cellcard cellcard

​មិន​មាន​ភ័ស្តុតាង​ណាមួយ​ត្រូវ​បាន​រក​ឃើញ​ក្នុងរយៈពេល​បី​ខែ​ក្នុង​ការស៊ើបអង្កេត​ករណី​ចាប់​ពង្រត់​សកម្មជន​នយោបាយ​ថៃ​ឡើយ​

​បែន​ ​សុខ​ហ៊ាន​ / Khmer Times Share:
សកម្មជន​នយោបាយ​ថៃ​ឈ្មោះ​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ (​Wan​c​hale​arm​ ​Sat​s​a​k​sit​)។ រូបថត​ សហការី

​រដ្ឋាភិបាល​កម្ពុជា​នៅ​ស​ប្តាហ៍​នេះ​បាន​បង្ហាញ​លទ្ធផល​បឋម​ក្នុងរយៈពេល​ ​៣​ ​ខែ​ដំបូង​នៃ​ការស៊ើបអង្កេត​របស់​ខ្លួន​ទៅលើ​ការចាប់ពង្រត់​សកម្មជន​នយោបាយ​ថៃ​ឈ្មោះ​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ (​Wan​c​hale​arm​ ​Sat​s​a​k​sit​) ​នៅ​ទី​ក្រុងភ្នំពេញ​។​

ការស៊ើបអង្កេត​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​អន្តរជាតិ​ពី​ក្រុម​សិទ្ធិមនុស្ស​ដែល​អះអាង​ថា​ ​ការ​បាត់ខ្លួន​សកម្មជន​នេះ​បាន​កើតឡើង​ក្រោម​ស្ថានការណ៍​គួរ​ឱ្យ​សង្ស័យ​។​

​លោក​ ​Wan​c​hale​arm​ ​Sat​s​a​k​sit​ ​ជា​ជនជាតិ​ថៃ​ ​អាយុ​ ​៣​៧​ ​ឆ្នាំ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រកាស​ចាប់ខ្លួន​ ​ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​បទល្មើស​ព័ត៌មាន​វិទ្យា​របស់​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​ ​២​០​១​៨​ ​។​

​លោក​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម​នៅមុខ​កន្លែង​ស្នាក់​នៅ​របស់​លោក​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​ ​៤​ ​ខែ​មិថុនា​ឆ្នាំនេះ​ ​ដោយ​ករណី​នេះ​នៅតែ​មិនទាន់​ដោះស្រាយ​។​

​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ ​ក្រសួងមហាផ្ទៃ​បាន​និយាយ​ថា​ ​ផ្អែកលើ​ឯកសារ​អន្តោប្រវេសន៍​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​បាន​ចូល​មក​កម្ពុជា​ជា​លើក​ចុងក្រោយ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ​១​៥​ ​ខែ​តុលា​ឆ្នាំ​ ​២​០​១​៥​ ​និង​ទទួល​បាន​ទិដ្ឋាការ​ស្នាក់​នៅ​បណ្តោះអាសន្ន​មាន​សុពលភាព​រហូតដល់​ថ្ងៃ​ទី​ ​៣​១​ ​ខែ​ធ្នូ​ឆ្នាំ​ ​២​០​១​៧​ ​។​

​របាយការណ៍​បាន​កត់ត្រា​ថា​ ​ក្រសួង​បាន​ធ្វើ​ការស៊ើបអង្កេត​នៅ​ទីតាំង​ដែល​មាន​ការចាប់ពង្រត់​ដែល​បាន​ចោទប្រកាន់​ ​ហើយក៏​បាន​បន្ថែម​ទៀត​ថា​ ​ក្រសួង​បាន​តាមដាន​នូវ​ការ​​​ដឹកនាំ​មួយ​ចំនួន​ទាក់ទង​នឹង​ទីកន្លែង​របស់​សកម្មជន​រូប​នេះ​។​

​របាយការណ៍​បាន​ថ្លែង​ថា​៖​ ​«​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​មិន​ត្រូវ​បាន​រក​ឃើញ​នៅកន្លែង​ណាមួយ​ដែល​យើង​បាន​ឆែកឆេរ​រក​នោះ​ទេ​»​។​

​របាយការណ៍​បាន​បន្ថែម​ទៀត​ថា​៖​ ​«​យើង​ក៏បាន​ធ្វើ​ការពិនិត្យ​កា​មេ​រ៉ា​សុវត្ថិភាព​នៅ​ក្នុង​តំបន់​ដែល​មាន​ការចាប់ពង្រត់​ដែល​ត្រូវ​បាន​ចោទប្រកាន់​ ​ប៉ុន្តែ​រក​មិន​ឃើញ​មាន​ភស្តុតាង​»​ ​។​

​យោង​តាម​របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទិ្ធ​មនុស្ស​ ​ដែល​បាន​ដកស្រង់​សម្ដី​សាក្សី​ ​និង​កា​មេ​រ៉ា​សុវត្ថិភាព​ជាច្រើន​ជា​ភស្តុតាង​ ​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​ត្រូវ​បាន​គេ​ចាប់​ពង្រត់​នៅ​ម៉ោង​ប្រហែល​ ​៥​ ​និង​ ​៥​៤​ ​នាទី​ល្ងាច​ថ្ងៃ​ទី​ ​៤​ ​ខែ​មិថុនា​ ​នៅពេលដែល​លោក​ដើរ​តាមផ្លូវ​ដើម្បី​ទិញ​ម្ហូប​នៅមុខ​កន្លែង​ស្នាក់​នៅ​របស់​លោក​។​ ​ក្រុម​នេះ​បាន​អះអាង​ថា​ ​លោក​ត្រូវ​បាន​គេ​ចាប់​ចូល​ទៅ​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ​ ​រួច​បើក​ទៅ​បាត់​។​

​ទោះ​យ៉ាងណា​ ​របាយការណ៍​ក្រសួងមហាផ្ទៃ​ ​ដែល​ឆ្លើយតប​ទៅ​ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​បាន​លើកឡើង​ថា​ ​អាជ្ញាធរ​បាន​សហការ​ជាមួយ​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ដើម្បី​កំណត់​អត្តសញ្ញាណ​យានយន្ត​ ​ប៉ុន្តែ​ស្លាក​លេខ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​បានទេ​។​

​របាយការណ៍​នោះ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​៖​ ​«​ផ្អែកលើ​ការ​ផ្តល់​សក្ខីកម្ម​របស់​សាក្សី​បី​នាក់​ (​រស់នៅ​ជុំវិញ​ទីតាំង​កើតហេតុ​ដែល​បាន​ចោទប្រកាន់​) ​ពួកគេ​មិន​ឃើញ​មាន​ការចាប់ពង្រត់​នៅ​ក្នុង​តំបន់​នោះ​ទេ​»​។​

​នៅ​ក្នុង​លិខិត​រួម​មួយ​ ​ដែល​ត្រូវ​បាន​ចេញផ្សាយ​កាល​ពីម្សិលមិញ​ ​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ចំនួន​ ​៥​ ​រូប​រួម​មាន​ប្រធាន​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​ក្រុម​ការងារ​ស្តីពី​ការ​បាត់ខ្លួន​ដោយបង្ខំ​ ​ឬ​ដោយ​អចេតនា​ ​លោក​ ​លូ​ស្យា​ណូ ​ហា​ហ្សា​ន​ (​L​uc​i​an​o ​H​a​z​an​) ​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ ​អ្នកស្រី​ រ៉ូ​ណា​ ស្ម៊ី​ត​ (R​h​on​a​ S​m​it​h​) ​អ្នករាយការណ៍​ពិសេស​ស្តីពី​ការ​កាត់ទោស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ការ​កាត់ទោស​ដោយ​គ្មាន​ការ​កាត់ក្តី​ដោយ​យុត្តិធម៌​ ​ឬ​ធ្វើឡើង​ដោយ​ទំនើង​ ​អ្នកស្រី​ ​អា​ក​ណេ​ស​ ​កាឡា​ម៉ា​ដ​ (​A​g​n​e​s ​Call​a​mar​d​) ​បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ជា​បន្ត​ចំពោះ​ការចាប់ពង្រត់​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​។​

​លិខិត​នោះ​បាន​ថ្លែង​ថា​៖​ ​«​យើង​សូមស្វាគមន៍​ចំពោះ​ព័ត៌មាន​ដែល​ការស៊ើបអង្កេត​កំពុង​ត្រូវ​បាន​ធ្វើឡើង​ ​ប៉ុន្តែ​មានការ​ព្រួយបារម្ភ​ថា​រយៈពេល​ជាង​មួយ​ខែ​ទៀតហើយ​ ​ដែល​មិនទាន់​មាន​ព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​ការស៊ើបអង្កេត​ ​ឬ​អត្តសញ្ញាណ​របស់​ជនល្មើស​ ​ហើយ​ថា​វាសនា​និង​កន្លែង​លាក់ខ្លួន​របស់​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​មិនទាន់​ដឹង​នៅឡើយ​»​។​

