cellcard cellcard

ADB ផ្តល់​ហិរញ្ញប្បទាន​ដើម្បី​គាំទ្រ​រដ្ឋាភិបាល និង​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ​សម្រាប់​ជន​ងាយ​រងគ្រោះ​

រី សុចាន់ / Khmer Times Share:
​ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​គាំទ្រ​រដ្ឋាភិបាល​ក្នុងការ​កែលម្អ​ការផ្តល់​សេវាសាធារណៈ​ជាពិសេស​នៅតាម​តំបន់​ជនបទ​។ ធនាគារអភិវឌ្ឍន៍អាស៊ី​

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​យល់​ព្រម​ផ្តល់​ប្រាក់​កម្ចី​ជាង ២៩ លាន​ដុល្លារ ដើម្បី​ជួយ​រដ្ឋាភិបាល​ក្នុងការ​កែលម្អ និង​ការផ្តល់​សេវាសាធារណៈ​ជាពិសេស​នៅតាម​តំបន់​ជនបទ​។​

​ការផ្លាស់ប្តូរ​នេះ​នឹងត្រូវ​បាន​អនុម័ត​តាមរយៈ​ការ​ធ្វើ​កំណែ​ទម្រង់​ជា​បន្ត​បន្ទាប់​នៅក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​វិមជ្ឈការ​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​ថា ប្រាក់កម្ចី​ដែល​ផ្អែកលើ​គោលនយោបាយ​ចំនួន ២០ លាន​ដុល្លារ​នឹង​គាំទ្រ​ដល់​ការពង្រឹង​ផែនការ និង​ការគ្រប់គ្រង​សារពើពន្ធ​របស់​រដ្ឋាភិបាល​មូលដ្ឋាន​ក៏ដូចជា​រដ្ឋបាល​សាធារណៈ​។​

​សេចក្តីថ្លែងការណ៍​និយាយថា វា​ក៏​រួមបញ្ចូល​ផងដែរ​នូវ​ប្រាក់កម្ចី ៩,៣៥ លាន​ដុល្លារ​ដើម្បី​ជួយ​កសាង​សាលា​រដ្ឋបាល​មូលដ្ឋាន​ជាតិ​។ រដ្ឋាភិបាល​ក៏បាន​ផ្តល់ប្រាក់​ចំនួន ១,៧ លាន​ដុល្លារ​ដល់​គំនិត​ផ្តួចផ្តើម​នេះ​ផងដែរ​។​

​លោកស្រី Jhelum Thomas អ្នកជំនាញ​ជាន់ខ្ពស់ ផ្នែក​គ្រប់គ្រង​វិស័យ​សាធារណៈ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នេះ​ថា គម្រោង​នេះ​មាន​គោលបំណង​ជួយ​ដល់​រដ្ឋបាល​មូលដ្ឋាន​នៅ​ទូទាំង ប្រទេស​កម្ពុជា ក្នុងការ​ផ្តល់នូវ​សេវាសាធារណៈ​មូលដ្ឋាន ប្រកបដោយ​និរន្តរភាព និង​ប្រសិទ្ធភាព ហើយក៏​នឹង​បង្រួម​គម្លាត​តំបន់​ជនបទ និង​ទីប្រជុំជន​ផងដែរ​។​

​លោកស្រី​ថា​៖ «​គម្រោង​នេះ​ចាំបាច់​ណាស់ ខណៈដែល​ជំងឺ​រាតត្បាត​កូ​វីដ​១៩​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ផ្លាស់​ទី​ពី​ទីក្រុង​ទៅ​ជនបទ​។ ​ប្រការនេះ​នឹង​នាំ​សម្ពាធ​បន្ថែម​ដល់​រដ្ឋបាល​មូលដ្ឋាន ក្នុងការ​ផ្តល់ជំនួយ​ស​ង្គ​ម និង​សេវាកម្ម​ចំ​បាច់​ផ្សេងៗ​»

​យោងតាម​សេចក្តីថ្លែងការណ៍ កម្មវិធី​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី​នឹង​ជួយ​ពង្រឹង​ការសម្របសម្រួល​របស់​ទីភ្នាក់ងារ​សម្រាប់​ការផ្តល់​សេវាកម្ម​ប្រកបដោយ​ការទទួលខុសត្រូវ ក៏ដូចជា​ការពង្រឹង​ផែនការ​ថវិកា​យុទ្ធសាស្ត្រ​សវនកម្ម​និង​មុខងារ​អ្នកស៊ើប​អង្កេត​។​

​វា​ក៏​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​ចំណូល និង​ចំណាយ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក​និង​ដោះស្រាយ​កង្វះ​ជំនាញ​រយៈពេល​វែង​រប​ស់​បុគ្គលិក​រដ្ឋាភិបាល​មូលដ្ឋាន​។​

​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ទទួលបន្ទុក​ត្រួតពិនិត្យ​ការផ្តល់​សេវាសាធារណៈ​ថ្នាក់ក្រោម​ជាតិ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។​

