បន្ទាប់ពីការរង់ចាំអស់រយៈពេលយ៉ាងយូរ សន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជានិងវៀតណាមនឹងចូលជាធរមាននៅដើមខែក្រោយ ដើម្បីអនុញ្ញាតឱ្យអ្នកទោសមួយចំនួនបន្តជាប់ពន្ធនាគារនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
ក្រសួងយុត្តិធម៌បានប្រកាសនាពេលថ្មីៗនេះថា ក្រសួងការបរទេសបានជូនដំណឹងថា សន្ធិសញ្ញានេះនឹងចូលជាធរមាននៅថ្ងៃទី ១ ខែតុលា។
លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស បាននិយាយនៅក្នុងលិខិតដែលបានផ្ញើទៅក្រសួងយុត្តិធម៌នៅថ្ងៃទី ៤ ខែកញ្ញា ដោយដកស្រង់ខ្លឹមសារចេញពីកំណត់សំគាល់ការទូតរបស់ក្រសួងការបរទេសវៀតណាមចុះថ្ងៃទី ១៨ ខែសីហាដែលបានបញ្ជាក់ថា កាលបរិច្ឆេទមានប្រសិទ្ធភាពត្រូវបានធ្វើឡើងផ្អែកលើ លើមាត្រា ២០ កថាខណ្ឌទី ១ នៃសន្ធិសញ្ញា។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានប្រាប់កាសែតខ្មែរថាមស៍កាលពីម្សិលមិញថា សន្ធិសញ្ញានេះនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ហើយវាខុសគ្នាពីកិច្ចព្រមព្រៀងបត្យាប័ន។
លោកបាននិយាយថា៖ «សន្ធិសញ្ញានេះ នឹងអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទណ្ឌិតរវាងប្រទេសទាំងពីរ។ ក្នុងករណីខ្លះ ក្រុមគ្រួសាររបស់ជនដែលត្រូវបានផ្តន្ទាទោស ក៏អាចស្នើសុំទៅរដ្ឋាភិបាលរៀងៗខ្លួននូវការផ្ទេរនេះដែរ»។
កាលពីម្សិលមិញឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានសរសើរក្រុមអ្នកច្បាប់វៀតណាម ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាយូរមកហើយដើម្បី «បញ្ចប់និងដាក់សន្ធិសញ្ញាសំខាន់នេះចូលជាធរមាន»។
លោកនិយាយថា៖ «ដោយសារយើងជាប្រទេសជិតខាងដែលមានទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធ ក៏ដូចជាការផ្លាស់ប្តូររបស់ប្រជាជន ក៏មានមនុស្សមួយចំនួនដែលឆ្លៀតយកប្រយោជន៍ពីភាពជិតស្និទ្ធរបស់ប្រទេសរបស់យើង ក្នុងការប្រព្រឹត្តបទឧក្រិដ្ឋនិងប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូច្នេះយើងមានអ្នកទោសដែលត្រូវបានកាត់ទោសជាច្រើនដែលពួកគេត្រូវបំពេញលក្ខខណ្ឌរបស់ពួកគេនៅក្នុងពន្ធនាគារ និងមណ្ឌលកែប្រែរបស់ប្រទេសនីមួយៗ»។
ឯកអគ្គរដ្ឋទូត Vu បាននិយាយថា សន្ធិសញ្ញានេះនឹងជួយភាគីទាំងពីរផ្ទេរអ្នកទោសមួយចំនួនឱ្យបន្តជាប់ពន្ធនាគារនៅក្នុងប្រទេសរបស់ពួកគេ។
លោកនិយាយថា៖ «ដូច្នេះក្រុមគ្រួសាររបស់ពួកគេ ក៏អាចចុះសួរសុខទុក្ខពួកគេ ពេលកំពុងជាប់ពន្ធនាគារផងដែរ។ យើងជឿជាក់ថានេះគឺជាការរៀបចំមនុស្សធម៌។ លើសពីនេះទៅទៀតសន្ធិសញ្ញាឆ្លុះបញ្ចាំងពីការទុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអាជ្ញាធរអនុវត្តច្បាប់របស់យើង» ។
យើងសង្ឃឹមថា យើងនឹងបន្តកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីស្វែងរក និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរួមមានការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងការធ្វើពាណិជ្ជកម្មខុសច្បាប់ និងកាត់បន្ថយអត្រាឧក្រិដ្ឋកម្មនៅក្នុងប្រទេសទាំងពីរ»។
លោក គិន ភា អគ្គនាយកនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីម្សិលមិញបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងថ្មីនេះ។
លោកបាននិយាយថា៖ «វាជាឧបករណ៍ច្បាប់ដ៏ល្អមួយ ដែលបង្ហាញពីកិច្ចសហប្រតិបត្តិការផ្លូវច្បាប់ល្អរវាងប្រទេសទាំងពីរ»។
លោក គិន ភា បានកត់ត្រា ករណីរបស់ មៀច ស្រីនាង អាយុ ២៧ ឆ្នាំមកពីរាជធានីភ្នំពេញដែលត្រូវបានតុលាការប្រជាជនខេត្តតៃនិញ វៀតណាម ផ្តន្ទាទោសនិងកាត់ទោសប្រហារជីវិតកាលពីខែកក្កដាបន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធពីបទជួញដូរគ្រឿងញៀនពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។
