cellcard cellcard

ក្រសួង​៖ កម្ពុជា​មិន​ទាន់​បាន​បញ្ជា​ទិញ​ការ​ផ្គត់ផ្គង់​វ៉ាក់​ស៊ាំង​កូវីត​១៩ ជា​មុន​ទេ​

ខាន់ ច័ន្ទវីរៈ / Khmer Times Share:

​ក្រសួង​សុខាភិបាល​និយាយ​ថា កម្ពុជា​នឹងមិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​ដល់​ប្រជាជន​គ្រប់គ្នា​នោះទេ ក្រោយ​ពេលដែល​អង្គការ​សុខភាព​ពិភពលោក​អនុម័ត​វ៉ាក់សាំង​ការពារ​កូ​វីត១៩​ណាមួយ ទោះបីជា​ថាប្រទេស​កម្ពុជា​ជា​សមាជិក​នៃ​សម្ព័ន្ធភាព​សកលលោក អំពី​វ៉ាក់សាំង និង​ការចាក់​ថ្នាំ​វ៉ាក់សាំង​ក្ដី​។​

​អង្គការ​សុខភាព​ពិភពលោក​បាន​សហការ​ជាមួយ Gavi និង​សម្ព័ន្ធភាព​សម្រាប់​ការច្នៃប្រឌិត​ត្រៀម​បង្ការ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត (CEPI) បាន​បង្កើត​យន្តការ​មួយ​សំដៅ​ធានា​ការ​ចែកចាយ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីត​-១៩ ប្រកបដោយ​សមធម៌​ជាង​មុន​។​

​ប៉ុន្តែ​យន្តការ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា Covax ត្រូវបាន​គេ​រាយការណ៍​ថា​មាន​ភាពលំបាក​ក្នុងការ​រៃអង្គាស​ថវិកា​ដែល​ត្រូវការ​ដើម្បី​ផ្គត់ផ្គង់​ដល់​ប្រទេស​ដែលមាន​ប្រាក់ចំណូល និង​សេដ្ឋកិច្ច​ទាប​ចំនួន ៩២ ដទៃទៀត​ដែល​បាន​ចុះហត្ថលេខា​យ៉ាង​ឆាប់រហ័ស​។​

​គោលបំណង​គឺ​ដើម្បីឱ្យ Covax ដាក់ទុន​លើ​វ៉ាក់សាំង​ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ចំនួន ២ ពាន់​លាន​ដូ​ស​នៅ​ចុងឆ្នាំ ២០២១ ។​

​អ្នកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​កាលពី​ម្សិលមិញ​ថា ក្រសួងសុខាភិបាល​កាលពី​ខែកក្កដា​បាន​អំពាវនាវ​ឱ្យមាន​ការផ្តល់​វ៉ាក់សាំង​សមធម៌​ដល់​ប្រទេស​កម្ពុជា​តាមរយៈ​យន្តការ Covax ។​

​ទោះបី​មាន​ប្រទេស​មួយចំនួន​បានធ្វើ​ដូច្នេះ​ក៏ដោយ អ្នកស្រី ឱ វណ្ណឌី​ន មានប្រសាសន៍ថា​ប្រទេស​កម្ពុជា​មិនបាន​បញ្ជា​ទិញ​វ៉ាក់សាំង​ជាមុន​ទេ ប៉ុន្តែ​កម្ពុជា​ជា​សមាជិក​នៃ​សម្ព័ន្ធ​វ៉ាក់សាំង​អន្តរជាតិ​មួយ​។ ដូច្នេះ​ប្រសិនបើ​មានការ​ប្រកាស​ជា​ផ្លូវការ​ថា​វ៉ាក់សាំង​មួយ​អាច​

​ត្រូវបាន​ប្រើ ប្រទេស​កម្ពុជា​ក៏​អាច​ទិញ​ឬ​ទទួលយក​វ៉ាក់សាំង​នេះ​បានដែរ​។​

​អ្នកស្រី​បាន​និយាយថា ប្រទេស​កម្ពុជា​មិនអាច​ទិញ​នូវ​វ៉ាក់សាំង​ដើម្បី​ចែកចាយ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បានទេ ពីព្រោះ​ការផលិត និង​ការលក់​វ៉ាក់សាំង​ដំបូង​នឹងត្រូវ​បានកំណត់​ដោយសា​រ​តែ​ការព្រួយបារម្ភ​លើ​ផលប៉ះពាល់​។​

