cellcard cellcard

អតីតជនភៀសខ្លួនខ្មែរមួយរូបប្រកួតប្រជែង ការបោះឆ្នោតនៅសហរដ្ឋអាមេរិក

Jose Rodriguez T. Senase / Khmer Times Share:
លោកស្រី វណ្ណា ហូវឺដ (Vanna Howard) ជាបេក្ខជនសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ ម៉ាស្សាជូសេដ្ឋ ប្រចាំតំបន់ទី ១៧ ក្នុងសង្កាត់ Middlesex ។ Supplied

អតីត​ជនភៀស​ខ្លួន​ខ្មែរមួយរូប​គឺ​លោកស្រី​ វណ្ណា ហូវឺដ​ (Vanna Howard) ដែលបានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីគេចពីរបប ប៉ុល ពត បាន​ឈ្នះ​ការ​បោះឆ្នោត​​សម្រាប់​តំណែង​ជា​បេក្ខជន​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ ​ម៉ាស្សាជូសេដ្ឋ ​ Massachusetts។

លោកស្រី​ វណ្ណា ហូវឺដ បានទទួលជ័យជម្នះលើសមាជិក​សភា​ដែល​កាន់​មុខតំណែង​នេះ​គឺ​លោក ​ដេវីដ ណែងហ្គល (David Nangle)​ និង​លោកស្រី​លីហ្សា អាណុល​ (Lisa Arnold) ប្រចាំ​តំបន់ទី ១៧ ​ក្នុង​សង្កាត់ ​Middlesex ដែលត្រូវបានធ្វើឡើងកាលពីប៉ុន្មានថ្ងៃកន្លងទៅ។ ការទទួលបានជ័យជម្នះនៅក្នុងគណបក្ស​ប្រជាធិបតេយ្យ គឺស្ទើរតែស្មើនឹងការឈ្នះនៅក្នុងការបោះឆ្នោតទូទៅនៅក្នុងរដ្ឋរបស់គណបក្សប្រជាធិបតេយ្យ។

យោងតាមសារព័ត៌មាន The Lowell Sun បានឲ្យដឹងថាលោកស្រី​ វណ្ណា ហូវឺដ ទទួលបានសំឡេងគាំទ្រចំនួន ២,៦៨១ សំឡេង ពោលគឺមានចំនួន ៧១៥ សំឡេងច្រើនជាងលោក ​ដេវីដ ណែងហ្គល ខណៈដែល​លោកស្រី​លីហ្សា អាណុល ទទួលបាន ១,៤៧៤ សំឡេង។

តំបន់ទី ១៧ ​ក្នុង​សង្កាត់ ​Middlesex គ្របដណ្តប់ផ្នែកមួយចំនួននៃទីក្រុងឡូវែល និងទីក្រុង Chelmsford ខណៈដែលទីក្រុងឡូវែលត្រូវបានគេស្គាល់ថាមានប្រជាជនកម្ពុជារស់នៅច្រើន។សម្រាប់តំណែងនេះ លោក ​ដេវីដ បានកាន់អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។

លោកស្រី​ វណ្ណា ហូវឺដ បានឲ្យដឹងតាមរយៈគេហទំព័រយុទ្ធនាការរបស់ខ្លួនថា៖ «ខ្ញុំចង់យកពេលវេលានេះដើម្បីថ្លែងអំណរគុណដល់អ្នកទាំងអស់គ្នាដែលបានបោះឆ្នោតឲ្យខ្ញុំក្នុងការបោះឆ្នោតបឋមកាលពីម្សិលមិញ អ្នកគាំទ្រ អ្នកស្ម័គ្រចិត្តដ៏អស្ចារ្យរបស់ខ្ញុំ អ្នកប្រឹក្សា សហសេវិកដែលតែងតែផ្តល់បទពិសោធន៍ ដំបូន្មាន សហគមន៍ និងក្រុមគ្រួសាររបស់ខ្ញុំដែលផ្ដល់ការគាំទ្រក្នុងអំឡុងពេលយុទ្ធនាការ»។

