cellcard cellcard

កម្ពុជា​ស្វែងរក​ការបើក​ច្រកព្រំដែន​ថ្មី​ជាមួយ​វៀតណាម​ដើម្បី​សម្រួល​ដល់​ចរាចរណ៍​កុងតឺន័រ​

ស៊ន សារ៉ាត់ / Khmer Times Share:
ច្រកទ្វារព្រំដែន​បាវិត​នាពេល​បច្ចុប្បន្ន​។ សហការី

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន (MPWT) ស្វែងរក​ការបើក​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​ជាមួយ​ប្រទេស​វៀតណាម​ដើម្បី​សម្រួល​ចរាចរណ៍​កុងតឺន័រ​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​លោក​នូ សុវត្ថិ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ក្នុងឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​វិស័យ​ឯកជន កម្ពុជា​-​ជប៉ុន លើក​ទី ២០ ថា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គ្រោង​នឹង​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ពិនិត្យ​ក្នុង​ការបើក​ច្រកព្រំដែន​អន្តរជាតិ​មួយទៀត​ជាមួយ​ប្រទេស​វៀតណាម​ដើម្បី​សម្រួល​ចរាចរណ៍​កុងតឺន័រ ខណៈដែល​ក្រុង​បាវិត​កំពុងតែ​មានការ​មមាញឹក​យ៉ាងខ្លាំង​។​

​លោក​មានប្រសាសន៍ថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ពិចារណា​ក្នុង​ការបើក​ច្រកព្រំដែន​ថ្មី​មួយ​ក្នុង​តំបន់​ព្រៃ​វ​ល្លិ៍​របស់​កម្ពុជា​ជាមួយនឹង​តំបន់ Binh Hiep របស់​ប្រទេស​វៀតណាម​ដើម្បី​សម្រួល​នីតិវិធី​សម្រាប់​សកម្មភាព​គយ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​កាត់បន្ថយ​ការកកស្ទះ​កុងតឺន័រ​នៅ​បាវិត​»​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​នូ សុវត្ថិ ច្រកទ្វារ​អន្តរជាតិ​បាវិត​កាលពីពេល​កន្លងទៅ​មាន​កុងតឺន័រ​ចន្លោះ​ពី ២៥០ ទៅ ៣០០ ឆ្លងកាត់​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ដោយសារ​តែមាន​ករណី​នៃ​វីរុស​កូ​វីដ​១៩ ក្នុង​មួយថ្ងៃ​មានតែ ៧០ កុងតឺន័រ​ប៉ុណ្ណោះ​ឆ្លងកាត់​នាពេល​បច្ចុប្បន្ន​។​

​លោក​បន្តថា​លោក​រដ្ឋមន្ត្រី​ក៏​នឹង​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​រៀបចំ​ស្ថានីយ​សម្រាប់​កុងតឺន័រ​ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ចរាចរណ៍​ផងដែរ​។​

​លោក​ថា​៖ «​យើង​ក៏​ចង់​រៀបចំ​ឲ្យ​មាន​ជា​បណ្ដាញ​ផ្សេងៗ​គ្នា​សម្រាប់​កុងតឺន័រ​ទំនិញ កុងតឺន័រ​ទទេ​ហើយ​យើង​ក៏ត្រូវ​ត្រៀម​រៀប​បណ្ដាញ​សម្រាប់​អ្នកដំណើរ​និង​ទំនិញ​តូចៗ​ផងដែរ​»​។​

​លោក​បន្តថា​ដើម្បី​សម្រួល​ដល់​កុងតឺន័រ​ឆ្លងកាត់​ព្រំដែន ក្រសួង​ក៏​នឹង​ស្នើឱ្យ​មន្ត្រី​គយ​បែងចែក​ពេលវេលា​ធ្វើការ​ផ្សេងៗ​គ្នា​សម្រាប់​ម៉ោង​ទទួលទាន​អាហារ​ថ្ងៃត្រង់​ដើម្បីឱ្យ​ការងារ​នៅតែ​អាច​ដំណើការ​បាន​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​វៀតណាម​បាន​ធ្លាក់ចុះ​ចំនួន ៨,១ ភាគរយ មក​នៅត្រឹម ២,១៧ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំនេះ ដោយសារ​ការរីក​រាល​ដាល​នៃ​វីរុស​កូ​វីដ​-១៩ ។​

