cellcard cellcard

សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​វិស័យនេះ​ចូល​ទៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​

ស៊ន សារ៉ាត់ / Khmer Times Share:
​លោក វ៉ា រុត​សាន ប្រធាន​ទីប្រឹក្សា​នៃ​ក្រសួងពាណិជ្ជកម្ម​ថ្លែង​ក្នុង​កិច្ចប្រជុំ ស្ដីពី​ការត្រៀម​រៀបចំ​បង្កើត​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​។ KT/​ជរ សុគន្ធា​

​រដ្ឋាភិបាល​កម្ពុ​ជារួម​ជាមួយ​អង្គការ​ក្រៅរដ្ឋាភិបាល វិស័យ​ឯកជន និង​កសិករ​កំពុង​រួម​គ្នា​ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ស្វាយចន្ទី​តាមរយៈ​ការបង្កើត​សហព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​វិស័យ​នេះ​លើ​ឆាក​អន្តរជាតិ​។​

​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សមាគម​ស្វាយចន្ទី​កម្ពុជា ក្រុមហ៊ុន​កែច្នៃ​គ្រាប់ស្វាយចន្ទី Santana និង​អង្គការ​ហែ​ក្ស HEKS/EPER បាន​ជួបជុំគ្នា​កាលពី​សប្តាហ៍​មុន​ដើម្បី​ពិភាក្សា​អំពី​ការ​បង្កើត​សហព័ន្ធ​ស្វាយចន្ទី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ធ្វើ​សមាហរណកម្ម​វិស័យនេះ​ចូលទៅក្នុង​ទីផ្សារ​អន្តរជាតិ​។​

​សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹងថា​ការបង្កើត​សហព័ន្ធ​ស្វាយចន្ទី​កម្ពុ​ជាមាន​គោលបំណង​បង្កើត​ឲ្យ​មាន​ជា​ស្ថាប័ន​សម្របសម្រួល​និង​គាំទ្រ​ថ្នាក់ជាតិ​ដើម្បី​លើកកម្ពស់​គ្រាប់ស្វាយចន្ទី​នៅ​កម្ពុជា​ទាំង​ផ្នែក​ផលិតកម្ម និង​ទីផ្សារ​សម្រាប់​អ្នក​ផលិត​ក្នុងស្រុក អ្នក​កែច្នៃ និង​ក្រុមហ៊ុននាំចេញ​។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្តថា​៖ «​ប្រទេស​កម្ពុ​ជាមាន​អត្ថប្រយោជន៍​ពី​ការប្រកួតប្រជែង​ក្នុង​ការផលិត​គ្រាប់ស្វាយចន្ទី​ដែលមាន​គុណភាព​ខ្ពស់ ដែល​បានផ្ដល់​ជាមាន​ឱកាស​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ពិពិធ​កម្ម និង​ធ្វើ​សមាហរណកម្ម​វិស័យនេះ​ទៅក្នុង​ទីផ្សារ​អន្តរជាតិ​។​

​ឧបសគ្គ​ចំបង​ចំពោះ​ការអភិវឌ្ឍ​វិស័យនេះ​គឺ​ទាក់ទង​ទៅនឹង​ការពង្រីក​ផលិតកម្ម តម្លៃបន្ថែម ការធ្វើ​ពាណិជ្ជកម្ម អង្គភាព​ដែល​ពាក់ព័ន្ធ​នឹង​វិស័យនេះ និង​ដំណើរ​ការនាំចេញ​»​។​

​លោក វ៉ា រុត​សាន ប្រធាន​ទីប្រឹក្សា​នៃ​ក្រសួងពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា​វិស័យ​ស្វាយចន្ទី​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​ការបង្កើត​ឲ្យ​មាន​ជា​សហព័ន្ធ​ស្វាយចន្ទី​នឹង​ធ្វើឱ្យ​វិស័យនេះ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​លោក​ថា​៖ «​វា​ជួយ​បង្កើន​ប្រាក់ចំណូល​របស់​កសិក​រ កាត់បន្ថយ​ភាពក្រីក្រ​នៅ​តំបន់​ជនបទ ខណៈដែល​រដ្ឋាភិបាល​បានផ្តល់​អាទិភាព​ទីមួយ​សម្រាប់​ដំណាំ​នេះ​ក្នុងចំណោម​ដំណាំ ១៩ ផ្សេងទៀត​ពីព្រោះ​វា​មាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ កែច្នៃ នាំចេញ និង​តម្លៃបន្ថែម​»​។​