លោកស្រីបន្តថា៖ «ខ្ញុំមានមោទនភាពចំពោះយុទ្ធនាការរបស់យើង។ ខ្ញុំមានសេចក្ដីរីករាយណាស់សម្រាប់ការគាំទ្ររបស់អ្នករាល់គ្នា។ ខ្ញុំប្តេជ្ញាថានឹងធ្វើការជាមួយអ្នករាល់គ្នានិងអ្នកដទៃទៀតដើម្បីនាំមកនូវសកម្មភាព គំនិតថ្មី និងការផ្លាស់ប្តូរជាវិជ្ជមានចំពោះការិយាល័យនៃ Beacon Hill នេះ សម្រាប់ត្រៀមការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោកស្រី​ វណ្ណា ហូវឺដ គឺជាស្ត្រីខ្មែរអាមេរិកាំងទីបីនៅសហរដ្ឋអាមេរិកដែលត្រូវបានជាប់ឆ្នោតក្នុងការិយាល័យសាធារណៈ។ លោកស្រីក៏នឹងចូលរួមជាមួយអ្នកតំណាងរាស្រ្តអាមេរិក មានដើមកំណើតខ្មែរ លោក មុំ រ៉ាឌី ប្រចាំ​រដ្ឋ ​ម៉ាស្សាជូសេដ្ឋ ​ Massachusetts ផងដែរ។

លោកស្រី Bopha Malone អតីតជន​ភៀសខ្លួន​មួយរូប​ទៀត​មកពី​ប្រទេស​កម្ពុជា​ដែលបច្ចុប្បន្នជា​សមាជិក​ក្រុមប្រឹក្សាភិបាល​ជ្រើសរើស​នៅ​ទីក្រុង Bedford បាន​មានប្រសាសន៍ថា លោកស្រី​សប្បាយចិត្ត​ដែល​ប្រជាជន​កម្ពុជា​កាន់តែច្រើន​កំពុង​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឲ្យ​នៅ​សហរដ្ឋអាមេរិក​។​

លោកស្រីថា៖ «បើទោះបីជាឆ្លងកាត់ការលំបាកពីអតីតកាលយ៉ាងណាក៏ដោយ ខ្ញុំមានមោទនភាពក្នុងការឃើញសហគមន៍របស់យើងជំនះឧបសគ្គ និងមានការអភិវឌ្ឍ រួមទាំងផ្នែកនយោបាយផងដែរ»។

លោកស្រីបន្ថែមថា៖ «ឡូវែលគឺជាទីក្រុងដែលសម្បូរទៅដោយជនអន្តោប្រវេសន៍ហើយមានប្រជាជនកម្ពុជាច្រើនជាងគេលំដាប់ទី ២ នៅសហរដ្ឋអាមេរិក។ ខ្ញុំសប្បាយចិត្តនៅពេលដែលមានស្ត្រីខ្មែរមួយរូបទៀតត្រូវបានជ្រើសរើសសម្រាប់ទីក្រុងឡូវែល។ នេះគឺជាជំហានដ៏ធំមួយសំរាប់លោកស្រី​ វណ្ណា ហូវឺដ និងសំរាប់ស្ត្រីអាមេរិកាំង-កម្ពុជាទាំងអស់។ ជាមួយនឹងអ្វីដែលលោកស្រី​ វណ្ណា ហូវឺដ ធ្លាប់ឆ្លងកាត់ ខ្ញុំជឿជាក់ថាលោកស្រីនឹងបម្រើសហគមន៍បានល្អ»។

គួរបញ្ជាក់ឲ្យដឹងផងដែរថា លោកស្រី​ វណ្ណា ហូវឺដ បច្ចុប្បន្ន​ក៏ជា​មន្រ្តី​ផ្នែក​ទំនាក់ទំនងមួយរូប​នៅ​មជ្ឈមណ្ឌល​សុខភាព​សហគមន៍​ឡូ​វែ​លផងដែរ។

លោកស្រី​ វណ្ណា ហូវឺដ ក៏ធ្លាប់ជាអតីត​ជំនួយការ​តំណាងរាស្ត្រ លោកស្រី Niki Tsongas ខណៈដែលបេក្ខភាពរបស់លោកស្រីត្រូវបានជំរុញលើកទឹកចិត្តដោយលោកស្រី Niki Tsongas។

លោកស្រី​  នឹងត្រូវប្រឈមជាមួយលោក  Martin Burke នៅក្នុងការបោះឆ្នោតទូទៅថ្ងៃទី ៣ ខែវិច្ឆិកាខាងមុខ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

ទិវាអក្ខរកម្មអន្តរជាតិត្រូវបានប្រារព្ធឡើង

Next Article

បណ្ដុំសហគ្រាសធុនតូចនិងមធ្យមជំរុញសេដ្ឋកិច្ច