cellcard cellcard

ក្រសួងបរិស្ថានថា ការប្រែប្រួលអាកាសធាតុកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា

ខាន់ ចាន់វីរៈ / Khmer Times Share:
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តី។ ខ្មែរថាមស៍ / ខេម សុវណ្ណារ៉ា

ក្រសួងបរិស្ថានបានបង្ហាញថា ប្រទេសកម្ពុជាបានចុះបញ្ជីគ្រោះមហន្តរាយធម្មជាតិចំនួន ៦ ៩២០ ខុសគ្នាចាប់តាំងពីឆ្នាំ ១៩៩៦ ។

 

និយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោមចំណងជើងថា «ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា» នៅទីស្តីការគណៈរដ្ឋមន្រ្តីកាលពីម្សិលមិញអ្នកនាំពាក្យក្រសួង លោក នេត្រ ភក្ត្រា បាននិយាយថា មិនត្រឹមតែតួលេខដែលបង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែនេះក៏បង្កជាហានិភ័យដល់ពិភពលោកដោយឡើងកំដៅផែនដីននាពេលអនាគត។

 

លោកបាននិយាយថា៖ «ចន្លោះពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០២០ ប្រទេសកម្ពុជាបានជួបគ្រោះទឹកជំនន់ចំនួន ៣ ៦៨១ គ្រោះរាំងស្ងួត ១ ៣៧៥ និងខ្យល់ព្យុះ ១ ៩១៧ ដែលទាំងអស់នេះបានសម្លាប់មនុស្សប្រមាណ ១ ២៩២ នាក់ និងបំផ្លាញផ្ទះចំនួន ១៤ ៧៦១ ខ្នង មន្ទីរពេទ្យ ១ ៨៧៥ ដើមឈើរាប់លានហិកតាបានរលំដែលបំផ្លាញ ដំណាំ និងសាលារៀនចំនួន ១,០០០ កន្លែង» ។

 

 

លោកបន្តថា៖«យើងមិនអាចកំណត់ចំនួនទឹកប្រាក់ និងភាពសោកសៅដែលបានធ្វើឱ្យប្រទេសនេះខាតបង់អស់ជាច្រើនឆ្នាំមកហើយ។ ជាគំនិតខ្លះ នៅក្នុងឆ្នាំ ២០១៣ ទឹកជំនន់តែមួយមុខបានធ្វើឱ្យប្រទេសកម្ពុជាខាតបង់ទឹកប្រាក់ចំនួន ៣៥០ លានដុល្លារអាមេរិក។ ដីស្រែប្រហែល ៣០០ ០០០ ហិកតា និងផ្ទះ ២០០ ០០០ ខ្នងរងការខូចខាតដោយមានអ្នកស្លាប់ចំនួន ១៥០ នាក់»។

 

 

ជាការឆ្លើយតប លោក ភក្ត្រា បាននិយាយថា រដ្ឋាភិបាលបានបង្កើនថវិកាចំនួនបួនដងសម្រាប់ការប្រែប្រួលអាកាសធាតុរហូតដល់ប្រមាណ ៩០០ លានដុល្លារអាមេរិកដែលបានផ្តល់ទៅតាមក្រសួងស្ថាប័នចំនួន ១៤ ដែលធ្វើការជាមួយគ្នាក្រោមគម្រោងបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុដែលគ្រោងនឹងដំណើរការរហូតដល់ឆ្នាំ ២០៣០ ។

 

ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ លោក ហាក់ ម៉ៅ បាននិយាយថា ការប្រែប្រួលអាកាសធាតុបណ្តាលមកពីកត្តាធម្មជាតិ និងមនុស្ស។

 

លោកបាននិយាយថា៖ « ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុបានធ្វើឱ្យទិន្នផលកសិកម្មថយចុះ និងធនធានមានកំណត់ ដែលជាហេតុធ្វើឱ្យថ្លៃម្ហូបអាហារ​ និងទឹកឡើងថ្លៃ »។

 