​ទាក់ទិន​នឹង​បញ្ហា​នេះដែរ លោក​នូ សុវត្ថិ បន្ថែមថា​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ថៃ និង​ជាមួយ​ប្រទេស​វៀតណាម ការដឹកជញ្ជូន​មិនមាន​ការកើនឡើង​នោះទេ​ដោយសារតែ​ករណី​នៃ​វីរុស​កូ​វីដ​-១៩ ។​

​ទោះយ៉ាងណា លោក​បន្តថា​ជាមួយនឹង​បញ្ហា​ប្រឈម​នេះ ក្រសួង​ក៏​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នានា​ដែលមាន​ដូចជា​ផ្លូវជាតិ​លេខ ៥ ដែល​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ក្នុងការ​ជម្រុញ​ការដឹកជញ្ជូន​ទៅ​និង​មកពី​កម្ពុជា​និង​ថៃ​។​

​លោក​បន្តថា ក្រសួង​ក៏មាន​កិច្ចប្រជុំ​ជាច្រើន​ផងដែរ​ទាក់ទង​នឹង​ច្រកទ្វារព្រំដែន​ស្ទឹង​បត់​ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព​របស់ខ្លួន​។ វា​នឹង​ក្លាយជា​ច្រកព្រំដែន​ថ្មី​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ជំនួស​ឲ្យ​ក្រុង​ប៉ោយប៉ែត​ដែល​ពឹង​ថា​នឹង​បើក​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​។​

​តំណាង​មកពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)  បាន​ថ្លែងថា JICA កំពុង​សិក្សា​លើ​វិស័យ​ដឹក​ជ​ញ្ចូ​ន​របស់​កម្ពុជា​នៅតាម​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត​និង​ក្រុង​បាវិត​ក្នុងកំឡុងពេល​នៃ​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ហើយ​នៅពេល​អនាគត ខ្លួន​នឹងធ្វើ​ការប្រមូលផ្ដុំ​នូវ​បញ្ហា​ប្រឈម​នានា​ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​។​

​ទាក់ទង​នឹង​ច្រក​ស្ទឹង​បត់ JICA ក៏​កំពុងតែ​រៀបចំ​ផែនការ​មូលដ្ឋាន​ផងដែរ​ដើម្បី​ជួយ​ត​ភ្ជាប់​ផ្លូវ​ពី​ព្រំប្រទល់​មក​ផ្លូវជាតិ​លេខ ៥ ដើម្បី​បើក​ច្រកទ្វារ​នេះ​ឱ្យបាន​ឆាប់​។​

​លោក​ថា​៖ «​ជំនួយ​ដំណាក់កាល​ទី ២ ដើម្បី​កែលំអ​វិស័យ​ដឹកជញ្ជូន​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​នៅ​រដូវរំហើយ​នេះ ដែល​ផ្តោត​សំខាន់​លើ​ការកែលំអ​វិស័យ​ដឹកជញ្ជូន​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ព្រំដែន ហើយ​យើង​នឹង​សហការ​ជាមួយ​រដ្ឋាភិបាល​»​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ​បាន​កើនឡើង​ចំនួន ៥,៦ ភាគរយ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំនេះ ដែលមាន​ទំហំ​ទឹកប្រាក់​ចំនួន ៣ ៤៧២ លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ស្ថិតិ​ពី​ក្រសួងពាណិជ្ជកម្ម​ថៃ​៕

​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

 

Related Posts

Previous Article

Bucks lose Giannis but stay alive, Lakers pull level with Rockets

Next Article

Renowned British boxing coach and martial arts legend trains Cambodian coaches