កាលពីខែសីហា មៀច ស្រីនាង បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសរបស់នាងបន្ទាប់ពីទទួលបានជំនួយផ្នែកច្បាប់ពីរដ្ឋាភិបាលកម្ពុជា។
លោកបាននិយាយថា៖ «ដូច្នេះ សន្ធិសញ្ញានេះអាចត្រូវបានប្រើដើម្បីផ្ទេរអ្នកទោសកម្ពុជាឱ្យមកអនុវត្តទោសនៅកម្ពុជា»។
លោកបន្តថា៖ «ប្រទេសទាំងពីរមានការដាក់ទណ្ឌកម្មព្រហ្មទណ្ឌផ្សេងៗគ្នា។ ការផ្តន្ទាទោសព្រហ្មទណ្ឌធ្ងន់បំផុតនៅក្នុងប្រទេសកម្ពុជាគឺការដាក់ពន្ធនាគារអស់មួយជីវិត ខណៈដែលនៅក្នុងប្រទេសវៀតណាមគឺជាការកាត់ទោសប្រហារជីវិត»។
ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងហាណូយកាលពីខែធ្នូឆ្នាំ ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរួមមាន សន្ធិសញ្ញាស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាព្រហ្មទណ្ឌរវាងប្រទេសទាំងពីរ និងសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិត។
បួនឆ្នាំក្រោយមក នៅក្នុងខែមីនាឆ្នាំនេះ សេចក្តីព្រាងច្បាប់នេះត្រូវបានពិភាក្សា និងអនុម័តដោយរដ្ឋសភាក្នុងសម័យប្រជុំពេញអង្គ។
នៅពេលសួរថាហេតុអ្វីបានជាសន្ធិសញ្ញានេះត្រូវចំណាយពេលយូរដើម្បីចូលជាធរមាននោះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បាននិយាយកាលពីម្សិលមិញថា វាជាបញ្ហានៃនីតិវិធីរវាងប្រទេសទាំងពីរដែលត្រូវការពេលវេលាសម្រាប់ការពិភាក្សា។
លោកបាននិយាយថា៖ «វាមិនមានន័យថា សន្ធិសញ្ញានេះត្រូវបានធ្វើឡើងបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើវានោះទេ។ វាចាំបាច់ត្រូវពិភាក្សាផ្ទៃក្នុង ដោយប្រទេសនីមួយៗមុនពេលទទួលបានការយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិក៏ដូចជាប្រមុខរដ្ឋ»។
លោក ជិន ម៉ាលីន បាននិយាយថា បន្ទាប់ពីសន្ធិសញ្ញានេះចូលជាធរមាន ប្រទេសទាំងពីរអាចស្នើសុំគ្នាទៅវិញទៅមក សម្រាប់ឲ្យទណ្ឌិតជាប់ពន្ធនាគារនៅក្នុងប្រទេសកំណើតរបស់ពួកគេ។
លោកបាននិយាយថា កម្ពុជាមានសន្ធិសញ្ញាដូចគ្នាជាមួយប្រទេសមួយចំនួន ប៉ុន្តែប្រទេសមួយចំនួនមិនទាន់ចូលជាធរមាននៅឡើយទេ។ លោកបាននិយាយថា សន្ធិសញ្ញានេះមានតែជាមួយឥណ្ឌានិងវៀតណាមប៉ុណ្ណោះ។
អ្នកជំនាញផ្នែកច្បាប់លោក សុក សំអឿន បានប្រាប់កាសែតខ្មែរថាមស៍ថា សន្ធិសញ្ញានេះនឹងជួយបន្ថែមលើកិច្ចព្រមព្រៀងបត្យាប័នឆ្នាំ ២០១៣ រវាងកម្ពុជា និងវៀតណាម។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅកាន់ទីក្រុងហាណូយកាលពីខែធ្នូ ឆ្នាំ ២០១៣ ប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៨ ក្នុងនោះមានទាំងសន្ធិសញ្ញាស្តីពីបត្យាប័នផងដែរ។
កិច្ចព្រមព្រៀងឆ្នាំ ២០១៣ មានគោលបំណងបង្ក្រាបបទឧក្រិដ្ឋដោយផ្អែកលើការគោរពអធិបតេយ្យភាព គុណភាព និងផលប្រយោជន៍ទៅវិញទៅមក តាមរយៈការធ្វើសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័ន។ សន្ធិសញ្ញានេះត្រូវបានផ្តល់សច្ចាប័ននៅឆ្នាំ ២០១៤ ហើយចូលជាធរមាននៅឆ្នាំដដែល។
លោក សុក សំអឿន និយាយថា៖ «ប្រសិនបើប្រទេសមួយចង់ផ្ទេរទណ្ឌិតទៅប្រទេសមួយទៀតបញ្ហានេះចាំបាច់ត្រូវសំរេចដោយតុលាការ។ ពួកគេមិនអាចផ្ទេរនៅពេលណាដែលប្រទេសណាមួយត្រូវការនោះទេ»។ ក៏មិនគួរផ្ទេរអ្នកទោសនយោបាយ ឬអ្នកទោសមនសិការនោះដែរ»។
លោកបាននិយាយថា រដ្ឋាភិបាលគួរតែគោរពគោលការណ៍នៃការធ្វើបត្យាប័នជនអន្តោប្រវេសន៍បរទេសនៅក្នុងទឹកដីមួយដែលគេនិយាយថា៖ «ការធ្វើបត្យាប័ននឹងមិនអាចទៅរួចទេប្រសិនបើអំពើដែលត្រូវបានចោទប្រកាន់គឺជារឿងនយោបាយ»៕
ប្រែសម្រួលដោយ តាំង រីនិត្យ