​លិខិត​ដដែល​ថា​ ​កម្ពុជា​គួរតែ​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ ​ដើម្បី​ស្វែងរក​និង​ការពារ​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​។​

​យោង​តាម​លិខិត​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អ​.​ស​.​ប​. ​បានឲ្យ​ដឹង​ ​ថា​នៅ​ថ្ងៃ​ទី​ ​៧​ ​ខែ​កក្កដា​ ​មនុស្ស​ដែល​ពាក់ព័ន្ធ​នឹង​លោក​ ​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​តាមរយៈ​មេធាវី​របស់​ពួកគេ​នៅ​កម្ពុជា​ ​បាន​ដាក់ពាក្យបណ្តឹង​ជា​ផ្លូវការ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ទោះ​យ៉ាងណា​ ​នៅ​ថ្ងៃ​ទី​ ​៨​ ​ខែ​ ​កក្កដា​ ​ពួកគេ​ត្រូវ​បាន​គេ​ជូនដំណឹង​ថា​ ​ករណី​នេះ​ក៏​ត្រូវ​បាន​ផ្ទេរ​ដោយ​អគ្គ​ព្រះរាជអាជ្ញា​កម្ពុជា​ទៅ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួងយុត្តិធម៌​ផង​ដែរ​។​

សារ​ព័ត៌មាន​ថៃ​ ​T​h​e​ ​Nation​ ​បាន​រាយការណ៍​កាលពី​ខែមុន​ថា​ ​ក្រុម​គ្រួសារ​របស់​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​និង​តំណាង​អង្គការលើ​ក​លែងទោស​អន្តរជាតិ​នៅ​ថ្ងៃ​ទី​ ​១​១​ ​ខែ​សីហា​បាន​ទៅ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​បាងកក​ ​ដើម្បី​ស្វែងរក​ព័ត៌មាន​អំពី​ការ​បាត់ខ្លួន​របស់​លោក​។​

​ទោះ​យ៉ាងណា​ ​ស្ថានទូត​កម្ពុជា​បាន​ច្រានចោល​សំណើ​សុំ​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​កម្ពុជា​លោក​ ​អ៊ូ​ក​ ​សោភ័ណ​ ​ក៏ដូចជា​ញត្តិ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​មនុស្សជា​ង​ ​៥​ ​០​០​០​ ​នាក់​ដែល​ទាមទារ​ឱ្យ​មាន​ចំណាត់​ការ​លើ​សំណុំរឿង​នេះ​។​

​លោក​ ​ឆាយ​ ​គឹម​ឃឿ​ន​ ​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ ​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​កាល​ពីម្សិលមិញ​ថា​ ​ការស៊ើបអង្កេត​លើ​ការចាប់ពង្រត់​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​កំពុង​បន្ត​។​

​ការ​បាត់ខ្លួន​របស់​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ ​និង​ក្រុម​គ្រួសារ​របស់​លោក​ ​អង្គការ​សិទ្ធិមនុស្ស​ ​និង​សកម្មជន​នយោបាយ​ ​ស្នើសុំ​ទាំង​អាជ្ញាធរ​កម្ពុជា​ ​និង​ថៃ​ឱ្យ​បើក​ការស៊ើបអង្កេត​លើ​ការចាប់ពង្រត់​នេះ​។​

​លោក​ ​ឆាយ​ ​គឹម​ឃឿ​ន​ ​បាន​និយាយ​ថា​៖​ ​«​រហូត​មកដល់ពេលនេះ​ ​យើង​នៅតែ​មិន​អាច​​​រក​ឃើញ​ជន​នោះ​នៅឡើយ​»​។​ ​លោក​បន្ត​ថា​៖​ ​«​ទោះជាយ៉ាងណា​ ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់យើង​កំពុងតែ​ធ្វើ​បន្ត​»​។​

