cellcard cellcard cellcard

នីតិវិធីតឹងរ៉ឹងរារាំងដល់គ្រួសារក្រីក្រក្នុងការទទួលបានជំនួយបន្ទាន់ជាសាច់ប្រាក់

Harrison White និង សុខ ចាន់ / Khmer Times Share:
ប្រជាជនដែលមានបណ្ណសមធម៌នៅក្នុងសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវនឹងទទួលបានការផ្ដល់ជំនួយជាសាច់ប្រាក់ក្នុងកំឡុងពេលមានការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។ KT/ស៊ីវ ចាន់ណា

កម្មវិធីក្នុងការផ្ដល់បណ្ណសមធម៌នៅកម្ពុជានៅតែបន្តមានការព្រួយបារម្ភអំពីដំណើរការក្នុងនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងការទទួលបានជំនួយបន្ទាន់ជាសាច់ប្រាក់។

aba

ការព្រួយបារម្ភនេះត្រូវបានលើកឡើងដោយផ្ទាល់តាមរយៈមេភូមិមួយរូប
ខណៈដែលលោកលើកឡើងថានីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលត្រូវបានអនុវត្តយ៉ាងតឹងរឹងដោយរដ្ឋាភិបាលរារាំងដល់គ្រួសារក្រីក្រក្នុងការទទួលបានបណ្ណសមធម៌។

នេះជាការលើកឡើងរបស់មេភូមិគោកស្រុក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលបានឲ្យដឹងថា ការដែលរដ្ឋាភិបាលអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណ​កម្ម​គ្រួ​សារក្រីក្រដែលមានលក្ខណៈតឹងរឹងនេះបានធ្វើឱ្យសហគមន៍មានភាពថ្នាំងថ្នាក់។

លោកនិយាយ​ថា៖ «នៅក្នុងដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅក្នុងភូមិរបស់ខ្ញុំ ខ្ញុំបានធ្វើការជ្រើសរើស ២៣ គ្រួសារក្នុងចំណោម ១៧០ គ្រួសារដែលខ្ញុំគិតថាសមនឹងទទួលបានបណ្ណសមធម៌។ ប៉ុន្តែ គ្រួសារចំនួន ៤ ក្នុងចំណោមគ្រួសារទាំងនោះ ត្រូវបានដកចេញពីកម្មវិធីនេះដោយសារអាជ្ញាធរឃុំយល់ថាកម្រិតជីវភាពរបស់ពួកគេមានភាពល្អប្រសើរ»។

យោងតាមមេភូមិរូបនេះដដែលបានឲ្យដឹងថា ក្រុមគ្រួសារទាំងបួននេះត្រូវបានដកចេញពីកម្មវិធីពីព្រោះពួកគេមានផ្ទះដែលប្រក់ដំបូលស័ង្កសីនិងមានមធ្យោបាយសម្រាប់ធ្វើដំណើរក្នុងភូមិ។

លោកថ្លែង​ថា៖​ «គ្រួសារទាំងនេះត្រូវបានចុះឈ្មោះដើម្បីទទួលបានបណ្ណសមធម៌។ ប៉ុន្តែ មន្ត្រី​ឃុំបា​នដកពួកគេចេញពីបញ្ជី ដោយសារពួកគេមានផ្ទះដែលប្រក់ដំបូលស័ង្កសី និងមានម៉ូតូចាស់ ដែលពួកគេចាត់ទុកថានេះមិនអាចកំណត់ថាក្រីក្របាននោះទេ»។

លោក​បន្ត​ថា បើទោះបីជាជាមេភូមិបានកំណត់ថាគ្រួសារណាមួយក្រីក្រក៏ដោយ ប៉ុន្តែបើសិនជាពួកគេមិនមានលក្ខណៈវិនិច្ឆ័យដែលរដ្ឋាភិបាលបានកំណត់ គ្រួសារទាំងនោះនឹងត្រូវបានគេដកចេញពីបញ្ជី ហើយត្រូវរង់ចាំ
ធ្វើការវាយតំលៃឡើងវិញក្នុងរយៈពេលពីរឆ្នាំទៀត។

លោកបានបន្ដ​ថា​៖ ​«សកម្មភាពនេះបានបណ្តាលឱ្យមានជាការមិនពេញចិត្តពីអ្នកភូមិមួយចំនួន។ ទោះជា​យ៉ាងណាក៏ដោយ យើងត្រូវតែទទួលយកការអនុវត្តនេះ ពីព្រោះរដ្ឋាភិបាលបានវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដែលបានកំណត់នៅក្នុងប្រព័ន្ធ»។

ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភអំពីដំណើរការជ្រើសរើសនេះ ស្ថានទូតអាល្លឺម៉ងប្រចាំនៅកម្ពុជា ជាស្ថាប័នមួយដែលផ្ដួចផ្ដើមឲ្យមានកម្មវិធីក្នុងការផ្ដល់បណ្ណសមធម៌នេះឡើងបានលើកឡើងថាជាការពិត កម្មវិធីនេះមិនល្អឥតខ្ចោះនោះទេ។

លោក Benjamin Knoedler ភារធារីស្តីទីស្ថានទូតអាល្លឺ​ម៉​ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជាថ្លែងថា៖ «ខណៈពេលដែលកម្មវិធីក្នុងការផ្ដល់បណ្ណសមធម៌នៅកម្ពុជាត្រូវបានអនុវត្តជាច្រើនឆ្នាំមុនពេលមានករណីនៃវីរុសកូវីដ១៩ កម្មវិធីនេះត្រូវបានផ្ដោតសំខាន់លើការផ្ដល់ជាជំនួយនានាដែលមានដូចជាអាហារ សុខភាព និងការអប់រំ មិនមែនផ្ដល់ជាសាច់ប្រាក់តែមួយមុខនោះទេ។ ការផ្ដល់ជំនួយជាសាច់ប្រាក់នេះគឺជាសកម្មភាពថ្មីមួយនៅក្នុងកម្មវិធីនេះ»។

លោកបានបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩ កម្មវិធីនេះត្រូវបានពង្រីកដល់គ្រួសារជាង ៥៦០ ០០០ គ្រួសារក្នុង
ការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីគម្រោងនេះ។

លោកនិយាយ​​​ថា៖ «បើក្រឡេកមើលទៅអនាគត ខ្ញុំជឿជាក់ថា កម្មវិធីនេះអាចនឹងមានការផ្តោតលើក្រុមជាក់លាក់នានាដូចជាមនុស្សចាស់ និងជនពិការដែលនឹងកាត់បន្ថយបញ្ហានានាក្នុងនីតិវិធីក្នុងការជ្រើសរើស។ បន្ថែមពីការផ្ដល់ជាសាច់ប្រាក់ ទិន្នន័យនានាក្នុងកម្មវិធីនេះនឹងក្លាយជាព័ត៌មានដ៏មាន
តម្លៃស​ម្រាប់អង្គការអភិវឌ្ឍន៍នាពេលអនាគត។ នៅពេលដែលករណីនៃជំងឺរាតត្បាតបញ្ចប់ទៅទិន្នន័យនឹងជួយឱ្យមានការឆ្លើយតបប្រសើរជាងមុន ក៏ដូចជាការអភិវឌ្ឍក្នុងវិស័យនានាផងដែរ»។

យោងតាមក្រសួងផែនការបានឱ្យដឹងថា លក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសត្រូវបានអនុវត្តដោយរដ្ឋាភិបាលបន្ទាប់ពីប្រជាជនជាង ៦ ០០០ គ្រួសារក្នុងកម្មវិធីនៃការផ្ដល់បណ្ណសមធម៌ ជុំទី ២ ត្រូវបានរកឃើញថាបានប្រើប្រាស់កម្មវិធីនេះដើម្បីទទួលបានអត្ថប្រយោជន៍ពីគម្រោងជំនួយជាសាច់ប្រាក់ដែលឧបត្ថម្ភដោយរដ្ឋាភិបាល។

លោក ថេង ​បញ្ញាធន អគ្គនាយកផែនការ នៃក្រសួងផែនការ បានមានប្រសាសន៍ថា៖ «ករណីនេះត្រូវបានរកឃើញបន្ទាប់ពីគ្រួសារក្រីក្រជាច្រើនដែលទទួលបានប្រាក់ឧបត្ថម្ភនេះឃើញគ្រួសារដែលមានជីវភាពធូរធារមួយចំនួនក៏ទទួលបានប្រាក់ផងដែរ។ តួលេខនៃចំនួនគ្រួសារនេះត្រូវបានរកឃើញថាបានចុះឈ្មោះដើម្បីទទួលជំនួយ ខណៈដែលពួកគេមានជីវភាពធូរធារ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា រដ្ឋាភិបាលបានសម្រេចក្នុងការចំណាយទំហំទឹកប្រាក់ចំនួន ២៥ លានដុល្លារក្នុងមួយខែដើម្បីផ្ដល់ជូនដល់គ្រួសារក្រីក្រនិងងាយរងគ្រោះជាង ៥៦ ម៉ឺននាក់ដែលរងគ្រោះដោយសារវីរុសកូវីដ១៩។

ទាក់ទងនឹងការផ្ដល់ជំនួយជាសាច់ប្រាក់នេះផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថាកម្មវិធីនេះនឹងបញ្ឈប់នៅពេលដែលស្ថានភាពនៃវីរុសកូវីដ១៩មានសភាពធូរស្បើយ ខណៈដែលរដ្ឋាភិបាលបានត្រៀមទំហំទឹកប្រាក់ចំនួន ១២៥ លានដុល្លារសម្រាប់ជំនួយពិសេសនេះ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

វិនិយោគិនបរទេសលើកឡើងអំពីបញ្ហាប្រឈមក្នុងរចនាសម្ព័ន្ធអាជីវកម្មរបស់កម្ពុជា

Next Article

លោកស្រី Smith ស្នើសុំឱ្យគោរពច្បាប់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស