cellcard cellcard

ប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារត្រូវបានកំណត់សម្រាប់ឆ្នាំក្រោយ

ហួន ឌីណា / Khmer Times Share:
សហជីព និយោជក និងតំណាងរដ្ឋាភិបាលព្រមព្រៀងលើតួលេខនៅចុងបញ្ចប់នៃការចរចា។ KT/ ប៉ាន់ រចនា

យោងតាមក្រសួងការងារបានឱ្យដឹងថា ក្រុមប្រឹក្សាជាតិ​ប្រាក់ឈ្នួល​អប្បបរមាបានកំណត់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២១ នៅត្រឹម ១៩០ ដុល្លារក្នុងមួយខែ សម្រាប់កម្មករនៅក្នុងឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងស្បែកជើង។

 

នៅក្នុងសេចក្តីប្រកាស ដែលត្រូវបានចេញផ្សាយបន្ទាប់ពីការប្រជុំចុងក្រោយកាលពីម្សិលមិញក្រសួងការងារបាននិយាយថា គណៈកម្មាធិការជាតិសម្រាប់ប្រាក់ឈ្នួលអប្បបរមាបានតំឡើងប្រាក់ឈ្នួល
អប្បបរ​មា ហើយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែម ២ ដុល្លារបន្ថែមទៀតដើម្បីធ្វើឱ្យវាមានចំនួន ១៩២ ដុល្លារ ក្នុងមួយខែ។

ឆ្នាំ ២០២០នេះ ប្រាក់​ឈ្នួលអប្បបរមាត្រូវបានកំណត់ត្រឹម ១៨៧ ដុល្លារ ហើយ​លោកហ៊ុនសែនបានបន្ថែមចំនួន ៣ ដុល្លារទៀតដើម្បីធ្វើឱ្យវាមានចំនួន ១៩០ ដុល្លារ។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្រៅពីប្រាក់ឈ្នួលអប្បបរមាប្រចាំខែ កម្មករនឹងនៅតែទទួលបានអត្ថប្រយោជន៍បន្ថែមផ្សេងទៀតរួមមានប្រាក់ ១០ ដុល្លារបន្ថែមក្នុងមួយខែសម្រាប់ការមកធ្វើការ
ទៀងទាត់ ​និង ៧ ដុល្លារបន្ថែមទៀត សម្រាប់ការធ្វើដំណើរ និងការជួល ក៏ដូចជាការបង់ប្រាក់អតីតភាពការងារសម្រាប់កម្មករដែលមានមុខតំណែងជាង ២ ឆ្នាំ។ ដូច្នេះ កម្មករម្នាក់ៗនឹងទទួលបានប្រាក់ខែ ២០៩ ដុល្លារទៅ ២២០ ដុល្លារក្នុងមួយខែ។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ បាននិយាយថា៖ «តួលេខថ្មីត្រូវបានអនុម័តស្របតាមផលប៉ះពាល់ធ្ងន់ធ្ងរនៃការរាតត្បាត
ជាសកលទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្ម និងការនាំចេញ»។

លោក សំ ហេង បន្តថា គណបក្សនីមួយៗមានតួលេខដើម្បីស្នើនៅក្នុងការប្រជុំ ប៉ុន្តែភាពខុសគ្នានៃតួលេខនីមួយៗមិនអាចជួយឱ្យពួកគេយល់ព្រមលើចំនួនណាមួយឡើយ។

លោកថា៖ «ដោយថ្លឹងថ្លែងគម្លាតរវាងតួលេខរបស់គណបក្សទាំងពីរ យើងបានសម្រេចនៅចំណុចកណ្តាល ចំនួន ១៩០ ដុល្លារហើយភាគីទាំង ៣ យល់ព្រមលើតួលេខនេះ»។

សហជីព និយោជក និងតំណាងរដ្ឋាភិបាលក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២១ ។ KT/ ប៉ាន់ រចនា

លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បានអោយដឹងថា ដំបូងតំណាងសហជីពបានស្នើដំឡើងប្រាក់ឈ្នួលអប្បបរមា ១២.៣៥ ដុល្លារឬ ៦.៥ ភាគរយនៃប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្ន។

កាលពីម្សិលមិញនេះ បើយោងតាមតំណាងលោក ណាង សុធី តំណាងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បាននិយាយថា តំណាងនិយោជិកចង់កាត់បន្ថយប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នត្រឹម ១៨ ដុល្លារឬច្រើនជាង ៩ ភាគរយ។

នៅពេលនិយាយអំពីតួលេខថ្មីនេះ ថាតើអាចនឹងនៅតែទាក់ទាញវិនិយោគិនមកកម្ពុជាឬអត់។ លោក សុធី បាននិយាយថា៖ «វាពិបាកសម្រាប់និយោជក តែទោះយ៉ាងណាវាអាចទទួលយកបាន»។

លោកថា៖ «ដោយស្មារតីរួមគ្នា និងក្រោមការដឹកនាំរបស់លោក ហ៊ុន សែន យើងបានយល់ព្រមលើការផ្លាស់ប្តូរប្រាក់ឈ្នួល»។

