cellcard cellcard

ក្រសួង​អំពាវនាវ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខណៈ​ព្យុះ និង​គ្រោះ​ធម្មជាតិ​នានា​នៅ​តែ​បន្ត​

​សំ កន្និកា / Khmer Times Share:

​កាលពី​ម្សិលមិញ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជំរុញ​ឱ្យ​ប្រជាជន​ដែល​រស់​នៅតាម​តំបន់ឆ្នេរ និង​តាម​ជួរ​ភ្នំ​ដងរែក​និង​តំបន់​ខ្ពង់រាប ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​មុនពេល​មាន​ព្យុះ​ដែល​នឹង​មកដល់​នៅ​ចន្លោះ​ថ្ងៃទី ២៤ និង ២៧ ខែកញ្ញា​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​នៅក្នុង​សេចក្តីប្រកាស​របស់​ក្រសួង​ស្តីពី​ការព្យាករណ៍​អាកាសធាតុ​កាលពី​ម្សិលមិញ​។​

​សេចក្ដីប្រកាស​ថ្លែងថា​៖ «​ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់ កន្ត្រាក់ ដែល​អាច​កើតមាន​ជាពិសេស បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ។ ដោយឡែក ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ អ្នកនេសាទ និង អ្នកដំណើរ​សមុទ្រ សូម​ប្រុងប្រយ័ត្ន​ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​»​។​

​សេចក្តីប្រកាស​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន ឲ្យ​ដឹង ថា រហូតដល់​ថ្ងៃទី ២៩ ខែកញ្ញា​សីតុណ្ហភាព​នឹង​ប្រែប្រួល​ចន្លោះ​ពី ២៤ ទៅ ៣១ អង្សា​សេ​នៅ​តំបន់​ទំនាប​កណ្តាល ពី ២៣ ទៅ ៣០ អង្សា​សេ​នៅ​តំបន់ភ្នំ​នៅ​ភាគ​ខាងជើង​និង​ឦសាន និង​ចន្លោះ​ពី ២៥ ទៅ ៣០ អង្សា​សេ​នៅ​តំបន់​ឆ្នេរសមុទ្រ​។​

​តាម​របាយការណ៍​ក៏​ឱ្យដឹង​ផងដែរ​ថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ១១ នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់ និង​ទឹកជំនន់​នៅក្នុង​អំឡុងពេល​ព្យុះ​នេះ ហើយ​មានផ្ទះ​ចំនួន ១ ៨២៥ និង​ដំណាំ​ចំនួន ៣១២ ហិកតា​ត្រូវបាន​ជន់​លិច​ហើយ​មនុស្ស​ចំនួន ៤៧៥ នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ទី​ខ្ពស់​។​

​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា ភ្លៀង​នឹង​ធ្លាក់​ខ្លាំង​នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ស្រុក​ព្រៃនប់​ដោយ​រំពឹងថា កម្រិត​ទឹកនឹង​កើនឡើង​ដែល​បង្ក​ហានិភ័យ​ដល់​ពលរដ្ឋ​។​

​លោក​បាន​និយាយថា​៖ «​ទោះបីជា​អាកាសធាតុ​មាន​លក្ខណៈ​យ៉ាងណាក៏ដោយ កម្លាំង​ប៉ូលីស និង​អាជ្ញាធរ​មូលដ្ឋាន​នឹង​ត្រៀមខ្លួន​ផ្តល់ជំនួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ស្ថិតក្នុង​គ្រោះថ្នាក់​»​។​

​ជាមួយគ្នានេះដែរ អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្តស្ទឹងត្រែង​បាន​រាយការណ៍​ថា ទន្លេ​ទាំង​បួន​ដូចជា​ទន្លេមេគង្គ​សេកុង សេ​សាន និង​ស្រែ​ពក បាន​មើលឃើញថា​កម្ពស់​ទឹក​កើនឡើង​ខ្លាំង ប៉ុន្តែ​មិនទាន់​ឈានដល់​កម្រិត​គ្រោះថ្នាក់​នៅឡើយ​ទេ​។​

​លោក ប៉ាង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​និយាយថា ថ្មីៗ​នេះ​កម្ពស់​ទឹកទន្លេ​បាន​ឡើង​ខ្ពស់​ដោយសារ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅលើ​ដង​ទន្លេសេកុង សេ​សាន និង​ស្រែ​ពក​។​

​លោក​បាន​បន្ថែមថា​ជាថ្មី​ម្តង​ទៀតថា ទន្លេ​ទាំងនេះ​កំពុង​ហូរ​ចាក់​ដល់​ទន្លេមេគង្គ​ដែល​បណ្តាលឱ្យ​វា​រីក​ហើម​យ៉ាង​ឆាប់រហ័ស​។​

​លោក​បាន​និយាយថា​៖ «​ដូច្នេះ​ខ្ញុំ​សូម​ព្រមាន​ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​ទាំងនេះ ឱ្យ​យកចិត្តទុកដាក់​ចំពោះ​អាកាសធាតុ​និង​ប្រុងប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់​ជាពិសេស​ទឹកជំនន់​»​។​

​កម្ពស់​ទឹក​នៅ​ផ្នែក​មួយ​នៃ​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង​បាន​វាស់វែង​រហូតដល់​ពាក់​កណ្តាល​នៃ​កម្រិត​គ្រោះថ្នាក់​គឺ ១១ ម៉ែត្រ​។​

​ជាមួយគ្នានេះដែរ នៅ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​អាជ្ញាធរ បាន​រាយការណ៍​ថា​ទឹកបាន​ស្រក​ហើយ ដូច្នេះ​បានចាប់ផ្តើម​អនុញ្ញាតឱ្យ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​តា​ម៉ុក​។​

​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​លោក ញឹន កួន បាន​និយាយថា ដោយសារ​កម្រិត​ទឹកភ្លៀង​បាន​ថយចុះ ទឹក​អាង​ស្តុក​ទឹក​តា​ម៉ុក​បាន​ធ្លាក់​ចុះមក​នៅត្រឹម ៣,៨២ ម៉ែត្រ​ដែលជា​ការថយចុះ ០,១៤ ម៉ែត្រ​បើ​ប្រៀបធៀប​នឹង​សប្តាហ៍​មុន​។​

​ទោះយ៉ាងណា លោក​បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​មុនពេល​មាន​ព្យុះ​នាពេលខាងមុខ​៕

​ប្រែ​សម្រួល​ដោយ​៖ ហួន ឌីណា​

Related Posts

Previous Article

ក្រសួង​៖ កម្ពុជា​មិន​ទាន់​បាន​បញ្ជា​ទិញ​ការ​ផ្គត់ផ្គង់​វ៉ាក់​ស៊ាំង​កូវីត​១៩ ជា​មុន​ទេ​

Next Article

ប្រាក់​ចំណូល​ពី​វិស័យ​កសិកម្ម​មាន​ការ​ធ្លាក់​ចុះ​