ក្រសួងអប់រំកំពុងសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការច្នៃប្រឌិតជាន់ខ្ពស់នៃយូណេស្កូ (Unesco-ICHEI) ដើម្បីធ្វើពិពិធកម្មឧត្តមសិក្សាជាមួយនឹងកម្មវិធីផ្តោតលើប្រព័ន្ធឌីជីថល។
កម្មវិធីអប់រំឌីជីថលគឺជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលទាក់ទងនឹងទិសដៅនៃសេដ្ឋកិច្ចឌីជីថលកម្ពុជា។
គម្រោងនេះនឹងផ្តោតលើការលើកកម្ពស់ការអប់រំឌីជីថលតាមរយៈបណ្តាញ និងផ្លាស់ប្តូរចំណេះដឹងឌីជីថល។ ក្រសួងមានគោលបំណងសំរេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៤ របស់ខ្លួនដើម្បីផ្តល់ការអប់រំប្រកបដោយគុណភាព។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បាននិយាយថា ក្រសួងមានផែនការលើកកម្ពស់ការអប់រំឌីជីថលតាមរយៈកម្មវិធីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ដែលជាឧបករណ៍សម្រាប់បង្រៀន និងសិក្សា។
លោក សុវាចា បាននិយាយថា៖ «កម្មវិធីនេះមានគោលបំណងដើម្បីធានាថានិស្សិតកម្ពុជាទាំងអស់បញ្ចប់ការសិក្សាជាមួយនឹងចំណេះដឹង និងជំនាញដែលនឹងជួយពួកគេឱ្យបន្តការសិក្សា និងធ្វើការប្រកបដោយវិជ្ជាជីវៈ» ។
លោកបានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា អាទិភាពនៃការអប់រំឌីជីថលជាពិសេសនៅក្នុងបរិបទនៃកូវីដ១៩ នឹងជំរុញឱ្យក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធនានាណែនាំកម្មវិធីបន្ថែមទៀតដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ» ។
កិច្ចខិតខំប្រឹងប្រែងនេះក៏រួមបញ្ចូលទាំងការបង្កើតវិទ្យាស្ថានអន្តរជាតិនៃការអប់រំតាមអ៊ិនធឺរណែតក្នុងភាពជាដៃគូជាមួយស្ថាប័នឧត្តមសិក្សាយ៉ាងតិចចំនួន ១០ នៅប្រទេសកម្ពុជា។
សាលារៀននៅទូទាំងប្រទេសបានទទួលយកការរៀនសូត្រតាមអ៊ិនធើណិតក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ។
លោក ហេង វ៉ាន់ដា នាយកក្រុមប្រឹក្សាភិបាលនៃឧត្តមសិក្សាបាននិយាយថា កម្មវិធីនេះបានជួយបង្កើនចំណេះដឹងផ្នែកឌីជីថលយ៉ាងឆាប់រហ័សក្នុងចំណោមយុវជនជំនាន់ក្រោយ ព្រោះពីកាលពីមុន វាគឺជាមុខវិជ្ជាដែលសិក្សានៅថ្នាក់ឧត្តមសិក្សា។
ចាប់តាំងពីឆ្នាំ ២០១៦ មកក្រសួងអប់រំ និង Unesco-ICHEI បាន និងកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា។
លោក ហេង វ៉ាន់ដា បាននិយាយថា៖ «ការណែនាំការអប់រំឌីជីថលដំបូងបង្កើតឱកាសកាន់តែច្រើនសម្រាប់និស្សិតវ័យក្មេងដើម្បីអនុវត្តចំណេះដឹងរបស់ពួកគេ និងចូលរួមការប្រកួតប្រជែង។ ប្រសិនបើមានកម្មវិធីទាំងនេះផ្តោតលើការសិក្សាឌីជីថលបន្ថែមទៀតពីក្រសួង នោះការប្រកួតប្រជែងឌីជីថលរបស់យើងនឹងមានការរីកចម្រើនយ៉ាងខ្លាំង» ។
លោកបានបន្ថែមថា៖ «សង្គមបានផ្លាស់ប្តូរ និងឆ្ពោះទៅរកអាជីវកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ចបែបឌីជីថល ដូច្នេះនិស្សិតដែលគ្មានចំណេះដឹងឌីជីថលអាចដើរយឺតក្នុងការចូលរួមចំណែកដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសយើង» ។
លោកហេង វ៉ាន់ដា បាននិយាយបន្ថែមថា៖ «ខ្ញុំគិតថា ការអប់រំឌីជីថលគួរតែត្រូវបានផ្តោតជាសំខាន់បន្ថែមទៀត ហើយថវិកាជាតិគួរតែបែងចែកឱ្យបានច្រើនសម្រាប់វិស័យនេះ។ ដូច្នេះមជ្ឈមណ្ឌលអប់រំ និងស្ថាប័នក៏ត្រូវមានការអប់រំផងដែរលើបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យា» ៕ ប្រែសម្រួលដោយ សុខ ស្រីលុច