cellcard cellcard

កម្ពុជា​បញ្ជូន​កងកម្លាំង​មួក​ខៀវ​ជាង ២០០ នាក់​អោយ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី​

សែន ដាវីត / Khmer Times Share:
​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន ២១៨ នាក់​នឹង​វិលត្រឡប់​មកពី​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​ពួកគេ​នៅ​ប្រទេស​ម៉ាលី​ក្នុងពេល​ឆាប់ៗ​នេះ​។ ហ្វេ​ស​ប៊ុ​ក​

​ប្រទេស​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ចំនួន ២១៨ នាក់​ដើម្បី​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ប្រទេស​ម៉ាលី​។​

​ពិធី​ជូន​ដំណើរ​ដែល​ត្រូវបាន​ធ្វើឡើង​កាល​ថ្ងៃ​សុក្រ ត្រូវ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​កងកម្លាំង​រក្សា​សន្តិភាព (NCPF) លោក សែម សុវណ្ណនី នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

​យោងតាម NCPF កងកម្លាំង​ថែរក្សា​សន្តិភាព ២១៨ នាក់​ដែល​ក្នុងនោះ​មាន​ស្ត្រី ១៨ នាក់​នឹង​ឈរជើង​ជំនួស​កងទ័ព​មួក​ខៀវ​ដែល​កំពុងធ្វើដំណើរ​ត្រឡប់មកផ្ទះ​វិញ​។​

​ថ្លែង​នៅក្នុង​ពិធី​នោះ លោក សុវណ្ណនី បាន​និយាយថា កងកម្លាំង​ដែល​ត្រូវបាន​បញ្ជូន​មាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់ថា បុគ្គល​ម្នាក់ៗ​បានធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​កូ​វីដ​១៩ មុនពេល​ចេញដំណើរ ហើយ​នៅពេល​ទៅដល់​នឹងត្រូវ​ស្ថិតនៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​មុនពេល​ចាប់ផ្តើម​បេសកកម្ម​។​

​លោក​បាន​និយាយថា ប្រទេស​កម្ពុជា​យកចិត្ត​ទុកដាក់​ការការពារ​ការឆ្លង​មេរោគ​កូ​វីដ​១៩ យ៉ាង​យកចិត្តទុកដាក់ ហើយនឹង​ចាត់វិធានការ​ចាំបាច់​ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​មេរោគ និង​ការពារ​កងកម្លាំង​ថែរក្សា​សន្តិភាព​។​

​លោក​បន្តថា NCPF ក៏បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​កម្ពុជា​ទាំងអស់​ដែល​កំពុង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន និង​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស​នេះ​។​

​លោក​បាន​និយាយថា​៖ «​ទោះបីជា​មានការ​រីក​រា​ល​ដាល​ជំងឺ​រាតត្បាត​ទូទាំង​ពិភពលោក​ក៏ដោយ ក៏​ប្រទេស​កម្ពុជា​ប្តេជ្ញា​បន្ត​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ដែលជា​ផ្នែក​មួយ​នៃ​កាតព្វកិច្ច​របស់ខ្លួន​ក្នុងនាម​ជា​សមាជិក​អង្គការសហប្រជាជាតិ​ដែរ​»​។​

​ទន្ទឹមនឹង​នេះដែរ NCPF បានរៀបចំ​មណ្ឌល​ដាច់ដោយឡែក​ពីរ​សម្រាប់​អ្នករក្សា​សន្តិភាព​នៅ​កម្ពុជា​ដែលមាន ៧៩ គ្រែ​ត្រៀម​រួចរាល់​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល​រក្សា​សន្តិភាព និង ១៦៨ គ្រែ​នៅ​សាលា​បណ្តុះបណ្តាល​រក្សា​សន្តិភាព​ពហុ​ជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ​។​

​យោងតាម NCPF បាន​បង្ហាញថា រហូតមកដល់​ពេលនេះ​ប្រទេស​កម្ពុជា​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ​ចំនួន ៨០០ របស់ខ្លួន​រួមទាំង​ស្ត្រី ៨០ នាក់​ផងដែរ​សម្រាប់​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ទូទាំងប្រទេស លី​បង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​។​

​កាលពី​ថ្ងៃទី ២៩ ខែឧសភា​មន្ត្រី​រក្សា​សន្តិភាព​កម្ពុជា លោក សរ សា​វី បានទទួល​មរណភាព​នៅក្នុង​មន្ទីរពេទ្យ​មួយ​នៅ​ប្រទេស​ម៉ាលី​បន្ទាប់ពី​បាន​ឆ្លង​កូ​វីដ​១៩ ។​

​លោក សា​វី គឺជា​មន្ត្រី​មកពី​អង្គភាព​ដោះមីន​ដែលមាន​ទីតាំងនៅ​ទីក្រុង Timbuktu ប្រទេស​ម៉ាលី​។​

​នៅ​ថ្ងៃទី ១៧ ខែសីហា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើ​ការណែនាំ​ដល់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅក្រៅ​ប្រទេស បន្ទាប់ពី​បានធ្វើ​ការសម្រេច​ចិត្តជា​បឋម​ដោយ​មិន​បញ្ជូន​កងទ័ព​ទៅ ដោយសារ​ហានិភ័យ​ដែល​បណ្តាលមកពី​វីរុស​នេះ​។​

​លោក​បាន​និយាយថា​៖ «​ទោះបី​មាន​ការរីក​រាលដាល​នៃ​កូ​វីដ​១៩ ក៏ដោយ រដ្ឋាភិបាល និង​កងទ័ព​នៅតែ​ត្រូវ​ប្តេជ្ញាចិត្ត​ចូលរួម​ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​»៕

​ប្រែ​សម្រួល​ដោយ សុខ ស្រី​លុច​

Related Posts

Previous Article

វិហារ​គ្រឹស្ត​សាសនា​ត្រូវ​បាន​អនុញ្ញាត​ដំណើរការ​វិញ បន្ទាប់ពី​បិទទ្វា​រយៈពេល​៦​ខែ​ដោយ​សារ​កូវីត-១៩

Next Article

ក្រសួង​ត្រួតពិនិត្យ​កន្លែង​លេង​កីឡា​ដើម្បី​ធានាបាន​នូវ​វិធានការណ៍​ការពារ​