លោកបាននិយាយថា៖ « នេះក៏បានរួមចំណែកដល់ការធ្វើចំណាកស្រុកដោយបង្ខំដែលបាតុភូតបរិស្ថានដូចជាគ្រោះរាំងស្ងួតបង្កការលំបាកក្នុងការផលិតដំណាំ» ។

 

លោកបាននិយាយបន្ថែមថា៖ « ការចូលរួមចំណែករបស់មនុស្សចំពោះបំរែបំរួលអាកាសធាតុក៏ជះឥទ្ធិពលយ៉ាងខ្លាំងផងដែរ ដែលមិនត្រឹមតែបង្កគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ តែវាក៏បង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចសង្គមផងដែរ »។

 

លោក ម៉ៅ បាននិយាយថា៖ « សកម្មភាពមនុស្សចាប់តាំងពីការងើបឡើងនៃបដិវត្តឧស្សាហកម្មក្នុងទសវត្សឆ្នាំ ១៨០០ បានបណ្តាលឱ្យមានការកើនឡើងនៃការដុតឥន្ធនៈផូស៊ីល»។

 

 

លោកបាននិយាយបន្ថែមថា៖ « នៅចន្លោះទសវត្សឆ្នាំ ១៩៣០ និង ១៩៦០ អ្នកវិទ្យាសាស្ត្របានបង្ហាញថា ការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរដោយសារសកម្មភាពរបស់មនុស្ស ដូច្នេះពិភពលោកត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីការពារភពផែនដី និងខ្លួនយើង» ។

 

 

ប្រធានអនុក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ លោក ស៊ុំ ធី បាននិយាយថា ប្រទេសកម្ពុជាស្ថិតនៅលំដាប់ទី ១៣ ក្នុងសន្ទស្សន៍ហានិភ័យអាកាសធាតុសកលចន្លោះឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១៥ និងទី ៨ នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោកក្នុងឆ្នាំ ២០១៦ នៃប្រទេសដែលងាយរងគ្រោះដោយការប្រែប្រួលអាកាសធាតុបំផុតនៅលើពិភពលោក។

 

លោកបាននិយាយថា៖ « នៅក្នុងប្រទេសកម្ពុជា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសកម្មភាពកសិកម្មដែលពឹងផ្អែកលើទឹកភ្លៀងគឺគួរឱ្យព្រួយបារម្ភ ពីព្រោះជីវភាពបែបនេះគឺងាយរងគ្រោះណាស់» ។

 

លោក​បន្តថា៖«ការបាត់បង់ស្រូវនៅកម្ពុជាគឺ ៧០ ភាគរយដោយសារទឹកជំនន់ និង ២០ ភាគរយដោយសារគ្រោះរាំងស្ងួត»។

 

លោកបាននិយាយថា នៅឆ្នាំ ២០១៩ ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការសិក្សារយៈពេល ២ ឆ្នាំលើផលប៉ះពាល់សក្តានុពលនៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៥០ ។

 

លោក ធី បាននិយាយថា៖ «លទ្ធផលនៃការសិក្សាបានបង្ហាញថា ប្រសិនបើមិនមានការខិតខំប្រឹងប្រែងទេ កំណើនសេដ្ឋកិច្ចនឹងត្រូវកាត់បន្ថយប្រហែល ១០ ភាគរយដោយសារកត្តាមួយចំនួនរួមមានការធ្លាក់ចុះនៃផលិតភាពការងារដោយសារសីតុណ្ហភាពកើនឡើង ការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយសារព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរមួយចំនួន និងការបាត់បង់ទិន្នផលកសិកម្ម» ។

 

ប្រែសម្រួលដោយ សុខ ស្រីលុច

Related Posts

Previous Article

ការស្ទង់មតិរបស់ COMFREL តាមអ៊ីនធឺណេតបានបង្ហាញថា មតិភាគច្រើន គាំទ្រការអនុវត្តច្បាប់ចាប់ខ្លួនមេ ដឹកនាំសហជីបពីបទ «ញុះញង់»។

Next Article

រដ្ឋមន្រ្តីជប៉ុននឹងជំរុញទំនាក់ទំនងក្នុងដំណើរទស្សនកិច្ចនេះ