​អ្នកស្រី​បាន​បន្ថែមថា​៖ «​ដូច្នេះ យើង​អាច​ផ្តល់​វ៉ាក់សាំង​ដល់​ប្រជាជន​ជា​ជំហាន ៗ​បាន ។ ដូចដែល​យើង​បានដឹងហើយថា អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក​តែងតែ​អំពាវនាវ​ឱ្យមាន​ការចែក​ចាយ​វ៉ាក់សាំង​ឱ្យមាន​ភាពយុត្តិធម៌​រវាង​ប្រទេស​នានា ចៀសវាង​ភាព​អាត្មានិយម​ឬ​ការរើសអើង​ប្រឆាំងនឹង​ប្រទេស​ណាមួយ​»​។​

​ដោយ​រំពឹងថា ការផ្គត់ផ្គង់​វ៉ាក់សាំង​មានកំណត់ អ្នកស្រី​បាន​បន្ថែមថា ប្រទេស​កម្ពុជា​មិនទាន់​សម្រេចចិត្តថា​តើ​ត្រូវ​ទិញដូ​ស​ដើម្បី​ការពារ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ ឬ​បុគ្គលិក​ពេទ្យ​ជួរមុខ​ជាមុន​ទេ​។​

​អ្នកស្រី ឱ វណ្ណឌី​ន​បាន​និយាយថា វ៉ាក់សាំង​ណាមួយ​ដែល​ត្រូវ​បានអនុម័ត​នឹងមិន​គ្រប់គ្រាន់​ដើម្បី​ចែកចាយ​ដល់​មនុស្ស​គ្រប់គ្នា​នៅលើ​ពិភពលោក​ទេ​។​

​អ្នកស្រី​បាន​បន្ថែមទៀតថា បើទោះបី​ជាមាន​វ៉ាក់សាំង​ក៏ដោយ ក្រសួងសុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​នៅតែ តម្រូវ​ឲ្យ ប្រជាជន​ចាត់វិធានការ​បង្ការ​ប្រឆាំងនឹង​វីរុស​នេះ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​តាម​គំនិត​របស់ខ្ញុំ ប្រសិនបើ​យើង​អាចអនុវត្ត​វិធានការណ៍​ដើម្បី​ការពារ​ការឆ្លង​មេរោគ​កូ​វីត​១៩ យើង​នឹងមិន​ចាំបាច់​ចាក់​វ៉ាក់សាំង​ទេ​។ ដូច្នេះ​យើង​គួរ​ជំរុញ​ឱ្យ​បន្ត​ការពារ​ខ្លួន​ជាជាង​ការធ្វេសប្រហែស​។ ទោះបីជា​មិនមាន​ករណី​ថ្មី​នៃ​ជំងឺ​កូ​វីត​១៩

​នៅ​កម្ពុជា​ក៏ដោយ​មេរោគ​នេះ​នៅតែ​រីក​រាលដាល​ពាសពេញ​ពិភពលោក និង​ប្រទេសជិតខាង​»​។​

​កាលពី​ថ្ងៃ​ចន្ទ អង្គការ​សុខភាព​ពិភពលោក​បានប្រកាសថា ការបែងចែក​វ៉ាក់សាំង​ដែល​ទទួលបាន​ការអនុញ្ញាតិ និង​ត្រូវ​បានអនុម័ត នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ក្របខ័ណ្ឌ​នៃ​ការបែងចែក​ដោយ​អង្គការ​សុខភាព​ពិភពលោក ដោយ​អនុវត្តតាម​គោលការណ៍​នៃ​ការចូល​ប្រើ​ដោយ​ស្មើភាព និង​សមធម៌​។​

​គោលនយោបាយ​កំណត់​អាទិភាព​នៃ​ការដាក់ចេញ​វ៉ាក់សាំង​នៅក្នុង​សេដ្ឋកិច្ច នឹងត្រូវ​បាន​ណែនាំ​ដោយ​អនុសាសន៍​ពី​ក្រុម​អ្នកជំនាញ​យុទ្ធសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក (SAGE) ដែល​ថ្មីៗ​នេះ​បានចេញ​នូវ​ក្របខ័ណ្ឌ​តម្លៃ​បង្កើត​មូលដ្ឋានគ្រឹះ សម្រាប់​ការងារ​

​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​គោលដៅ និង​គោលនយោបាយ​ស្តីពី​ការប្រើប្រាស់​វ៉ាក់សាំង​។​

