cellcard cellcard cellcard

កម្ពុជាអំពាវនាវជាថ្មីម្តងទៀតឱ្យមានដំណោះស្រាយដោយសន្តិវិធីលើបញ្ហាសមុទ្រចិនខាងត្បូង

រី សុចាន់ / Khmer Times Share:
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាមេរិក លើកទី១ តាមប្រព័ន្ធវីដេអូដែលធ្វើឡើងកាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងទៅ។ KT/ខឹម សុវណ្ណារ៉ា

ប្រទេសកម្ពុជាបានអំពាវនាវឱ្យភាគីជម្លោះនៅក្នុងតំបន់សមុទ្រចិនភខាងត្បូង​ស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងអនុវត្តច្បាប់ អន្តរជាតិ។

aba

 

លោក​​ ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​បា​ន​ថ្លែ​ងឲ្យដឹងថា កម្ពុជាសង្ឃឹមថា សមុទ្រចិនភាគខាងត្បូងនៅតែជាតំបន់ដែលប្រកបដោយសន្តិភាព ស្ថិរភាព និងវិបុលភាព។

ការថ្លែងរបស់លោកប្រាក់ សុខុន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ តាមប្រព័ន្ធវីដេអូកាលពីថ្ងៃសៅរ៍ ជាផ្នែកមួយនៃកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ កញ្ញា ២០២០ ។

លោកថា៖ «ប្រទេសកម្ពុជាលើកទឹកចិត្តឱ្យគ្រប់ភាគីទាំងអស់ ជាពិសេសអ្នកដែលពាក់ព័ន្ធអនុវត្តពេញលេញនិងប្រកបដោយប្រសិទ្ធភាពចំពោះសេចក្តីថ្លែងការណ៍នៃគោលការណ៍ណែនាំ(DOC) ខណៈដែលវាជាមធ្យោបាយមួយដើម្បីពង្រឹងទំនុកចិត្ត»។

លោកប្រាក់ សុខុន បន្តថាវាជាការសំខាន់ដើម្បីបន្តការសន្ទនាគ្នា និងសម្រាប់ភាគីនានាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីជុំវិញជម្លោះស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ ឆ្នាំ​ ១៩៨២។

ជាមួយគ្នានេះផងដែរ លោកក៏បានលើកឡើងពីបញ្ហាប្រឈមសន្តិសុខធំៗចំនួន ២ នៅក្នុងកិច្ចប្រជុំនោះ ដែលមានដូចជាការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ និងការផ្តាច់ទំនាក់ទំនងដោយឯកតោភាគីពីការប្តេជ្ញាចិត្តអន្តរជាតិក្នុងកំឡុងពេលដែលពិភពលោកត្រូវការកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត។

លោកក៏បានធ្វើការរំលឹកពីសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសអាស៊ានស្តីពីសារៈសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាពនៅអាស៊ីអាគ្នេយ៍។

លោកថា៖ «ប្រទេសកម្ពុជាប្តេជ្ញាមិនជ្រៀតជ្រែកក្នុងការគាំទ្រភាគីជម្លោះណាមួយ»។

លោកបន្ថែមថា៖ «គោលការណ៍អព្យាក្រឹតអចិន្ត្រៃយ៍និងការមិនចូលជាសមាជិករដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យកម្ពុជាមានមូលដ្ឋានយោធាបរទេស ចូលរួមក្នុងសម្ព័ន្ធភាព ឬសន្ធិសញ្ញាយោធាណាមួយឡើយ»។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថាជំហរមិនផ្លាស់ប្តូររបស់ប្រទេសកម្ពុជាបង្ហាញនូវបំណងប្រាថ្នាក្នុងការចង់ឃើញភាគីពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះស្រាយការទូតនិងដោយសន្តិវិធី។ កម្ពុជាចង់ឃើញឲ្យការចរចារនានាក្នុងជម្លោះត្រូវបានធ្វើឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយផ្អែកលើសេចក្តីថ្លែងការណ៍នៃគោលការណ៍ណែនាំ(DOC) ។

លោកថា៖ «បញ្ហាសមុទ្រចិនខាងត្បូងគឺជាប្រធានបទដ៏ក្តៅគគុកមួយ ព្រោះភាគីនៅក្រៅដែនជម្លោះរួមទាំងសហរដ្ឋអាមេរិកក៏ចូលរួមផងដែរ។ កម្ពុជាតែងតែទទូចថាអ្នកដែលពាក់ព័ន្ធគួរតែប្រើយន្តការទ្វេភាគីរវាងចិននិងភាគីពាក់ព័ន្ធដូចជាចិន-វៀតណាម ឬចិន-ហ្វីលីពីនដោយសន្តិវិធី»។

លោកបន្តថា៖ «ប្រសិនបើជម្លោះកាន់តែធ្ងន់ធ្ងរ វាអាចបង្កអស្ថិរភាពនៅក្នុងតំបន់ និងប៉ះពាល់ដល់វិស័យមួយចំនួន។ ខ្ញុំគិតថាជំហររបស់កម្ពុជានៅពេលនេះគឺវិជ្ជមាន»។

ដោយឡែកនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-អាមេរិក កាលពីថ្ងៃសុក្រកន្លងទៅ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជាប្តេជ្ញាជំរុញភាពជាដៃគូនេះឱ្យកាន់តែមានការកើនឡើងក្នុងស្មារតីគោរពគ្នាទៅវិញទៅមកនិងទទួលបានផលប្រយោជន៍ទាំងអស់គ្នា៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ប្រាក់កម្ចី ១២៧,៨ លានដុល្លារសម្រាប់ ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី

Next Article

ទីផ្សារមូលធនមានកំណើនស្របពេលមានបញ្ហាប្រឈមដោយវីរុសកូវីដ១៩