cellcard cellcard

ប្រព័ន្ធរំដោះទឹកជំនន់ដំណាក់កាលទី ៤ បានបញ្ចប់ការតម្លើងជាស្ថាពរ

Jason Boken / Khmer Times Share:
អាជ្ញាធរត្រួតពិនិត្យប្រព័ន្ធរដោះទឹកចុងក្រោយបង្អស់នៅក្នុងរាជធានីភ្នំពេញ។ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្តល់មូលនិធិសម្រាប់គម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ។ Supplied

ការតម្លើងប្រព័ន្ធលូក្រោមដីត្រូវបានបញ្ចប់សំរាប់គម្រោងប្រព័ន្ធការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ។ ទន្ទឹមនឹងនេះ ការស្ថាបនាដែលនៅសល់នានាកំពុងដំណើរការ ហើយរំពឹងថានឹងបញ្ចប់ទាំងស្រុងនៅឆ្នាំ ២០២១។ នេះបើយោងតាមភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។

ការសាងសង់តាមរយៈការប្រើបច្ចេកវិទ្យាខួងដាក់បណ្ពាញលូក្រោមដីនេះ មានប្រវែង ១,៥៥២ម។ ចំណុចពីសា្តតចាស់ទៅអាងស្តុកទឹកក្រោមដីមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ត្រូវបានបញ្ចប់ជាស្ថាពរ ខណៈដែលតំបន់វត្តភ្នំខាងជើង និងទួលគោក កំពុងដំណើរការសាងសង់។

លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «គម្រោងការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ កំពុងដំណើរការនៅតំបន់វត្តភ្នំ និងទួលគោក ហើយនឹងបញ្ចប់ក្នុងឆ្នាំ២០២១ ខាងមុខ។ សម្រាប់ ការដ្ឋានវត្តភ្នំ គឺកំពុងជីកប្រព័ន្ធបង្ហូរទឹកជម្រៅ ៧ម៉ែត្រក្រោមដី»។

«ចំណែកនៅតំបន់មាត់ទន្លេវិញ កំពុងសាងសង់អាងស្តុកទឹកចំណុះ ៦.៥០០ម៉ែត្រគូប។ នៅរដូវវស្សា ទឹកហូរតាមប្រព័ន្ធបង្ហូរទឹកនេះទៅក្នុងអាង បន្ទាប់មកហូរចូលក្នុងទន្លេ។»

គួរបញ្ជាក់ឲ្យដឹងផងដែរថា គម្រោងនេះត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ដែលមានទំហំទឹកប្រាក់សរុបប្រមាណជា ៣៦ លានដុល្លាអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

គម្រោងនេះរួមមាន ការសាងសង់អាងស្តុបទឹកក្រោមដី ស្ថានីយបូមទឹក របារត្រងសម្រាមមេកានិចស្វ័យប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក។

កាលពីខែមីនាកន្លងទៅ ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ជប៉ុនបានផ្តល់ជំនួយ ៣១០លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោង៥ធំៗនៅកម្ពុជាដែលក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពផងដែរ។

ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាននានា ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជាបន្ថែមទៀត ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ឱ្យកាន់តែរឹងមាំផងដែរ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

អាកាសចរណ៍ក្នុងស្រុកត្រូវបានអនុញ្ញាតឱ្យផ្តល់ជើងហោះហើរឆ្លងកាត់ទៅកាន់ប្រទេសចិន

Next Article

វិនិយោគិនបរទេសលើកឡើងអំពីបញ្ហាប្រឈមក្នុងរចនាសម្ព័ន្ធអាជីវកម្មរបស់កម្ពុជា