លោកបានបន្ថែមថា វាមិនមែនជាបន្ទុកសម្រាប់វិនិយោគិនបរទេសនោះទេ។

លោក អាត់ ធន់ ​និយាយថា និយោជកទទួលបានប្រាក់ចំណេញល្អនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈពេលដែលពួកគេបើកប្រាក់ខែឱ្យបុគ្គលិក។ ទោះយ៉ាងណា កម្មករនិងសហជីពមិនសប្បាយចិត្តនឹងតួលេខថ្មីនេះទេ។

លោកបន្តថា៖ «ការដំឡើងប្រាក់ខែពីរដុល្លារសម្រាប់កម្មករ ជួយពួកគេតិចបំផុតក្នុងការដោះស្រាយបញ្ហាជីវភាព។ ប៉ុន្តែ ប្រសិនបើថ្លៃឈ្នួលកើនឡើងវានឹងកាន់តែពិបាកសម្រាប់ពួកគេ។ ជំងឺរាតត្បាតកូវីដ-១៩ និងការដក EBA បានជះឥទ្ធិពលដល់វិស័យនេះ ដូច្នេះវាត្រូវតែឆ្លើយតបតាមនោះ»។

មានសំលេងគួរឱ្យភ្ញាក់ផ្អើលចំពោះបញ្ហានេះ និងបើកឱ្យមានការសួរជាច្រើន កម្មករកាត់ដេរនៅភ្នំពេញដែលបានសម្គាល់ឈ្មោះ ស្រីនាង បាននិយាយថា៖ «ប្រសិនបើអ្នកមិនមានប្រាក់កម្ចីដើម្បីបង់ទេ នោះគឺមិនអីទេ។ ប៉ុន្តែកម្មករដូចខ្ញុំ មានការចំណាយច្រើនលើម្ហូប និងថ្លៃឈ្នួលខ្ពស់។ ខ្ញុំពិតជាខកចិត្តនឹងលទ្ធផលនេះ»។

កម្មការិនីកាត់ដេរ ហ៊ី សំណាង បាននិយាយថា៖ «ទំនិញឡើងថ្លៃឥតឈប់ឈរ ដូចជាថ្លៃឈ្នួលថ្លៃទឹក និងអគ្គិសនី។ ការដំឡើងប្រាក់ ២ ដុល្លារប្រហែលជាមិនគ្រប់គ្រាន់ទេ»។

សំណាងបាននិយាយថា ម្ចាស់ផ្ទះរបស់នាងមិនបានផ្តល់ការបញ្ចុះតម្លៃលើថ្លៃជួលរបស់នាងទេនៅពេលមានជំងឺរាតត្បាត ហើយបានប្រាប់នាងថាប្រសិនបើនាងមិនអាចបង់លុយទេ ពួកគេនឹងអោយអ្នកផ្សេងមកជំនួសនាង។

កម្មការិនីម្នាក់ទៀត ឈ្មោះ អូន ភីថុន​ បាននិយាយថា៖ «ខ្ញុំយល់ថាដោយសារតែមានជំងឺរាតត្បាត យើងរំពឹងថានឹងមានការកើនឡើងតិចនៅឆ្នាំនេះ។ ទោះយ៉ាងណា តម្លៃម្ហូបអាហារនិងរបស់ចាំបាច់ដូចជាទឹកដោះគោសម្រាប់កូនៗរបស់ខ្ញុំនឹងមានភាពពិបាកក្នុងការចំណាយ»។

ទាក់ទងនឹងការដំឡើងប្រាក់ ២ ដុល្លារ ទាំងលោក សំហេង និងលោក សុធី បាននិយាយថា ការប៉ះពាល់ដោយជំងឺកូវីដ-១៩ និងផលប៉ះពាល់សេដ្ឋកិច្ច ដែលបានផ្តល់ដល់ឧស្សាហកម្មនេះ ត្រូវបានជះឥទ្ធិពលយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយ ពួកគេទាំងពីរបាននិយាយថាការដក EBA មិនមែនជាបញ្ហាទេ។

យោងតាមសេចក្តីថ្លែងការណ៍រួមពី សមាគមរោងចក្រកាត់ដេរកម្ពុជា និងសមាគមស្បែកជើងកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែកក្កដា ឆ្នាំនេះរោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងទំនិញប្រមាណ ៤០០ បានផ្អាកប្រតិបត្តិការ ដែលធ្វើអោយកម្មករជាង ១៥០ ០០០ នាក់គ្មានការងារធ្វើដោយសារតែការប៉ះនៃជំងឺឆ្លងនេះ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាក្នុងឆមាសទី ១ ឆ្នាំ ២០២០ ផលិតផលឧស្សាហកម្មសម្រាប់ការនាំចេញបានធ្លាក់ចុះ ១២.៥ ភាគរយ ក្នុងនោះការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះ ១០ ភាគរយស្បែកជើង ២ ភាគរយ និងទំនិញធ្វើដំណើរកើនឡើង ៨ ភាគរយ៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

រដ្ឋាភិបាលអាល្លឺម៉ង់សន្យាគាំទ្រដល់សហគ្រាសធុនតូចនិងមធ្យម

Next Article

ក្រុមហ៊ុនផ្តល់សេវាកម្មសាជីវកម្មបើកប្រតិបត្តិការនៅកម្ពុជា