​លោក សន ជ័យ អ្នកសម្របសម្រួល​នៃ​បណ្តាញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា ការផ្លាស់ប្តូរ​នេះ​គឺ​វិជ្ជមាន ហើយ​រដ្ឋាភិបាល​គួរតែ​អនុវត្ត​គម្រោង​នេះ​ឱ្យបាន​ហ្មត់ចត់​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នកទទួលផល​។​

​លោក​ថ្លែងថា​៖ «​រដ្ឋាភិបាល​ចាំបាច់​ត្រូវខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​ការដាក់បញ្ចូល​សង្គម ជាពិសេស​ជាមួយ​ក្រុម​ងាយ​រងគ្រោះ​ដែល​ត្រូវបាន​កាត់ផ្តាច់​ពី​សេវាសាធារណៈ​។ នេះ​នឹង​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​លើកកម្ពស់​សុខុមាលភាព​និង​ឱកាស​សេដ្ឋកិច្ច​របស់​ពួកគេ​»​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​កាលពី​ថ្ងៃទី ១១ ខែកញ្ញា​បានអនុម័ត​ប្រាក់កម្ចី ១២៧,៨ លាន​ដុល្លារ​ដើម្បី​ពង្រីក​ការសាងសង់​បណ្តាញ​បញ្ជូន និង​ស្ថានីយ៍​បណ្តាញ​អគ្គិសនី ក្នុង​គោលបំណង​ជួយ​ដល់​ភ្នំពេញ កំពង់ឆ្នាំង កំពង់ចាម និង​តាកែវ ជាមួយនឹង​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថេរភាព​និង​អាច​ទុកចិត្តបាន​។​

​រដ្ឋាភិបាល​បានធ្វើ​កំណែទម្រង់​វិមជ្ឈការ​ចាប់តាំងពី​ឆ្នាំ ២០០១ ។​

​លោក ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា លោក​លើកទឹកចិត្ត​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងមហាផ្ទៃ រក្សា​ថវិកា​ឃុំ​សង្កាត់ ដើម្បី​ធានាថា​មានការ​វិនិយោគ​យ៉ាងហោចណាស់ ១០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឃុំ​ដែល​អាច​ចំណាយ​សម្រាប់​សេវាកម្ម​សំខាន់ៗ​ដូចជា​ការអប់រំ និង​សុខភាព ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ចំពោះ​ជន​ងាយ​រងគ្រោះ​បំផុត​។​

​លោក​បន្តថា​៖ «​ខ្ញុំ​សូម​គាំទ្រ​យ៉ាងខ្លាំង​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ក្រសួងមហាផ្ទៃ​ក្នុងការ​បង្កើត​និង​ដំណើរការ​សាលា​រដ្ឋបាល​មូលដ្ឋាន​ជាតិ​ដែល​នឹង​ទទួលបាន​ហិរញ្ញប្បទាន​ក្រោម​ប្រាក់កម្ចី​នេះ ដើម្បី​លើកកម្ពស់​ភាពស្មោះត្រង់ គណនេយ្យភាព និង​វិជ្ជាជីវៈ​របស់​អ្នកផ្តល់​សេវាសាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា​»​។​

​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​គាំទ្រ​កំណែទម្រង់​វិមជ្ឈការ​របស់​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០០២ រួមទាំង​ការគាំទ្រ​សម្រាប់​កំណែទម្រង់​ច្បាប់ គោលនយោបាយ និង​ស្ថាប័ន​។​

​នៅ​ចន្លោះ​ឆ្នាំ ២០០២ និង​ឆ្នាំ ២០១២ ការចូលរួម​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី​ផ្តោតលើ​ការពង្រឹង​ក្រុមប្រឹក្សាឃុំ​និង​ពង្រីក​សេវាកម្ម​នៅតាម​តំបន់​ជនបទ​។​

​ចាប់តាំងពី​ឆ្នាំ ២០១២ មក​ការគាំទ្រ​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី​បាន​ផ្តោតលើ​ការពង្រឹង​ការសម្របសម្រួល​ការងា​រ​រដ្ឋាភិបាល ក្របខ័ណ្ឌ​ច្បាប់ ស្ថាប័ន និង​ការកំណត់​តួនាទី និង​ទំនួល​ខុសត្រូវ​ក្នុង​ការផ្តល់​សេវាសាធារណៈ​។​

​គម្រោង​ថ្មី​នេះ​ស្រប​នឹង​អាទិភាព​ដែល​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​ភាពជា​ដៃគូ​របស់ ADB ប្រចាំឆ្នាំ ២០១៩-២០២៣ ៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប ស្វាគមន៍​ទស្សន​កិច្ច​ឧត្តម​សេនីយ៍​ឯក ហ៊ុន ម៉ាណែត សម្រាប់​ដំណើរ​ស្វែង​យល់​អំពី​ឌីជីថល​នីយកម្ម​

Next Article

អាកាសចរណ៍ខេមបូឌាអ៊ែរវ៉េបញ្ចប់ប្រតិបត្តិការហោះហើរពីរ លើកទៅកាន់ប្រទេសចិន