​លោក​វេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​បាន​ថ្លែងថា​៖ «​ជំងឺ​កូ​វីត ១៩ គឺជា​វិបត្តិ​សកល​ដែល​មិន​ធ្លាប់មាន​ពីមុនមក ដែល​ទាមទារ​ការឆ្លើយតប​ជា​សកល​ដែល​មិន​ធ្លាប់មាន​»​។

​លោក​បន្តថា​៖ «​ការចាក់​ថ្នាំ​បង្ការ​រៀងៗ​ខ្លួន​នឹង​គ្រាន់តែ​បង្ក​ជំងឺ​និង​ពន្យារ​ការ​ងើប​ឡើងវិញ​នៃ​ពិភពលោក​។ ការធ្វើការ​រួមគ្នា​តាមរយៈ Covax Facility មិនមែនជា​សេចក្តី​សប្បុរស​ទេ វា​ជា​ផលប្រយោជន៍​ល្អ​បំផុត​របស់​ប្រទេស​នីមួយៗ​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត និង​ព​ន្លឿ​ន​ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចពិភពលោក​»​។​

​ជាមួយគ្នានេះ អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​និយាយ​កាលពី​ម្សិលមិញ​ថា ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីត​-១៩ នៅ​ទូទាំង​ពិភពលោក ប្រទេស​កម្ពុជា​បានធ្វើ​តេស្ត​លើ​មនុស្ស​សរុប​ចំនួន ១២៤ ០០០ នាក់​ទាំង​អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ចាប់ពី​ខែមករា​ដល់​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ក្នុងចំណោម​ការធ្វើ​តេស្ត​ជាង ១២ ម៉ឺន​នាក់ មាន​ជិត ៨ ម៉ឺន​នាក់ ត្រូវបានធ្វើ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ និង​ប្រហែល ៥ ម៉ឺន​នាក់​នៅ​សាខា​មន្ទីរ​សុខភាព​សាធារណៈ​។​

​អ្នកស្រី យក់ សម្បត្តិ បាន​និយាយថា ក្នុង​រយៈពេល​ដូចគ្នានេះដែរ អ្នកទេសចរ​បរទេស​ចំនួន ៥៣ ៨១៥ នាក់​បាន​ចូលមក​ប្រទេស​កម្ពុជា​ហើយ​ត្រូវធ្វើ​តេស្ត​។​

​អ្នកស្រី​បាន​បន្ថែមថា​៖ «​មន្ត្រី​សុខាភិបាល​របស់​យើង​នៅតែ​បន្ត​អនុវត្ត​ច្បាប់​សុខភាព​ដែលមាន​ស្រាប់​នៅតាម​កំពង់ផែ​ចូល​ទាំងអស់ ក្នុងនោះ​មាន​ទាំង​ផ្លូវគោក​សមុទ្រ​និង​អាកាស​។ ហេតុ​ដូច្នេះហើយ​មន្ត្រី​ឆ្លើយតប​រហ័ស​និង​មន្ត្រី​ផ្នែក​ច​ត្តា​ឡី​ស័ក​គឺ​នៅតែ​បំពេញ​កាតព្វកិច្ច ២៤ ម៉ោង​ក្នុង​មួយថ្ងៃ សូម្បីតែ​ក្នុងឱកាស​បុណ្យជាតិ​ក៏ដោយ​»​។​

​ប្រទេស​កម្ពុ​ជាមាន​ករ​ណី​ឆ្លង​ជំងឺ​កូ​វីត​១៩​ចំនួន ២៧៥ ករណី ហើយ ២៧៤ បានជា​សះស្បើយ​និង​គ្មាន​អ្នកស្លាប់​។ បុរស​ជនជាតិ​អង់គ្លេស​អាយុ ៥៤ ឆ្នាំ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ក្នុង​រាជធានី​ភ្នំពេញ​។​

​ចាប់តាំងពី​ករណី​ដំបូង​ត្រូវបាន​គេ​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ចុងខែ​មករា ជំងឺ​រាតត្បាត​កូ​វីត​១៩ បាន​រាលដាល​ដល់​ខេត្ត​ចំនួន ១៣ និង​រាជធានី​ភ្នំពេញ​៕

​ប្រែ​សម្រួល​ដោយ​៖ ហួន ឌីណា

Related Posts

Previous Article

ការ​ដាក់​ឯកសារ​ពន្ធ​អេឡិច​ត្រូនិច​ត្រូវ​បាន​ពន្យារ​ពេល​ជា​ថ្មី​ម្តង​ទៀត​

Next Article

ក្រសួង​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខណៈ​ព្យុះ និង​គ្រោះ​ធម្មជាតិ​នានា​នៅ​តែ​បន្ត​