cellcard cellcard

លោកស្រី ជា សិរី ត្រូវ​បាន​ជ្រើសរើស​ជា​សមាជិក​គណៈកម្មការ​វាយ​តម្លៃ​ដ៏​សំខាន់​នៅ​ឆ្នាំនេះ​

សុខ ចាន់ / Khmer Times Share:
​លោកជំទាវ ជា សិរី ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​។ KT/​ប៉ាន់ រចនា​

​លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​ធនាគារជាតិ​នៃ​កម្ពុជា​ត្រូវបាន​ជ្រើសរើស​ជា​ចៅក្រម​មួយរូប​ក្នុងចំណោម​ចៅក្រម​ទាំង ១៤ នាក់​សម្រាប់​ការប្រកួតប្រជែង​ក្រោម​គំនិត​ផ្តួចផ្តើម G20 TechSprin​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ប្រធាន G20 និង​ធនាគារ​សម្រាប់​ការទូទាត់​អន្តរជាតិ Bank for International Settlements Innovation Hub (BISIH)​។​

​គំនិត​ផ្តួចផ្តើម G20 TechSprint ដែល​បានចាប់ផ្តើម​នៅ​ខែមេសា ឆ្នាំ​២០២០ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​សក្តានុពល​នៃ​បច្ចេកវិទ្យា​ក្នុងការ​ផ្តល់​ដំណោះស្រាយ​ចំពោះ​ការអនុលោម​តាម​បទ​ប្បញ្ញត្តិ​បច្ចេកវិទ្យា (regtech) និង​បញ្ហា​ប្រឈម​នានា​នៃ​ការត្រួតពិនិត្យ​។ កាលពីដើម​សប្តាហ៍​កន្លងទៅ ក្រុម​បេក្ខជន​ដែល​ជាប់​ឈ្មោះ​បន្ទាប់ពី​ការ​ជម្រុះ​ជុំ​ទី​១ ទទួលបាន​ឱកាស​ក្នុងការ​បង្ហាញ​នូវ​ដំណោះស្រាយ​របស់​ពួកគេ​ទៅកាន់​គណៈកម្មការ​វាយតម្លៃ​ឯករាជ្យ និង​ទទួលបាន​មតិយោបល់​នានា មុនពេល​ទទួលបាន​កា​រ​វិនិច្ឆ័យ​ចុងក្រោយ​នៅ​ខែតុលា ឆ្នាំ​២០២០​។​

​លោកស្រី ជា សិរី ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​បាន​ចូលរួម​នៅក្នុង​ក្រុម​ចៅក្រម​ជាមួយ​មិត្តភក្តិ​របស់ខ្ញុំ​ដែល​រួមមាន​លោកស្រី Lesly Goh ជាទី​ប្រឹក្សា​បច្ចេកវិទ្យា​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក និង​ប្រធាន​មន្ត្រី​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នៃ​អាជ្ញាធរ​រូបិយវត្ថុ​សិង្ហ​បុរី (MAS) លោក Sopnendu Mohanty ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ជាក់ស្តែង​ក្រោម​គំនិត​ផ្តួចផ្តើម​នេះ​»​។​

​យោងតាម​សេចក្តីថ្លែងការណ៍​របស់ BISIH បាន​ឲ្យ​ដឹងថា នៅក្នុង​ស្ថានភាព​នៃ​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ គំនិត​ផ្តួចផ្តើម TechSprint របស់​ក្រុម​ប្រទេស G20 បានកត់សម្គាល់​ថា​និយតករ​និង​អ្នកត្រួតពិនិត្យ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​នៅតែ​បន្ត​ធ្វើឱ្យ​ប្រាកដថា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ដំណើរការ​ប្រកបដោយ​ស្ថិរភាព ប្រសិទ្ធភាព និង​បរិ​យាប​ន្ន​។​

​គំនិត​ផ្តួចផ្តើម​នេះ​ក៏​កត់សម្គាល់​ផងដែរ​ថា និយតករ​និង​អ្នកត្រួតពិនិត្យ​ត្រូវមាន​ឧបករណ៍​នានា ដើម្បី​កំណត់​ភាព​ងាយ​រងគ្រោះ និង​ចែករំលែក​ព័ត៌មាន​នៅក្នុង​និង​ក្រៅប្រទេស​ឱ្យបាន​ទាន់ពេលវេលា ហើយក៏​លើកទឹកចិត្ត​ដល់​ក្រុម​បេក្ខជន​ដែល​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ឱ្យ​បង្កើត​ដំណោះស្រាយ​នានា​ដែល​ជួយ​គាំទ្រ​ដល់​ដំណើរការ​នេះ​ផងដែរ​។​

​គំនិត​ផ្តួចផ្តើម​នេះ​បង្ហាញ​ពី​សក្តានុពល​នៃ​បច្ចេកវិទ្យា​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ផ្នែក​ត្រួតពិនិត្យ​និង​និយតកម្ម​ហិរញ្ញវត្ថុ​។ គណៈកម្មការ​វិនិច្ឆ័យ​រួមមាន​អ្នកជំនាញ​ផ្នែក​ឯកជន​និង​សាធារណៈ​ក្នុង​វិស័យ​ទិន្នន័យ​និង​បច្ចេកវិទ្យា​នៃ​វិស័យ​ហិរញ្ញវត្ថុ ខណៈដែល​បេក្ខភាព​ជា​ក្រុមហ៊ុន​ចំនួន ២០​ត្រូវបាន​ជ្រើសរើស ក្នុងចំណោម ១២៨ ក្រុមហ៊ុន មកពី​ប្រទេស​ចំនួន ៣៥​។​

​លោក Fahad Aldossari អភិបាលរង​ទទួលបន្ទុក​ស្រាវជ្រាវ​និង​កិច្ចការ​អន្តរជាតិ​នៃ​អាជ្ញាធរ​រូបិយវត្ថុ​អារ៉ាប់​ប៊ី​សា​អូឌីត (Saudi Arabian Monetary Authority) ថ្លែងថា​ក្រុម​បេក្ខជន​ដែលជា​ប់​ឈ្មោះ​បន្ទាប់ពី​ការ​ជម្រុះ​មានឱកាស​ដើម្បី​កែលម្អ​ដំណោះស្រាយ​មួយ​នឹង​ក្រុម​អ្នកត្រួតពិនិត្យ​និង​និយតកម្ម​។​

​លោក​ថា គំនិត​ផ្ដួចផ្ដើម​ដែលមាន​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ជា​ប្រធាន G20 ជាមួយនឹង BISIH ចាប់យក​សារៈសំខាន់​នៃ​វិធីសាស្ត្រ​បច្ចេកវិទ្យា និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួកគេ​ក្នុងការ​អនុញ្ញាតឱ្យ​អ្នកជំនាញ​ដោះស្រាយ​បញ្ហា រួមទាំង​ការគាំទ្រ​ដល់​ក្រុម​អ្នកត្រួតពិនិត្យ​និង​និយតកម្ម​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩៕

​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

រដ្ឋមន្រ្តីជប៉ុននឹងជំរុញទំនាក់ទំនងក្នុងដំណើរទស្សនកិច្ចនេះ

Next Article

ប្រាក់​កម្ចី​ជាង ២ ពាន់​លាន​ដុល្លារ​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​ចាប់​ពី​ខែ​មីនា​