ​សេចក្តី​សប្បុរស​របស់លោក​ចំពោះ​ប្រជាជន​នៅពេលដែល​លោក​អនុញ្ញាតឱ្យ​អ្នកដំណើរ​ដែល​ជាប់គាំង​នៅលើ​នាវា MS MSWesterdam ចូល​ចត​នៅ​ក្រុងព្រះសីហនុ​បន្ទាប់ពី​វា​ត្រូវបាន​បដិសេធ​ដោយ​ការចូល​ចត​ដោយ​ប្រទេស​មួយចំនួន​ដោយសារតែ​ការភ័យខ្លាច​ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩ ។​

​លោក វ៉ាង អ៊ី ត្រូវបាន​គេ​ដកស្រង់​សម្តី​ថា​៖« ពេលនោះ​លោក ហ៊ុន សែន បានធ្វើឱ្យ​ប្រទេស​កម្ពុជា​ស្គាល់​ជា​អន្តរជាតិ​ថា​ជា​ប្រទេស​តូច​មួយ​ដែលមាន​បេះដូង​ធំ​»​។​

​លោក ​អ៊ាង សុផល្លែត បាន​និយាយថា លោក​វ៉ាង អ៊ី បាន​ប្រា​ប់លោក​ហ៊ុន សែន​ថា កិច្ចពិភាក្សា​របស់លោក​ជាមួយ​លោក​ហោ ណាំហុង និង​លោក ប្រាក់ សុខុន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​ភាគី​ទាំងពីរ​។​

​លោក​បាន​និយាយថា​៖« លោក​វ៉ាង អ៊ី បាន​ប្រាប់​សម្តេច​តេ​ជោ​ហ៊ុន សែន ថា​ប្រទេស​ចិន​នឹង​គាំទ្រ​ប្រទេស​កម្ពុជា​ដើម្បី​រក្សា​អធិបតេយ្យភាព និង​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន ហើយ​សម្តេច​តេ​ជោ​បាន​កោតសរសើរ​ចំពោះ​ជំនួប​ប្រកបដោយ​ផ្លែផ្កា​ក្នុងចំណោម​អ្នក​ទាំងពីរ​» ។​

​លោក អ៊ាង សុផល្លែត បាន​ថ្លែងថា លោក​ហ៊ុនសែន​បាន​កោតសរសើរ​ប្រទេស​ចិន​ដែល​បាន​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីត​១៩​ដោយ​ជោគជ័យ​ថា​“ ប្រទេស​ចិន​មាន​ប្រជាជន​ជាង ១ ពាន់​លាន​នាក់​ប៉ុន្តែ​អ្នក​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​មាន​ភាគរយ​ទាប​បើ​ប្រៀបធៀប​ជាមួយ ប្រទេស​ផ្សេងទៀត​។​

​លោក​បាន​និយាយថា​៖«​ប្រទេស​ចិន​មាន​ប្រជាជន​ជាង ១ ពាន់​លាន​នាក់​ប៉ុន្តែ​អ្នក​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​រាតត្បាត​មាន​ចំនួន​ភាគរយ​ទាប​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃទៀត​»​។​

​កាលពី​ថ្ងៃទី ១២ ខែសីហា សហគមន៍​អឺរ៉ុប (EU) បានប្រកាស​ការសម្រេច​ជា​ផ្លូវការ​របស់ខ្លួន​ក្នុង​ការដក​ការ​ការលើកលែង​កូតា​និង​ពន្ធ​របស់​ប្រទេស​កម្ពុជា​មួយផ្នែក​ទៅ​ប្លុក​ចំនួន ២៧ ប្រទេស​។​

​លោក អ៊ាង សុផល្លែត បាន​ថ្លែងថា លោក​ហ៊ុនសែន​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បានផ្តល់​ជំនួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដោយមាន​ប្រសាសន៍ថា​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី CCFTA ពិត​ជាមាន​សារៈសំខាន់​ណាស់ ហើយ​លោក​បន្ថែមទៀតថា​៖ «EBA នឹង​បាត់បង់​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ CCFTA នឹង​នៅមាន​ជា​រៀងរហូត​»​។​

​ប្រធាន​បណ្តាញ​សម្ព័ន្ធភាព​ដើម្បី​គណនេយ្យភាព​សង្គម លោក​សន ជ័យ បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា ជំនួយ​ពី​ប្រទេស​ដទៃទៀត​គឺ​ល្អ​ប្រសិនបើ​មិន​ដាក់​លក្ខខណ្ឌ​ដែល​ធ្វើឱ្យ​ប្រទេស​ដែល​ទទួលបាន​ជំនួយ​ក្លាយជា​ប្រទេស​ឯកោ​ជា​អន្តរជាតិ​។​

​លោក​បន្តថា ការផ្តល់​ជំនួយ​ដល់​កម្ពុជា​គួរតែ​ធ្វើឡើង​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ជំនួយ​ទៅវិញទៅមក​។​

​សេចក្តីប្រកាស​របស់​ក្រសួងការបរទេស​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​វ៉ាង អ៊ី នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​យូរអង្វែង​នៃ​មិត្តភាព​ប្រពៃណី​សាមគ្គីភាព ភាតរភាព​និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​កម្ពុជា​ ​និង​ប្រទេស​ចិន​។​

​លោក គិ​ន ភា នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក​វ៉ាង អ៊ី​បាន​កើតឡើង​នៅពេលដែល​ប្រទេស​កម្ពុជា​ហាក់ដូចជា​មិនសូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​។​

​លោក​ថ្លែងថា​៖« ទំនាក់ទំនង​កាន់តែ​ប្រសើរ​ជាមួយ​ប្រទេស​ចិន​មិនគួរ​ក្លាយជា​ឧបសគ្គ​ដែល​ធ្វើ ឲ្យ កម្ពុជា​ផ្តាច់ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃ​ឡើយ​»​។​

​លោក​គិ​ន ភា បន្តថា​៖« យើង​ត្រូវមាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​ដើម្បី​ធានាថា​យើង​មាន​ភាព​ចម្រុះ​ផ្នែក​ការទូត​និង​ទីផ្សារ​»៕

Related Posts

Previous Article

កូវីដ​១៩ ធ្វើ​អោយ​ការ​សាង​សង់​មជ្ឈមណ្ឌល​ឧស្ម័ន​ធម្មជាតិ​ពង្រាវ​ត្រូវ​បាន​ពន្យារ​ពេល​

Next Article

ប្រទេស​ចិន​សន្យា​ផ្តល់​វ៉ាក់សាំង​កូវីត​១៩​ដល់​កម្ពុជា​