កាលពី​ថ្ងៃ​ទី​ ​១​០​ ​ខែ​មិថុនា​ ​រដ្ឋ​ម​ន្រ្តី​ក្រសួងការបរទេស​ថៃ​ ​Don​ ​P​ram​u​d​win​a​i​ ​ក៏បាន​ឆ្លើយតប​ទៅ​នឹង​សំនួរ​ដែល​បាន​លើកឡើង​នៅ​ក្នុង​សភា​លើ​ករណី​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​ដោយ​បង្ហាញ​ថា​ ​ពលរដ្ឋ​ថៃ​មិន​មាន​ជនភៀសខ្លួន​នយោបាយ​ទេ​ ​ដូច្នេះ​ថៃ​នឹង​ត្រូវ​រង់ចាំ​ប្រទេស​កម្ពុជា​បញ្ចប់​ការស៊ើបអង្កេត​របស់​ខ្លួន​។​

​ជាមួយគ្នា​នេះ​ ​អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា​ ​ពួកគេ​នឹង​បន្ត​ប្រមូល​ព័ត៌មាន​ស្តីពី​ករណី​នេះ​ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​។​

​ក្រសួង​បាន​ថ្លែង​ក្នុង​របាយការណ៍​ថា​៖​ ​«​អាជ្ញាធរ​របស់​​​ក្រសួងមហាផ្ទៃ​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ជាពិសេស​សាក្សី​ចំពោះ​ហេតុការណ៍​នេះ​ ​ផ្តល់​នូវ​កិច្ច​សហប្រតិបត្តិការ​ ​ព័ត៌មាន​ ​និង​ភស្តុតាង​ជាក់លាក់​ ​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការស៊ើបអង្កេត​របស់​ពួកគេ​។​ ​យើង​ក៏​ស្នើ​ផង​ដែរ​ថា​ ​អ្នក​ដែល​ផ្តល់​ភ​័ស្តុ​តាង​ ​បដិសេធ​មិន​ឱ្យ​ធ្វើការ​អះអាង​មិន​ពិត​ណាមួយ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​ការស៊ើបអង្កេត​»​។​

​បងស្រី​របស់​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​លោកស្រី​ ​ស៊ី​តា​ណាន់​ ​សាត​ស័ក្តិ​សិទ្ធ​ ​បាន​ប្រាប់​កាសែត​ ​T​h​e​ ​Nation​ ​ថា​គ្រួសារ​របស់​លោកស្រី​ ​កំពុង​រងចាំ​ចម្លើយ​ពី​អាជ្ញាធរ​ថៃ​ ​និង​កម្ពុជា​អំពី​កន្លែង​ស្នាក់​នៅ​របស់​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​។​

​លោក​ ​វ៉ាន់​ឆា​ឡឺម​ ​សាត​ស័ក្តិ​សិទ្ធ​ ​គឺ​ជាសកម្ម​ជន​ ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រណសិរ្ស​បង្រួបបង្រួម​ប្រជាធិបតេយ្យ​ប្រឆាំង​នឹង​របប​ផ្តាច់ការ​ដែលគេ​ហៅថា​ ​»​ក្រុម​អាវ​ក្រហម​»​។​

​លោក​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​ ​បន្ទាប់ពី​រដ្ឋប្រហារយោធា​ខែ​ឧសភា​ឆ្នាំ​ ​២​០​១​៤​ ​និង​បាន​បង្ហោះ​សារ​ជា​ញឹកញាប់​រិះគន់​រដ្ឋាភិបាល​ថៃ​នៅ​លើ​បណ្តាញ​សង្គម​។​

​លោក​ក៏​ត្រូវ​បាន​គេ​ស្វែងរក​ចាប់ខ្លួន​ ​ដោយសារ​លោក​មិនបាន​បង្ហាញខ្លួន​នៅចំពោះមុខ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព​ ​និង​សណ្តាប់ធ្នាប់​ ​ដែល​បាន​កោះហៅ​លោក​ ​បន្ទាប់ពី​រដ្ឋប្រហារយោធា​បាន​កើតឡើង​ក្នុង​ឆ្នាំ​ ​២​០​១​៤​ ​។​ ​នៅពេលដែល​លោក​មិនបាន​បង្ហាញខ្លួន​តាម​ការ​ចង់បាន​ ​តុលាការយោធា​ថៃ​ក៏​ចេញ​ដីកាចាប់ខ្លួន​លោក​៕​ ​ប្រែ​សម្រួល​ដោយ​៖​ ​ហួន​ ​ឌី​ណា

Related Posts

Previous Article

​ព្រះសង្ឃ​ចំនួន​ ​២​៦​ ​អង្គ​បាន​ឆ្លង​ជំងឺ​គ្រុន​ឈី​ក​ ​និង​ផ្តាសាយ​ធំ​

Next Article

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ប្រាក់កម្ចី ១២៧,៨ លានដុល្លារសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី