cellcard cellcard

លោក វ៉ាង យី នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

Harrison White / Khmer Times Share:
រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបន្ទាប់ពីធ្វើដំណើរមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញ។ KT/ខឹម សុវណ្ណារ៉ា

យោងតាមសេចក្តីប្រកាសជាផ្លូវការកាលពីថ្ងៃសៅរ៍បានឲ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិននឹងត្រូវចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ដែលធ្វើឡើងនៅទីក្រុងភ្នំពេញនៅថ្ងៃនេះ។

សេចក្តីប្រកាសនេះបានបញ្ចប់ចម្ងល់ដែលមានជាច្រើនខែទាក់ទងនឹងកាលបរិច្ឆេទជាក់លាក់
ដែលកិច្ចព្រមព្រៀងនឹងត្រូវចុះហត្ថលេខាបន្ទាប់ពីកាលបរិច្ឆេទដែលបានគ្រោងទុកនៅថ្ងៃទី ១២
ខែសីហាធ្វើឡើងនៅទីក្រុងប៉េកាំងត្រូវបានខកខាន។

គ្មានមូលហេតុផ្លូវការណាមួយត្រូវបានបញ្ជាក់សម្រាប់ការពន្យាពេលនេះទេ ខណៈដែលអាចបណ្ដាលមកពីបញ្ហានៃវីរុសកូវីដ១៩នៅក្នុងប្រទេសចិន។

កាសែតខ្មែរថាមស៍ទទួលបានដំណឹងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំដល់មន្ត្រីនានាឱ្យរៀបចំការចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច ខណៈដែលនឹងអាចត្រូវបានរៀបចំឡើងតាមរយៈសន្និសីទវីដេអូ ឬឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ធ្វើដំណើរទៅកាន់ប្រទេស
ចិន។

យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍បានឲ្យដឹងថា លោក វ៉ាង យី នឹងចូលជួបសម្តែងការគួរសមជា
មួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយក៏នឹងជួបជាមួយ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងផងដែរ។

លោកក៏នឹងធ្វើការជួបប្រជុំជាផ្លូវការជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស លោក ប្រាក់ សុខុន ដែលនឹងធ្វើការពិភាក្សាលើវិស័យជាច្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជាបញ្ហាក្នុងតំបន់ អន្តរជាតិ និងកង្វល់ជារួម។

រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី (ឆ្វេង) និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងអំឡុងកិច្ចប្រជុំមួយកាលពីឆ្នាំ ២០១៨ នៅប្រទេសវៀតណាម។ Supplied

ជាមួយគ្នានេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏នឹង​ធ្វើជាសាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​កម្ពុជា-ចិន និង​ឯកសារ​ចំនួន​ពីរផ្សេងទៀត​ ទាក់ទង​នឹង​ការសិក្សា​សមិទ្ធិលទ្ធភាព​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃមន្ទីរពេទ្យ​បង្អែក​ក្រុងព្រះសីហនុ និងការសិក្សា​សមិទ្ធិលទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកខ្វក់នៅក្នុងខេត្តព្រះសីហនុ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះនឹងចុះបញ្ជីទំនិញប្រមាណជា ៣៤០ បន្ថែមទៀតដែលត្រូវនាំចេញទៅប្រទេសចិនក្រោមកិច្ចព្រមព្រៀងនេះ។

យោងតាមក្រសួងពាណិជ្ជកម្ម ផលិតផលភាគច្រើនគឺស្ថិតនៅក្នុងវិស័យកសិកម្ម កសិ-កែច្នៃ និងជាអ្វីដែលប្រទេសកម្ពុជាបានទទួលពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន។

 

ផលិតផលទាំង ៣៤០ នឹងរួមមានមុខទំនិញនានាដែលមានដូចជាម្រេច ម្ទេស ម្នាស់ បន្លែ ផ្លែឈើត្រី សាច់ (រួមទាំងផលិតផលកែច្នៃ) គ្រាប់ធញ្ញជាតិ ក្តាម គ្រឿងសមុទ្រ និងផលិតផលកំប៉ុងជាច្រើនប្រភេទ។

ក្នុងចំណោមទំនិញចំនួន ៣៤០ បន្ថែមទៀតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ៩៥ ភាគរយនៃទំនិញទាំងនោះនឹងមិនត្រូវបានយកពន្ធឡើយ ខណៈដែលពន្ធនឹងត្រូវទម្លាក់ចំពោះផលិត ៥ ភាគរយដែលនៅសល់ក្នុងរយៈពេលយ៉ាងតិច ១០ ឆ្នាំ៕ ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ចំនួនអ្នកដំណើរជិះរថយន្តក្រុងនានាមានការធ្លាក់ចុះ

Next Article

មជ្ឈមណ្ឌលកម្សាន្តក្នុងខេត្តកោះកុងចាប់ផ្ដើមប្រកាសបើកលក់ជាផ្លូវការ