​លោក វ៉ា រុត​សាន បន្ថែមថា រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន​ក៏​កំពុង​ជំរុញ​គោលនយោបាយ​ស្វាយចន្ទី ខណៈដែល​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​គោលនយោបាយ​ជិត​បញ្ចប់​ហើយ​។​

​លោ​កថា​សេចក្តីព្រាង​គោលនយោបាយ​គ្រាប់ស្វាយចន្ទី​នឹងត្រូវ​បានអនុម័ត​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ត្រីមាស​ទី ១ ឆ្នាំក្រោយ​។​

​ផ្អែកលើ​ការប៉ាន់ប្រមាណ​ដែល​បាន​បញ្ចូល​ក្នុង​របាយការណ៍​វាយតម្លៃ​របស់​អង្គការ​ហែ​ក្ស HEKS/EPER នៅ​ឆ្នាំ ២០១៩ (HEKS/EPER Cambodia Cashew Nut Value Chain Assessment Report in 2019) ប្រទេស​កម្ពុជា​បានក្លាយ​ជា​អ្នក​ផលិត​គ្រាប់ស្វាយចន្ទី​ឈានមុខ​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហើយនឹង​កើនឡើង​ជា​អ្នក​ផលិត​ធំជាងគេ​ទី ៥ ក្នុង​ឆ្នាំ ២០២១ ។​

​របាយការណ៍​បន្តថា​គ្រាប់ស្វាយចន្ទី​របស់​កម្ពុ​ជា​ផលិត​ដោយ​កសិករ​ខ្នាតតូច ទទួលបាន​ទិន្នផល​ខ្ពស់​បើ​ធៀប​នឹង​កសិករ​នៅ​តំបន់​ផ្សេងៗ​។​

​ទោះយ៉ាងណា ប្រទេស​នេះ​បាន​លក់​ដំណាំ​របស់ខ្លួន​មួយ​ភាគ​ធំ​ទៅកាន់​ប្រទេស​វៀតណាម​។​

​លោក វ៉ា រុត​សាន បន្ថែមថា​បញ្ហា​កង្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ ឃ្លាំង​ស្តុក អគ្គិសនី​ដែលមាន​តម្លៃ​ខ្ពស់ សេវា​មន្ទីរពិសោធន៍ ការលំបាក​ក្នុងការ​ទទួលបាន​ឥណទាន ការអនុវត្ត​បទ​ប្បញ្ញត្តិ​ដែល​មិនសូវ​ជាមាន​ប្រសិទ្ធភាព កង្វះ​ការយល់ដឹង​ពី​ទីផ្សារ ការស្រាវជ្រាវ និង​កង្វះ​បទពិសោធ​ក្នុងការ​កែច្នៃ​គឺជា​បញ្ហា​ដ៏​ធំ​បំផុត​ដែល​វិស័យនេះ​កំពុង​ប្រឈម​។​

​បច្ចុប្បន្ន មាន​ទីតាំង​កែច្នៃ​ពាណិជ្ជកម្ម​ចំនួន​តែ ៤ កន្លែង​ប៉ុណ្ណោះ​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅក្នុង​ប្រទេស​កម្ពុជា​និង​សហគមន៍​ស្វាយចន្ទី​ចំនួន ៧ ។ ការកែច្នៃ​រួមគ្នា​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ប្រមាណ​ជា ៣ ០០០ តោន​នៃ​វត្ថុធាតុដើម​ក្នុង​ឆ្នាំ ២០១៩ ។ ទោះយ៉ាងណា​ក៏ដោយ ជាមួយនឹង​គ្រឿង​ម៉ាស៊ីន​ដែល​បាន​តំឡើង ទិ​តាំង​កែច្នៃ​មាន​សមត្ថភាព​បង្ក​តើ​បានរ​រហូតដល់ ២៥ ០០០ តោន​ក្នុង​មួយឆ្នាំ​។​

​លោក ស៊ុយ កុក​ទៀន អនុប្រធាន​សមាគម​គ្រា​ប់​ស្វាយចន្ទី​កម្ពុជា (CAC) បាន​មានប្រសាសន៍ថា​សហព័ន្ធ​នឹង​ជួយ​កសិករ​ទាក់ទង​នឹង​តម្លៃ ហើយនឹង​ទាក់ទាញ​ការវិនិយោគ​ទៅ​រោងចក្រ​កែច្នៃ​ផងដែរ​។​

​លោក​ថា​៖ «​យើង​នឹង​អាច​ប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​អន្តរជាតិ​។ យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន​ហើយ​ផលិតផល​របស់​យើង​នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​នេះ​ក៏ដូចជា​ទាក់ទាញ​វិនិយោគិន​កាន់តែច្រើន​បន្ថែម​ទៀតផង​ដែរ​»​។​

​លោក​បន្តថា បច្ចុប្បន្ន សមាគម​មាន​សមាជិក​សកម្ម​ជិត ២ ០០០ នាក់​នៅ​ទូទាំងប្រទេស ហើយ​សម្រាប់​ក្នុង​ខេត្តកំពង់ធំ ដី​កសិកម្ម​មាន​ប្រមាណ​ជា ១០០ ០០០ ហិកតា​ដែល​ផ្តល់នូវ​ដំណាំ​ប្រមាណ​ជា ១០០ ០០០ តោន​ក្នុង​មួយឆ្នាំ​។​

​លោក​ថា​៖ «​បញ្ហា​ប្រឈម​គឺថា យើង​នាំចេញ​គ្រាប់ស្វាយចន្ទី​ស្រស់​ទៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ថ្មីៗ​នេះ​យើង​បាន​បញ្ជូន​មួយចំនួន​ទៅកាន់​ប្រទេស​ចិន ឥណ្ឌា និង​ជប៉ុន ដូច្នេះ​វា​ជា​សញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​ស្វាយចន្ទី​របស់​យើង​ផងដែរ​។ យើង​មាន​សិប្បកម្ម​កែច្នៃ​ក្នុងស្រុក ហើយ​បន្ទាប់ពី​បង្កើត​សហព័ន្ធ​នេះ​ឡើង យើង​សង្ឃឹមថានឹង​ផ្លាស់ប្តូរ​សិប្បកម្ម​ទាំងនោះ​ទៅជា​រោងចក្រ​កែច្នៃ​»​។​

​យោងតាម​តួលេខ​ពី​ក្រសួងពាណិជ្ជកម្ម ទិន្នផល​គ្រាប់ស្វាយចន្ទី​នៅលើ​ពិភពលោក​មាន​ចំនួន​ជាង ៣.៧ លាន​តោន ដែល​ក្នុងនោះ ចំនួន ៥៦ ភាគរយ​ពី​អាហ្វ្រិក ឥណ្ឌា ២២ ភាគរយ ប្រេ​ស៊ី​ល ៤ ភាគរយ និង​អាស៊ីអាគ្នេយ៍​ចំនួន ១៨ ភាគរយ​។ របាយការណ៍​បាន​បន្តថា​ប្រទេស​វៀតណាម​ជាប់​ចំណាត់ថ្នាក់​លេខ ៣ និង​មាន​ចំនួន ៩ ភាគរយ ខណៈដែល​ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៦ និង​មាន​ចំនួន ៥,២៥ ភាគរយ​។​

​ទោះយ៉ាងណា ប្រទេស​វៀតណាម​គឺជា​ប្រទេស​កែច្នៃ​គ្រាប់ស្វាយចន្ទី​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​ដែលមាន​ចំនួន ១,៧៧ លាន​តោន បន្ទាប់មក​គឺ​ប្រទេស​ឥណ្ឌា​ដែលមាន​ចំនួន ១,៥៥ លាន​តោន​៕

ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

 

Related Posts

Previous Article

ការអប់រំ​ឌីជីថល​នឹងត្រូវ​បាន​បន្ត​ជា​អាទិភាព​

Next Article

រដ្ឋាភិបាលអាល្លឺម៉ង់សន្យាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម