cellcard cellcard

គម្រោង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ពិភាក្សា​

ស៊ន សារ៉ាត់ / Khmer Times Share:
កុងតឺន័រ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។ សហការី

​សេចក្តីព្រាង​ស្ដីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​កំពុងតែ​ស្ថិតក្នុង​ការពិភាក្សា​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​គឺជា​មជ្ឈមណ្ឌល​ដ៏​មាន​សក្តានុពល​ក្នុងការ​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​មាន​ភាព​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​។​

​លោក​ថា​៖ «​ទាំង​តម្លៃ​និង​សេវាកម្ម មជ្ឈមណ្ឌល​នេះ​នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​នឹង​សម្រេចបាន​នូវ​ចក្ខុវិស័យ​របស់រ​ដ្ឋា​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​ក្លាយជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​ខាងមុខ​»​។​

​ការលើកឡើង​របស់លោក ស៊ុន ចាន់ថុល ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាង​ស្ដីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​ក៏ដូចជា​ប្រមូល​ព័ត៌មាន​បន្ថែម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធានាថា​កិច្ចព្រមព្រៀង​នេះ​មាន​ខ្លឹមសារ​ច្បាប់​ពេញលេញ​ដែល​អាច​ទទួលយកបាន​ពី​គ្រប់ភាគី​ទាំងអស់​ជាពិសេស​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងមូល​ស្របតាម​ទស្សនៈវិស័យ​រយៈពេល​វែង​របស់​រដ្ឋាភិបាល​។​

​លោក​ថា​៖ «​ក្រុមការងារ​ត្រូវធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកពាក់ព័ន្ធ​និង​ក្រុមហ៊ុន​វិនិយោគ​ដើម្បី​ធានាថា​គម្រោង​ដំណើរការ​ទៅបាន​រលូន​ស្របតាម​ការគ្រោងទុក​»​។​

​ឈៀង ពេជ្រ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភា​រកម្ម នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មានប្រសាសន៍ថា​រដ្ឋាភិបាល​បានផ្តល់​ជូន​នូវ​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​ដើម្បី​ធ្វើការ​អភិវឌ្ឍ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ ហើយ​ក្រសួង​ក៏​កំពុង​រៀបចំ​សេចក្តីព្រាង​ស្ដីពី​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ដែល​រំពឹងថា​នឹងដាក់​ជូន​ក្រុមហ៊ុន​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

«​កិច្ចព្រមព្រៀង​នេះ​និយាយ​អំពី​សកម្មភាព​ដែល​ភាគី​ទាំងពីរ​ត្រូវធ្វើ ដូចជា​ក្រុមហ៊ុន​តម្រូវឱ្យ​យើង​ធ្វើការ​សិក្សា​ឱ្យបាន​ពេញលេញ​ក្នុង​រយៈពេល​ប្រាំមួយ​ឬ​ប្រាំបួន​ខែ​។ វា​នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នះ​ពីព្រោះ​យើង​ត្រូវ​បញ្ចប់​សេចក្តីព្រាង​មុននឹង​ដាក់ជូនទៅ​ក្រុមហ៊ុន​»​។​

​ក្នុងអំឡុងពេល​កិច្ចប្រជុំ​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ video conference រវាង​ប្រទេស​សឹង្ហ​បូរី​និង​ប្រទេស​កម្ពុជា​កាលពី​ដើមខែ​នេះ ក្រុមហ៊ុន YCH Group ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​លើ​គម្រោង​នេះ​។​

​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​ភ្នំពេញ​នឹងមាន​ទីតាំង​នៅលើ​ផ្ទៃដី​ទំហំ ៩៨ ហិកតា​នៅក្នុង​សង្កាត់​សំរោងក្រោម រាជធានី​ភ្នំពេញ ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ មជ្ឈមណ្ឌល​នេះ​មាន​សារៈសំខាន់​ពីព្រោះ​វា​ស្ថិតនៅ​ចន្លោះ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​និង ខ្សែ​រថភ្លើង​ខាងជើង​ទៅកាន់​ប្រទេស​ថៃ​តាម​ច្រក​ប៉ោយប៉ែត​។ មជ្ឈមណ្ឌល​នេះ​ក៏មាន​ទីតាំងនៅ​ជិត​ផ្លូវជាតិ​លេខ ៣ និង ៤ ក៏ដូចជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ផងដែរ​។​

​ហេដ្ឋារចនាសម្ព័ន្ធ​ភស្តុភារ​ដែល​កំពុង​អភិវឌ្ឍ​នៅ​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ឧបសគ្គ​ដល់​វិស័យ​ពាណិជ្ជកម្ម​។ របាយការណ៍​កាលពីពេល​កន្លងទៅ​របស់​ធនាគា​រ​ពិភពលោក​បានបង្ហាញ​ការនាំចេញ​របស់​ប្រទេស​នេះ​មានតម្លៃ​ថ្លៃ​ជាង​ប្រទេសជិតខាង​ថៃ​និង​វៀតណាម​ចំនួន​៣០ ភាគរយ​។​

​ក្នុង​ឆ្នាំ ២០១៦ ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បាន​ឲ្យ​ដឹងថា​ប្រទេស​កម្ពុជា​បាន​យក​តម្លៃ​ពី​អ្នក​នាំចេញ​ចំនួន ៥៤០ ដុល្លារ​ក្នុង​មួយ​កុងតឺន័រ (TEU) ទំហំ ២០ ហ្វី​ត ដែលមាន​តម្លៃ​ថ្លៃ​ជាង​នៅ​ប្រទេស​ថៃ​ និង​​វៀតណាម​។​

​ប្រធាន​សមាគម​អ្នក​ដឹក​ជ​ញ្ចូ​ន​ទំនិញ​កម្ពុជា (CLA) លោក​ស៊ិន ច​ន្ធី បាន​ថ្លែងថា​បញ្ហា​ប្រឈម​សម្រាប់​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​គឺ​កង្វះ​ការតភ្ជាប់​ផ្លូវ ការចំណាយ​ខ្ពស់ ការចំណាយ​ពេលវេលា​ច្រើន និង​ថ្លៃ​សេវា​ក្រៅផ្លូវការ​។​

​លោក​បន្តថា យោងទៅលើ​របាយការណ៍​របស់​ធនាគារពិភពលោក​និង​អង្គការ JICA បាន​ឲ្យ​ដឹងថា​តម្លៃ​នៃ​ការដឹកជញ្ជូន​នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន​នៅតែ​ខ្ពស់ជាង ៣០ ភាគរយ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​វៀតណាម​និង​ថៃ​។​

​លោក​ថា​៖ «​អត្រា​នាពេល​បច្ចុប្បន្ននេះ​គឺ​នៅតែ​ដូច​អ្វីដែល JICA បានលើកឡើង​កាលពី ៤ ឆ្នាំមុន​ហើយ​អាច​នឹងមាន​ការកើនឡើង​ខ្ពស់ជាង​នេះ​ដោយសារតែ​តម្លៃ​ទំនិញ​ក៏​ឡើងថ្លៃ​ផងដែរ​»​។​

​លោក​បន្ថែមថា​ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្លូវដែក​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ដែល​អាច​ធានាបាន​ថា​ការដឹកជញ្ជូន​មានតម្លៃ​ទាប ប្រកបដោយ​ប្រសិទ្ធភាព និង​ចំណេញ​ច្រើន​។​

​លោ​កថា​គម្រោង​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ភ្នំពេញ​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ពាណិជ្ជកម្ម​និង​ការវិនិយោគ​។​

​លោក​បន្ថែមថា​៖ «​មជ្ឈមណ្ឌល​នេះ​នឹង​ភ្ជាប់​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​តាមរយៈ​ផ្លូវ​ល្បឿន​លឿន​រវាង​ភ្នំពេញ​និង​ក្រុងព្រះសីហនុ ភ្ជាប់​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ ភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅកាន់​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត​ជាមួយ​ប្រទេស​ថៃ និង​ត​ភ្ជាប់​ទៅកាន់​ច្រកព្រំដែន​បាវិត​ជាមួយ​ប្រទេស​វៀតណាម​»​។​

​លោក​ថា​៖ «​តាម​អ្វីដែល​ខ្ញុំ​បានដឹង ក្រសួង​កំពុងតែ​ជំរុញ​គម្រោង​នេះ​។ វា​នឹង​លេចចេញ​ជា​រូបរាង​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ប៉ុន្តែ មជ្ឈមណ្ឌល​នេះ​ក៏ត្រូវ​តែ​ធ្វើ​ទំនើបកម្ម​ផងដែរ​ដើម្បី​ឲ្យ​មានការ​ប្រកួតប្រជែង​»៕

​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

ការលើកកម្ពស់កិច្ចការពារក្នុងតំបន់ព្រៃឡង់

Next Article

គ.ជ.ប រំពឹង​ថា នឹង​មាន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ប្រមាណ​ជាង ៣០ ម៉ឺន​នាក់​ក្នុង​ឆ្នាំ ២០២០